ក្រុមហ៊ុន Motorola បានប្រកាសពីការផលិតនាឡិកាដៃស៊េរីថ្មីរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនៅទីក្រុងឈីកាហ្គោ ដែលនាឡិកាថ្មីនេះ គឺមានបំពាក់នូវបច្ចេកវិទ្យានិងមុខងារពិសេសៗមួយចំនួនដូចជា មិនជ្រាបទឹក និងអាចវាស់ចង្វាក់បេះដូងបានទៀតផង។ នាឡិកាឆ្លាតវៃស៊េរីថ្មីនេះត្រូវបានគេឲ្យឈ្មោះថា Moto 360 វាមានតម្លៃ 250 ដុល្លារអាមេរិក ហើយលោកអ្នកអាចរកទិញបានក្នុងគេហទំព័រ របស់ Motorola ចាប់ពីថ្ងៃទី 5 កញ្ញានេះ។ បើតាមប្រភពពីគេហទំព័ររបស់ Motorola និង Google Play បានលក់ដាច់អស់ពីស្តុកភ្លាមៗបន្ទាប់ពីការប្រកាសចេញ លក់បានប៉ុន្មានម៉ោងក្រោយប៉ុណ្ណោះ។
លក្ខណៈសម្បត្តិរបស់នាឡិកា Moto 360 នេះមានដូចជា៖ អេក្រង់មូល backlit ទំហំ 1.67 អុីញ (320x290 ភិចសែល) និងមានដង់ស៊ីតេ ភិច ហ្សែល 205px ប្រើបច្ចេកវិទ្យា Corning Gorilla Glass 2 បំពាក់អង្គប្រតិបត្តិ TI OMAP 3 មាន RAM 512MB អង្គចងចាំទំហំ 4GB មានបច្ចេក វិទ្យាមិនចូលទឹក IP67 ដែលធន់នឹងជម្រៅទឹកបាន 1 ម៉ែត្ររយៈពេល 30 នាទី និងមានតម្ងន់ស្រាលត្រឹមតែ 49 ក្រាម។
នាឡិកា Moto 360 នេះអាចភ្ជាប់ជាមួយស្មាតហ្វូន ឬថេប្លេតដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.3 ឡើងទៅ តាម Bluetooth 4.0 LE ហើយជានាឡិកាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Wear របស់ Google មានមុខងារត្រួតពិនិត្យចង្វាក់បេះដូង មុខងារវាស់ ជំហានជើង មុខងារសំឡេងដែលអាចដំណើរការកិច្ចការមួយចំនួនដោយគ្រាន់តែនិយាយពាក្យ “OK Google”។ ក្រុមហ៊ុន Motorola បញ្ជាក់ បន្ថែមថា នាឡិកាស៊េរីថ្មីនេះអាចប្រើបានរយៈពេល 12 ម៉ោងជាមួយកម្រិតថាមពលថ្ម 320mAh អាចសាកថ្មដោយបច្ចេកវិទ្យាឥតខ្សែ Wireless៕