កាលពីថ្ងៃទី 4 ខែកញ្ញានេះ ក្រុមហ៊ុន Nokia បានធ្វើការបង្ហាញចេញនូវស្មាតហ្វូនត្រកូល Lumia ស៊េរីថ្មីចំនួនមួយម៉ូដែលបន្ថែមទៀតហើយ ដើម្បីជាការឆ្លើយតបទៅនឹងតំរូវការដែលកំពុងតែមានការពុះកញ្ច្រោល និងទន្ទឹងរង់ចាំអស់រយះពេលជាយូរមកហើយនោះ។ ស្មាតហ្វូន Nokia Lumia 830 គឺជាសមាជិកថ្មីមួយទៀតដែលដំណើរការដោយប្រព័ន្ធប្រតិបិត្តិការ ថ្មី Windows Phone 8.1អមជាមួយនិងបច្ចេកវិទ្យាថ្មី Lumia Denim ដែលអាចជួយបង្កើននូវល្បឿន និងគុណភាពរបស់ កាមេរ៉ាថតរូបបានយ៉ាងល្អឥតខ្ចោះ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុនបានឲដឹងថា ស្មាតហ្វូនថ្មីនេះ គឺត្រូវបានរចនាឡើងយ៉ាងពិសេស និងមានកំរ៉ាស់ស្តើងបំពាក់ នូវកាមេរ៉ាទំហំ 10 មេហ្កាភិចសែលប្រភេទ PureView និងមានកញ្ចក់កែវម៉ាស៊ីនថតប្រភេទ Zeiss ដោយបានបន្ថែមជាមួយនឹងមុខងារថ្មី OIS រួចជាស្រេច។ លើសពីនេះ វាក៏បានរចនាមកជាមួយនូវស៊ុមអាឡុយមីនីញ៉ូមមព័ទ្ធជុំវិញ និងកញ្ចក់នៅផ្នែកខាងមុខ ហើយនឹងខាងក្រោយគឺផលិតចេញ ពីសារធាតុ Polycarbonate មានភាពរឹងមាំ និងមិនឆ្កូត។ ចំពោះទម្ងន់វា គឺ 150 ក្រាម រីឯកំរ៉ាស់វិញ គឺស្តើងត្រឹមតែ 8.5mm ប៉ុណ្ណោះ។
អ្វីដែលគួឲចាប់អារម្មណ៍នោះ គឺកម្មវិធីដែលមានលើកាមរ៉ា វាពិសេសជាងអ្វីៗដែលយើងបានឃើញ នឹងប្រើប្រាស់ពីមុនមក វាបានបន្ថែមនូវមុខងារថ្មីៗ ដែលផ្តល់អ្នកប្រើប្រាស់អាចធ្វើការថតរូបភាពនៅទីតាំងងងឹត(គ្មានពន្លឺ)បានច្បាស់ក៏ដូចជាមាន Flash ជំនួយរួចជាស្រេចផងដែរ។ នៅលើកាមេរ៉ាថ្មីនេះ ក៏មានបច្ចេកវិទ្យា HDR ជំនួយដល់រូបភាពឲកាន់តែស្អាត នឹងរឹតតែទាក់ទាញសំរាប់អ្នកប្រើប្រាស់ទៀតផង។ ស្មាតហ្វូន Lumia 830 អាចសាកថ្មូតាមបច្ចេកវិទ្យាឥតខ្សែរ Wireless និងមានថ្មទំហំ 2,200mAh ហើយនិងមានអង្គគណនាប្រភេទ Quad-Core។ វានឹងមានវត្តមានៅលើទីផ្សារទូទាំងពិភពលោកនៅក្នុងខែកញ្ញានេះ ហើយក៏សង្ឃឹមដែរថា ស្មាតហ្វូន Nokia Lumia 830 ម៉ូដែលថ្មីនេះ នឹងមានវត្តមាននៅលើទីផ្សារព្រះរាជាណាចក្រកម្ពុជា នៅក្នុងពេលឆាប់ៗនេះផងដែរ។