នៅថ្ងៃទី 02 ខែកញ្ញាខាងមុននេះក្រុមហ៊ុន SONY នឹងធ្វើសន្និសិទ្ធសារព័ត៌មានមួយនៅក្នុងទីក្រុងប៉ែកឡាំង ប្រទេសអាល្លឺម៉ង់ ចំថ្ងៃពិព័ណ៌ផលិតផលបច្ចេកវិទ្យា IFA Trade 2015 ដើម្បីបង្ហាញចេញនូវជំនាន់ស្មាតហ្វូន និងផលិតផលថ្មីៗរបស់ខ្លួន។ ហើយមកទល់នឹងពេលនេះគេក៏មិនទាន់ដឹងច្បាស់ថានឹងមានស្មាតហ្វូនម៉ូដែលណាខ្លះទេដែល SONY នឹងពាំនាំទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍នេះ។
ប៉ុន្តែ គេរំពឹងថា SONY នឹងបញ្ចេញស្មាតហ្វូនស្រឡាយ Xperia Z ជំនាន់ទីប្រាំរបស់ខ្លួន។ ស្របពេលជាមួយគ្នានេះដែរកាលពីម្សិលមិញប្រភពពី @evleaks បានបង្ហាញចេញកាន់តែច្បាស់នូវរូបរាង និងលក្ខណះសម្បត្តិមួយចំនួនរបស់ស្មាតហ្វូនជំនាន់ថ្មី SONY Xperia Z5 ផងដែរ។ ប្រភពដដែលបានលើកឡើងថាស្រឡាយស្មាតហ្វូន Xperia Z ជំនាន់ថ្មីនេះមានបីម៉ូដែលគឺ Xperia Z5, Z5 Compact និង Z5 Premium រឺ Z5 Plus។
បើតាមរូបភាពយើងមើលឃើញថាស្មាតហ្វូនជំនាន់ថ្មីនេះមានតួរផ្នែកខាងក្រោយត្រូវបានផលិតឡើងពីលោហះធាតុដែលមើលទៅមានភាពរឹងមាំ។ @evleaks បានបន្ថែមទៀតថា Xperia Z5 Series នឹងបំពាក់ដោយកាមេរ៉ាខាងក្រោយទំហំ 23 MP 1/2.2" sensor, f/1.8 aperture កែប្រែបន្ថែមនូវមុខងារទប់រំញ័រកំឡុងពេលថតរូប និងវីដេអូ (autofocus and optical image stabilization) និងភ្ជាប់ដោយបច្ចេកវិទ្យាសំគាល់ក្រយ៉ៅដៃ(FingerPrint)។
សម្រាប់ Xperia Z5 Premium រឺ Z5 Plus វិញនឹងបំពាក់អេក្រង់កម្រិត 4K ទំហំ 5.5 អ៊ីង ហើយម៉ូដែលនេះនឹងក្លាយជាកំពូលស្មាតហ្វូនដំបូងគេដែលបំពាក់អេក្រង់ប្រភេទនេះ។ ទាំងអស់នេះគ្រាន់តែជាអ្វីដែល @evleaks បានលើកឡើងតែប៉ុណ្ណោះ ហើយអ្វីៗនឹងបានជ្រាបយ៉ាងជាក់ច្បាស់នៅថ្ងៃទី 02 ខែក្រោយនេះ។ ចឹងមានតែរងចាំតាមដានបន្តទៀតជាមួយ ពិភពអេឡិចត្រូនិក ទាំងអស់គ្នាណា៕