ព័ត៌មានជាច្រើនដែលបានលើកឡើងនាពេលកន្លងមកទាក់ទងនឹងស្មាតហ្វូនអេក្រង់ពីរជាន់ដំបូងលើលោករបស់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង LG Electronics ឥលូវនេះវាបានក្លាយជាការពិតហើយដោយ LG ពិតជាបានផលិតស្មាតហ្វូនមួយនេះពិតប្រាកដមែន។ LG V10 ជាស្មាតហ្វូនដែលមានអេក្រង់ពីរដំបូងគេលើលោកព្រមទាំងបំពាក់ដោយកាមេរ៉ាមុខចំនួនពីរផងដែរ។ ក្រុមហ៊ុន LG នឹងប្រកាសចេញស្មាតហ្វស៊េរីថ្មីមួយនេះជាផ្លូវការណ៍នៅថ្ងៃទី 08 តុលា ខាងមុខនៅប្រទេសកូរ៉េខាងត្បូង។
LG V10 រចនាឡើងយ៉ាងប្រណីតដែលមានទំហំវិមាត្រ 159.6 x 79.3 x 8.6 មម និងទម្ងន់ 192 ក្រាម។ កញ្ចក់អេក្រង់របស់ LG V10 មានពីរស្រទាប់ដែលស្រទាប់ទីមួយមានទំហំពេញ5.7”QHD- 1440 x 2560p និងស្រទាប់ទីពីរស្ថិតនៅផ្នែកខាងលើមានទំហំ 2.1” 160 x 1040p សម្រាប់បង្ហាញរាល់កំនត់ចំណាំផ្សេងៗដូចជា អាកាសធាតុ ថ្ងៃខែ ម៉ោង និងព័ត៌មានថាមពលថ្មជាដើម ហើយពិសេសវាអាចឲ្យអ្នកប្រើប្រាស់ដាក់ Shortcut កម្មវិធីផ្សេងៗដែលចូលចិត្តបានទៀតផង។ អេក្រង់ទីពីរនេះក៏បង្កប់ដោយកាមេរ៉ាមុខទំហំ 5.0MP ចំនួនពីរផងដែរ។
ចំពោះគុណសម្បត្តិសម្រាប់ប្រើការឃើញថាក៏ខ្លាំងដែរដោយសារតែ LG V10 ត្រូវបានក្រុមហ៊ុនបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 808-Six-Core, អង្គចងចាំ 4GB RAM, ម៉េមូរីជាប់ម៉ាស៊ីនទំហំ 64GB, កាមេរ៉ាក្រោយទំហំ 16MP, ថ្មទំហំ 3,000mAh, ដំណើរការដោយ Android 5.1 Lollipop និងភ្ជាប់ដោយបច្ចេកវិទ្យាសំគាល់ក្រយ៉ៅម្រាមដៃ FingerPrint Sensor។ LG នឹងចេញដាក់លក់ស្មាតហ្វូន LG V10 ដំបូងក្នុងទីផ្សារកូរ៉េខាងត្បូងក្រោយថ្ងៃប្រកាសចេញ ហើយនិងបញ្ចេញទៅដាក់លក់នៅលើទីផ្សារជុំវិញពិភពលោកនៅពេលដ៏ខ្លីខាងមុខនេះ។ LG V10 មានតម្លៃប្រកូតប្រជែងក្នុងទីផ្សារស្មាតហ្វូនគឺប្រហែល $680 តែប៉ុណ្ណោះ៕
ប្រភពព័ត៌មាន: http://www.phonearena.com/news/LG-V10-will-be-launched-on-October-8-in-Korea-price-revealed_id74293