បន្ទាប់ Apple លក់ស្មាតហ្វូន iPhone 6 និង 6Plus បានជាង 70 លានគ្រឿងកាលពីត្រីមាសដំបូង បានធ្វើឲ្យក្រុមអ្នកវិភាគទីផ្សារផ្នែកលក់ស្មាតហ្វូនមួយចំនួនបានធ្វើការម៉ាន់ប្រមាណថា Apple នឹងលក់ស្មាតហ្វូន iPhone 6 Series របស់ខ្លួនបានជាង 50 លានគ្រឿងបន្ថែមទៀតសម្រាប់ត្រីមាសទីពីរនេះ។
បើយោងទៅលើក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ UBS Evidence Lab មានម៉ាន់ប្រមាណថា Apple អាចនឹងលក់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនបាន 51.1 លានគ្រឿងក្នុងត្រីមាសទីពីរនេះ ដែលផ្ទុយពីការម៉ាន់ប្រមាណរបស់ Wall Street ដែលបានលើកឡើងថា Apple នឹងលក់ស្មាតហ្វូនរបស់ខ្លួនបានត្រឹមតែ 45 លានគ្រឿងប៉ុណ្ណោះក្នុងត្រីមាសទីពីរ។
UBS បានលើកឡើងបន្ថែមទៀតថា បានជាខ្លួនហ៊ានធ្វើការម៉ាន់ប្រមាណការលក់ស្មាតហ្វូនរបស់ Apple បានជាង 50 លានគ្រឿងដូច្នេះ ក៏ដោយសារតែក្រុមការងាររបស់ខ្លួនបានមើលឃើញថាសម្រាប់ទីផ្សារប្រទេសចិនមានការពេញនិយមខ្លាំងជាមួយនឹងស្មាតហ្វូន iPhone 6 Series ហើយចំនួននៃការលក់មានការកើនឡើងខ្លាំងគួរឲ្យកត់សំគាល់។
ម្យ៉ាងទៀតស្មាតហ្វូនរបស់ Apple អាចយកឈ្នះស្មាតហ្វូនរបស់ក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនដ៏ល្បីមួយក្នុងប្រទេសចិនកាលពីត្រីមាសដំបូងក្នុងឆ្នាំ 2015 នេះ។ មួយវិញទៀតសម្រាប់ទីផ្សារក្នុងបណ្តាប្រទេសនៅទ្វីបអឺរ៉ុបចង្វាក់នៃការចររាចណ៍លក់ស្មាតហ្វូន iPhone 6 Series របស់ Apple ក៏មានការកើនឡើងខ្លាំងក្លាផងដែរ៕
ប្រភពព័ត៌មាន: http://www.phonearena.com/news/Apple-iPhone-sales-estimated-to-top-50-million-units-during-the-second-quarter_id69304