ថ្មីៗនេះមានព័ត៌មានចចាមអារាមលើកឡើងថា ក្រុមហ៊ុន Huawei មានគម្រោងបង្កើតប្រព័ន្ធប្រតិបត្តិការទូរស័ព្ទថ្មីដោយខ្លួនឯងដើម្បីបំពាក់នៅលើផលិតស្មាតហ្វូនជំនាន់ថ្មីៗខ្លួន។ បើយោងទៅលើប្រភពព័ត៌មានដែលបានចុះផ្សាយប៉ុន្មានម៉ោងមុននេះនៅលើបណ្តាញសារព័ត៌មាន reuters បានលើកឡើងថា “Huawei នឹងចាប់ដៃជាមួយនឹង ZTE ក្នុងការបង្កើតប្រព័ន្ធប្រតិបត្តិការទូរស័ព្ទថ្មីៗដោយខ្លួនឯង ហើយគោល បំណងជាចម្បងគឺដើម្បីកាត់បន្ថយការចំនាយ និងពឹងផ្អែកទៅលើប្រតិបត្តិការ Android របស់ Google”។
មួយវិញទៀត Huawei ចង់បានប្រតិបត្តិការស្មាតហ្វូនថ្មីផ្ទាល់ខ្លួនដើម្បីងាយស្រួលក្នុងការបំពាក់នៅលើផលិតស្មាតហ្វូនរបស់ខ្លួនឲ្យសមស្របទៅនឹងផ្នែករឹងរបស់ទូរស័ព្ទ (Hardware) ដែលក្រុមហ៊ុនខ្លួនបានផលិត។ “ប្រសិនបើអ្នកមិនចង់ឲ្យផ្នែករឹងទូរស័ព្ទរបស់អ្នកមានបញ្ហាធ្ងន់ធ្ងរនោះទេ អ្នកត្រូវតែបង្កើតប្រតិបត្តិការទូរស័ព្ទដោយខ្លួនឯង” នេះជាការលើកឡើងរបស់ក្រុមហ៊ុន Huawei។ បន្ថែមទៅលើព័ត៌មានចចាមអារាមទាំងនេះគឺនៅថ្ងៃទី 02 ខែក្រោយនេះក្រុមហ៊ុន Huawei នឹងប្រារព្ធព្រឹត្តិការណ៍មួយនៅទីក្រុង ញ៉ូយ៉ក់ ក្រោមប្រធានបទ “ See What We’re Unlocking Next” ហើយពាក្យចចាមអារាមមួយចំនួនប្រហែលជាត្រូវបានលាតត្រដាងនៅថ្ងៃនោះផងក៏ថាបាន៕