សហស្ថាបនិកជាន់ខ្ពស់របស់ក្រុមហ៊ុន Microsoft លោក Bill Gates បានប្រកាសពីគម្រោងស្តីពីការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាថាមពលស្អាត “Energy Clean” ដែលនឹងត្រូវចំនាយថវិការាប់ពាន់លានដុល្លារអាមេរិកកាលពីថ្ងៃច័ន្ទនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិនាទីក្រុងប៉ារីសប្រទេសបារាំងនេះបើតាមការចុះផ្សាយពីបណ្តាញព័ត៌មាន reuters។
ប៉ុន្តែទោះជាយ៉ាងណាក៏លោក Bill Gates បានបញ្ជាក់ថា រូបលោកនឹងមិនធ្វើការលើគម្រោងនេះតែម្នាក់ឯងនោះទេ ហើយលោកក៏បានស្នើរដល់បណ្តាប្រទេសមួយចំនួនដូចជាសហរដ្ឋអាមេរិក កាណាដា បារាំង ឥណ្ឌា ឥណ្តូនេស៊ី ន័រវេស អារ៉ាប៊ីសាអូឌីត និងកូរ៉េខាងត្បូងឲ្យបរិច្ចាគថវិការបស់ខ្លួនដើម្បីចូលរួមចំនែកក្នុងគម្រោងការមួយនេះដែលនឹងបង្កើតឡើងក្នុងឆ្នាំ 2020 ខាងមុខនេះ។ ដោយឡែកសម្រាប់រាជរដ្ឋាភិបាលបារាំងវិញបានបញ្ជាក់ថា រាជរដ្ឋាភិបាលខ្លួននឹងបរិច្ចាគថវិកាដើម្បីចូលរួមជាមួយគម្រោងការនេះដើម្បីជ្រំជ្រែងក្នុងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាស្រាវជ្រាវថាមពលស្អាត និងការអភិវឌ្ឍន៍។
ហើយបារាំងក៏នឹងជម្រុញដល់បណ្តាប្រទេសទាំងឡាយនៅជុំវិញពិភពលោកឲ្យបរិច្ចាគថវិការបស់ខ្លួនដើម្បីចូលរួមក្នុងគម្រោងការរបស់លោក Bill Gates ដែលជាមហាសេដ្ឋីដែលមានចិត្តសប្បុរសធម៌រូបនេះផងដែរ។ លោក Bill Gates បានមានប្រសាសន៍បញ្ជាក់បន្ថែមថាគោលបំណងចម្បងក្នុងការផ្តួចផ្តើមគម្រោងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាស្រាវជ្រាវដែលមានឈ្មោះថា “ថាមពលស្អាត” “Energy Clean” នេះគឺនឹងអាចជួយការពារដល់វិនិយោគជនឲ្យជៀសផុតពីគ្រោះហានិភ័យលើមុខជំនួញរបស់ខ្លួន ការលើកទឹកចិត្តដល់ផលិតករ ការច្នៃប្រឌិត ការអភិវឌ្ឍន៍ផ្នែកទីផ្សារ ហើយក៏អាចជួយស្តារដល់សេដ្ឋកិច្ចក្នុងបណ្តាប្រទេសក្រីក្រនៅទូទាំងពិភពលោកបានផងដែរ៕
http://www.engadget.com/2015/11/27/bill-gates-clean-tech-initiative/