Microsoft ធ្លាប់បានប្រកាសរួចមកហើយថា ផ្នែកសេវាកម្មនិងផលិតទូរស័ព្ទដៃ Nokia បានក្លាយទៅជាផ្នែកអាជីវកម្មមួយរបស់ Microsoft ។ ស្របពេលជាមួយគ្នានោះ យីហោស្មាតហ្វូន Lumia ក៏បានក្លាយខ្លួនទៅជាសមាជិកថ្មីមួយនៃក្រុមគ្រួសារនៃ Microsoft ដែរ។ ចាប់ពីពេលនោះតរៀងមក, Microsoft បានផ្លាស់ប្តូរជាបណ្តើរៗនៅលើគេហទំព័រពី Nokia ទៅជា Microsoft ។
នៅក្នុងអំឡុងប៉ុន្មានខែខាងមុខនេះ យើងនឹងចាប់ផ្តើមឃើញការប្តូរជាបន្តបន្ទាប់ទៀត តាមមធ្យោបាយផ្សព្វផ្សាយនានា ស្របពេលដែល Microsoft បន្តប្រែក្លាយយីហោ Nokia Lumia ទៅជា Microsoft Lumia ។ ខាងក្រោមនេះគឺជាកិច្ចសម្ភាសន៍រវាងក្រុមការងារប្លុក Conversations ជាមួយនឹងលោកស្រី Tuula Rytila ដែលជានាយករងជាន់ខ្ពស់នៃក្រុមហ៊ុន Microsoft ផ្នែកទូរស័ព្ទដៃ ជុំវិញការផ្លាស់ប្តូរខាងលើ ៖
Conversations: ឥឡូវនេះ យើងកំពុងចាប់ផ្តើមប្រតិបត្តិការផ្លាស់ប្តូរពី Nokia Lumia ទៅជា Microsoft Lumia ។ លោកស្រីអាចបញ្ជាក់បានទេអំពីការផ្លាស់ប្តូរនេះ? តើនឹងមានការផ្លាស់ប្តូរអ្វីខ្លះ?
Tuula: នេះគឺជាពេលវេលាដ៏គួរឲ្យរំភើបរីករាយសម្រាប់ពួកយើង ក៏ដូចជាផលិតផល Lumia ដែរ ។ ដូចយើងបានឃើញរួចមកហើយរយៈពេលពីរឬបីខែកន្លងទៅនេះ យើងបានផ្លាស់ប្តូរឈ្មោះកម្មវិធី (Apps) មួយចំនួនរបស់យើងដើម្បីបញ្ជាក់ឲ្យបានច្បាស់ថាកម្មវិធីទាំងនោះផ្តល់ជូនដោយ Microsoft ។
យ៉ាងណាមិញ គេហទំព័រពិភពលោក និងនៅតាមបណ្តាប្រទេសនានាក៏នឹងឆ្លងកាត់ការផ្លាស់ប្តូរឈ្មោះ ដែរ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ ចំណែកឯឈ្មោះនៅលើទំព័របណ្តាញសង្គមនឹងត្រូវផ្លាស់ប្តូរឈ្មោះទៅជា Microsoft Lumia ។ យើងសូមអញ្ជើញប្រិយមិត្តគាំទ្រ Lumia ទាំងអស់បន្តតាមដានព័ត៌មានអំពីពួកយើងទាក់ទងទៅនឹងផលិតផលថ្មីៗនៅលើទំព័រ Facebook, Twitter និង Instagram ។
ការផ្លាស់ប្តូរនេះក៏នឹងកើតមានចំពោះផលិតផល ការវេចខ្ចប់ ទីកន្លែងលក់ទូរស័ព្ទ ។ល។ ប្រតិបត្តិការ នេះស្របតាមគម្រោងរបស់យើង ហើយយើងរីករាយឥតឧបមាដោយបានពិនិត្យឃើញថា ការដាក់បញ្ចូលអាជីវកម្មទូរស័ព្ទដៃចូលទៅក្នុងក្រុមហ៊ុន Microsoft មានដំណើរការយ៉ាងរលូន ។
Conversations: តើពេលណាទើបយើងបានឃើញផលិតផលដំបូងគេដែលមានឈ្មោះ Microsoft Lumia?
Tuula: ខ្ញុំសូមមិនអត្ថាធិប្បាយលើការប្រកាសផលិតផលអនាគត ប៉ុន្តែអ្វីដែលខ្ញុំអាចបញ្ជាក់បានគឺយើងកំពុងរង់ចាំដល់ពេលដាក់បង្ហាញផលិតផល Microsoft Lumia នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ វាគឺជារបត់ថ្មីមួយ ដែលកាលពីមុនទូរស័ព្ទទាំងអស់ធ្លាប់តែដាក់យីហោ Nokia ហើយបច្ចុប្បន្ន ត្រូវប្តូរទៅជា Microsoft ។
ដោយឡែក បទពិសោធន៍ប្រើប្រាស់នៃ Lumia ដែលអតិថិជនធ្លាប់ស្គាល់ ធ្លាប់ពោលសរសើរ ធ្លាប់ ស្រលាញ់ និងចូលចិត្តនោះ នឹងមិនមានការផ្លាស់ប្តូរទេ ។ លើសពីនេះ ផលិតផល Lumia នឹងផ្តល់នូវនូវសេវាកម្មពី Microsoft កាន់តែប្រសើរឡើង ដូចជា Office, OneDrive, Skype និង Bing ជាដើម ដើម្បីជួយដល់ជីវិតការងារ និងជីវិតឯកជនរបស់អតិថិជន។
Conversations: តើអ្វីទៅជាទស្សនៈវិស័យនៃ Lumia ?
Tuula: Microsoft បានត្រូវបង្កើតឡើងដោយមានទស្សនវិស័យ “កុំព្យូទ័រមាននៅគ្រប់ផ្ទះនិងនៅគ្រប់តុ” ។ យ៉ាងណាមិញ ស្មាតហ្វូន Lumia, Microsoft នឹងផ្តល់នូវ “សក្តានុភាពនៃបច្ចេកវិទ្យាទូរស័ព្ទចល័តដល់ទៅបណ្តាជនគ្រប់រូប” ។ យើងបានផ្តល់ជូនការបង្កើតថ្មីដូចជា មុខងារដ៏ជឿនលឿននៃកាមេរ៉ា, ការសាកថ្មដោយពុំចាំបាច់ដោតខ្សែក្នុងទូរស័ព្ទ, ការច្នៃម៉ូតទូរស័ព្ទនាំមុខគេ ។ល។ ហើយយើងបានបញ្ចូលរបក គំហើយញថ្មីទាំងនេះទៅក្នុងស្រឡាយផលិតផលរបស់យើង ។ ការបង្កើតថ្មីនឹងនៅតែបន្ត។ Microsoft នៅតែបន្តខិតខំនាំយកបទពិសោធន៍ប្រើប្រាស់ Lumia កាន់តែប្រសើរឡើងដើម្បីផ្តល់ដល់បណ្តាជនគ្រប់រូប។
ទន្ទឹមនឹងនេះ Lumia គឺជាសមាជិកមួយនៃគ្រួសារផលិតផលរបស់ Microsoft ដូចជា Xbox, Windows និង Surface រួមជាមួយនឹងសេវាកម្មដ៏ច្រើនទៀតដូចជា Skype, Office និង Bing ។
Conversations: តើនេះបានសេចក្តីថាស្មាតហ្វូន Nokia Lumia ដែលកំពុងចរាចរនៅលើទីផ្សារនាពេល បច្ចុប្បន្ននឹងក្លាយទៅជាវត្ថុបុរាណ តើមែនទេ?
Tuula: មិនមែនដូច្នោះទេ ! Microsoft បន្តលក់ និងផ្តល់ការគាំទ្រដល់ស្មាតហ្វូន Nokia Lumia ដែលកំពុងចរាចរណៅលើទីផ្សារ ។ ឧទាហរណ៍ជាក់ស្តែង កាលពីពេលកន្លងទៅថ្មីៗនេះ យើងបានប្រកាស ចេញលក់ Lumia 830 និង Lumia 730/735 ។ ដូចខ្ញុំបានបញ្ជាក់ពីខាងដើម បទពិសោធន៍ប្រើប្រាស់ Lumia ដែលច្រើនគ្នានិយមចូលចិត្តនោះ ពុំមានអ្វីផ្លាស់ប្តូរទេ ។ យើងនៅតែបន្តអនុវត្តតាមបណ្ណធានា និងសេវាកម្ម Care ដូចសព្វដង ។
Conversations: ទៅថ្ងៃអនាគត តើយើងនៅឃើញមានទូរស័ព្ទ Nokia បន្ថែមទៀតពី Microsoft ដែរឬទេ?
Tuula: ប្រាកដណាស់ ! Microsoft នៅបន្តលក់ផលិតផលដែលមានយីហោ Nokia, ទូរស័ព្ទតម្លៃទាបៗ ដូចជា Nokia 130 ជាសក្ខីភាពស្រាប់ព្រោះយើងទទួលបានសិទ្ធិប្រើប្រាស់យីហោ Nokia ៕