ថ្មីៗនេះក្រុមហ៊ុនបណ្តាញសង្គមយក្សហ្វេសប៊ុកបានប្រកាសចេញកម្មវិធីថ្មី ដែលមានឈ្មោះថា “Hello” សម្រាប់ប្រតិបត្កិការ Android
។ តាមការលើកឡើងពីក្រុមការងាររបស់ហ្វេសប៊ុកបានឲ្យដឹងថា “Hello គឺជាកម្មវីធីថ្មីមួយដែលវិវត្តន៍ចេញពីកម្មវិធី messenger ដោយបានបន្ថែមនៅមុខងារថ្មីៗពិសេសជាច្រើនសម្រាប់ការប្រើប្រាស់ដូចជា អាចឲ្យអ្នកប្រើប្រាស់ហៅទូរស័ព្ទចេញចូល បង្ហាញព័ត៌មានយ៉ាងលម្អិតពីអ្នកដែលបានហៅទូរស័ព្ទចូលមកទោះបីជាឈ្មោះ និងលេខទូរស័ព្ទនោះមិនបានថតនៅក្នុងសៀវភៅទូរស័ព្ទរបស់អ្នកក៏ដោយ”។
Hello ក៏អាចឲ្យអ្នកប្រើប្រាស់ស្វែងរកឈ្មោះ និងព័ត៌មានរបស់នរណាម្នាក់ដោយផ្ទាល់តែម្តងដោយមិនចាំបាច់ចូលទៅកាន់ហ្វេសប៊ុក បិទលេខទូរស័ព្ទមិនឲ្យខលចូល ទាញយកព័ត៌មានថ្មីៗពីក្នុងប្រូហ្វាល់ហ្វេសប៊ុករបស់អ្នកមកបង្ហាញនៅលើវា និងមុខងារពិសេសៗជាច្រើនទៀត។ កម្មវិធី Hello អាចដំណើរការបានលើហ្វេសប៊ុក និង Android គ្រប់ស៊េរីទាំងអស់។
ហ្វេសប៊ុកសង្ឃឹមថាកម្មវិធីរបស់ខ្លួន Hello ថ្មីនេះ នឹងទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្តាញហេ្វសប៊ុកជាមួយនឹងលក្ខណះពិសេសរបស់វា ហើយនៅថ្ងៃខាងមុខក្រុមហ៊ុននឹងធ្វើការរួមច្របាច់បញ្ចូលកម្មវិធីផ្សេងៗពីគ្នាឲ្យទៅជាកម្មវិធីថ្មីតែមួយ និងរិះរកអ្វីដែលថ្មីៗសម្រាប់ផ្តល់ជូនអ្នកប្រើប្រាស់បណ្តាញរបស់ខ្លួននាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត៕
ប្រភពព័ត៌មាន: http://www.phonedog.com/2015/04/22/facebook-hello-wants-become-your-android-phones-new-dialer