ថ្មីនេះៗក្រុមហ៊ុន Asus បានប្រកាសចេញកំពូលស្មាតហ្វូនស៊េរីថ្មីនៅទីផ្សារប្រទេសប្រេស៊ីល។ Asus ZenFone 2 Deluxe គឺជាស្មាតហ្វូនសមាជិកថ្មីចុងក្រោយក្នុងស្រឡាយ Zenfone ដែលត្រូវបានក្រុមហ៊ុនរចនាឡើងដោយភ្ជាប់មកជាមួយនូវម៉េមូរីក្នុងម៉ាស៊ីនទំហំរហូតដល់ទៅ 256 GB ព្រមទាំងមានរន្ធដោតបន្ថែមម៉េមូរីក្រៅបានទំហំ 128 GB ប្រសិនបើលោកអ្នកគិតថាទំហំ 256GB មិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ផ្ទុកទិន្នន័យ។
បើនិយាយពីពិភពស្មាតហ្វូនដែលកំពុងតែចរាចរណ៍លក់លើទីផ្សារនាពេលបច្ចុប្បន្នអាចនិយាយបានថា Asus ZenFone 2 Deluxe គឺជាស្មាតហ្វូនដំបូងគេលើពិភពលោកដែលមានម៉េមូរីក្នុងម៉ាស៊ីនទំហំធំ រួមទាំងអាចដាក់បន្ថែមម៉េមូរីក្រៅបានទៀត។ ចំពោះមុខងារប្រើការទូទៅឃើញថាខ្លាំងផងដែរ។ ZenFone 2 Deluxe ត្រូវបាន Asus បំពាក់នូវអេក្រង់កម្រិត Full HD1080p ទំហំ 5.5 អ៊ីង,ប្រើបន្ទះឈីប Intel Atom Z3580 SoC-64bit, អង្គគណនា Quad-Core 2.5GHz, អង្គក្រាហ្វិក PowerVR G6430, កាមេរ៉ាក្រោយទំហំ 13MP និងមុខ 5.0MP។
ក្រៅពីនេះ Zenfone 2 Deluxe នៅបំពាក់ដោយប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop, ប្រើប្រាស់ប្រព័ន្ធ 4G LTE Cat6 (Dual SIM) ដែលធ្វើឲ្យការប្រើប្រាស់អ៊ីនធើណេតដំណើរការបានលឿន, ភ្ជាប់នូវបច្ចេកវិទ្យាសាកថ្មបានលឿន (Asus Boostmaster fast charging Technology) បូករួមនឹងមុខងារប្រើប្រាស់ទំនើបៗជាច្រើនទៀត។ ZenFone 2 Deluxe នឹងត្រូវចេញលក់លើទីផ្សារប្រទេសប្រេស៊ីលនៅដើមខែកញ្ញាខាងមុខនេះប៉ុន្តែចំពោះតម្លៃរបស់វាវិញមិនទាន់ត្រូវបានក្រុមហ៊ុនបង្ហើបឲ្យដឹងនៅឡើងទេ៕
ប្រភពព័ត៌មាន: http://www.phonearena.com/news/Asus-ZenFone-2-Deluxe-Special-Edition-unveiled-in-Brazil-packed-with-256GB-of-internal-storage_id72936