ក្នុងសប្តាហ៍នេះក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ថ្នាក់លេខ 1 ពិភពលោក Samsung បានប្រកាសចេញស្មាតហ្វូនស៊េរីថ្មីមួយម៉ូដែលជាផ្លូវការណ៍នៅប្រទេសជប៉ុន។ Samsung Galaxy Active Neo គឺជាស្មាតហ្វូនស៊េរីថ្មីដែលត្រូវបានក្រុមហ៊ុនធ្វើការរចនាឡើងជាថ្មីចេញពីម៉ូដែល Galaxy Xcover3 ឬក៏អាចហៅបានថាជាប្អូនពៅរបស់ Galaxy S6 Active ក៏បាន។
Galaxy Active Neo គឺជាស្រឡាយស្មាតហ្វូនដែលបំពាក់នូវបច្ចេកវិទ្យាការពារជ្រាបទឹក និងធូលីកម្រិតខ្ពស់ប្រភេទ IP67-certified ដែលអាចការពារការធ្លាក់ចូលក្នុងទឹកបានជម្រៅ 1,5 ម៉ែត្រដោយគ្មានបញ្ហាឡើយ។ Galaxy Active Neo បំពាក់ដោយកញ្ចក់អេក្រង់ទំហំ 4.5” (480 x 800p), ប្រើបន្ទះឈីប Qualcomm ប្រភេទ Snapdragon 410-Quad-Core Processor, អង្គចងចាំ 2GB RAM, ម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB និងប្រើប្រាស់ថ្មខ្នាត 2,220 mAh។
ក្រៅពីនេះ Active Neo នៅមានបំពាក់កាមេរ៉ាក្រោយទំហំ 8.0MP និងមុខ 2.0MP, ដំណើរការដោយ Android Lollipop និងប្រើប្រាស់បានជាមួយនឹងប្រព័ន្ធ 4G LTE ផងដែរ។ ក្រុមហ៊ុន Samsung នឹងចាប់ផ្តើមបញ្ចេញដាក់លក់ Galaxy Active Neo នៅក្នុងខែវិច្ឆិកាខាងមុខនេះតាមរយះបណ្តាញចែកចាយលក់បន្ត TT DoCoMo របស់ជប៉ុនកដែលមានតម្លៃជាប់កិច្ចសន្យាប្រមាណ $168។
ហើយរាល់អតិថិជនដែលបានជាវស្មាតហ្វូនស៊េរីថ្មីមួយនេះក្រុមហ៊ុននឹងផ្តល់ជូនការប្រើប្រាស់ប្រព័ន្ធផ្ទុកទិន្នន័យ OneDrive ដែលមានទំហំ 100GB រយះពេល 2 ឆ្នាំដោយឥតគិតថ្លៃ។ ចំនែកទីផ្សារក្នុងបណ្តាប្រទេសផ្សេងៗទៀតក្រៅពីជប៉ុន Samsung មិនទាន់បានកំនត់កាលបរិច្ឆេទក្នុងការនាំចេញស្មាតហ្វូនមួយនេះទៅដាក់លក់នៅឡើយទេ៕
ប្រភពព័ត៌មាន: http://www.phonearena.com/news/The-Galaxy-Active-Neo-is-Samsungs-newest-tough-smartphone_id74343