កាលពីពេលថ្មីៗកន្លងទៅនេះក្រុមហ៊ុន LG បានប្រកាសបង្ហាញពីក្តារចុចឥតប្រើខ្សែដែលរមូលបានមុនគេបង្អស់សំរាប់ឧបករណ៍ចល័ត។ ក្តារចុចនេះបត់ទៅតាមបណ្តោយជួរដេកចំនួនបួនដែលក្រុមហ៊ុន LG បានហៅក្តារចុចនេះថា ដំបងងាយស្រួលយកតាមខ្លួន ព្រោះវាតូចល្មមដាក់ក្នុងកាបូប វ៉ាលី ឫក៏ដាក់ក្នុងហោប៉ៅជាដើម។
ក្តារចុច Rolly ត្រូវបានផលិតឡើងពីសារធាតុពិសេសម្យ៉ាងឈ្មោះថា ប៉ូលីកាបូណាត ដែលធន់ទ្រាំ រួមជាមួយប្លាស្ទិច ABS។ ផ្នែកតែមួយគត់ដែលធ្វើអោយក្តារចុចនេះអាចរមូលបានគឺជាឆ្អឹងខ្នងផ្តេករវាងជួរដេកនៃគ្រាប់ចុច។
រីឯការប្រើប្រាស់គឺមានភាពងាយស្រួលបំបំផុតដោយគ្រាន់តែលោកអ្នករមូលក្តារចុចនោះចេញ នោះវានឹងចាប់ផ្តើមផ្គូផ្គងដោយស្វ័យប្រវត្តិតាមរយៈប្លូ៊ធូស 3.0។ វាអាចត្រូវបានគូជាមួយនឹងឧបករណ៍ផ្សេងគ្នាបានរហូតដល់ទៅពីរក្នុងពេលណាមួយ ដោយលោកគ្រាន់តែចុចប៊ូតុងមួយសំរាប់ផ្លាស់ប្តូររវាងឧបករណ៍។ Rolly ប្រើប្រាស់ថ្មប្រភេទ AAA តែមួយកូនដែលអាចផ្តល់ថាមពលប្រើប្រាស់ជាមធ្យមរហូតទៅដល់បីខែ។
ក្រុមហ៊ុន LG នឹងបង្ហាញក្តារចុច Rolly នៅពិព័រណ៍ពាណិជ្ជកម្ម IFA ប្រចាំឆ្នាំដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី 4 ខែកញ្ញា នៅក្នុងទីក្រុងប៊ែកឡាំង។ ក្រុមហ៊ុននេះបាននិយាយថាគេនឹងបង្ហាញតម្លៃរបស់ឧបករណ៍របស់ខ្លួននៅខែក្រោយនេះនៅសហរដ្ឋអាមេរិក។ អ្នកដែលនៅក្នុងទ្វីបអាស៊ី, អាមេរិកឡាទីននិងនៅតំបន់អឺរ៉ុបនឹងឃើញ Rolly មានវត្តមាននៅចុងឆ្នាំនេះ។