បន្ទាប់ពីប្រារព្ធព្រឹត្តិការណ៍បង្ហាញចេញស្មាតហ្វូនស៊េរីថ្មី Xiaomi Redmi Note3 និង Xiaom Mi Pad2 កាលពីថ្ងៃទី 24 ខែវិច្ឆិកានេះ នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Xiaomi លោក Lei Jun បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុននឹងប្រលែងចេញស្មាតហ្វូនជំនាន់ថ្មីមួយម៉ូដែលទៀតនៅពេលដ៏ខ្លីខាងមុខគឺ Xiaomi Mi5។ ប៉ុន្តែលោកមិនបានបរិយាយច្រើននោះទេទាក់ទងនឹងម៉ូដែលថ្មីមួយនេះ។ ជាទំលាប់របស់ក្រុមហ៊ុន Xiaomi គឺក្រុមហ៊ុនត្រូវចំនាយពេលពី 12 ទៅ 18 ខែក្នុងការផលិតចេញស្មាតហ្វូនស៊េរីថ្មីទំនើបមួយម៉ូដែល។
បើយោងទៅលើអ្នកវិភាគផ្នែកទីផ្សារមួយរូបគឺលោក Pan Jiutang បានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុន Xiaomi អាចនឹងប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Xiaomi Mi5 នៅរដូវរំហើយនាខែកុម្ភះខាងមុខនេះ។ អ្នកវិភាករូបនេះបានបន្ថែមទៀតថា Xiaomi បាននឹងកំពុងផលិតស្មាតហ្វូនស៊េរីថ្មីចុងក្រោយនេះជាមួយចំនួនដ៏ច្រើនលើសលប់ដើម្បីបំពេញតម្រូវការទីផ្សារនៃអ្នកប្រើប្រាស់។តាមព័ត៌មានលេចលឺចុងក្រោយបានឲ្យដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះនឹងបំពាក់អេក្រង់កម្រិត Full-HD1080p ទំហំ 5.2 អ៊ីង, ប្រើបន្ទះឈីប Snapdragon 820 SoC-Quad Core, អង្គក្រាហ្វិក Adreno 530, មាន RAM ទំហំ 4 GB ដូចនេះស្មាតហ្វូន Xiaomi Mi5 នឹងក្លាយជាកំពូលស្មាតហ្វូនដែលខ្លាំងបំផុតរបស់ក្រុមហ៊ុន ហើយនឹងមានថ្មខ្នាត 3,000 mAh។
ប៉ុន្តែទោះជាយ៉ាងណាមិនទាន់មានព័ត៌មានជាក់លាក់ណាមួយពីក្រុមហ៊ុន Xiaomi ថាតើម៉ូដែលថ្មីនេះនឹងបង្ហាញវត្តមាននៅ FFC សហរដ្ឋអាមេរិកដូច Xiaomi Mi4 រឺក៏យ៉ាងណានោះទេ៕