ទោះបីជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខបីពិភពលោក ទើបតែបញ្ចេញស្មាតហ្វូន Huawei Mate S នៅថ្ងៃទី 02 ខែសីហា ឆ្នាំ 2015 នេះក៏ដោយ ក៏មើលទៅ Mate S មិនមែនជាកំពូលស្មាតហ្វូន (Flagship) របស់ Huawei ក្នុងឆ្នាំ 2015 នេះឡើយ។ តំណែងកំពូលស្មាតហ្វូនប្រចាំឆ្នាំ 2015 នេះ នឹងធ្លាក់ទៅលើ Huawei Mate 8 ដែលជាអ្នកស្នងដំណែងដ៏ពិតប្រាកដពី Huawei Mate 7 ។ បើតាមព័ត៌មានបែកធ្លាយកន្លងមក Huawei Mate 8 នឹងត្រូវសម្ពោធជាផ្លូវនៅចុងខែវិច្ឆិកា ឆ្នាំ 2015 នេះ ដូច្នេះវាមិនមែនជារឿងចៃដន្យទេ ដែលរូបរាងគ្រប់ជ្រុងជ្រោយទាំងអស់របស់ Mate 8 ត្រូវបានគេបង្ហោះពេសពេញអ៊ីនធើណេតនៅក្នុងប្រទេសចិនក្នុងថ្ងៃនេះ។
ជាទូទៅក្រុមហ៊ុន Huawei ចូលចិត្តផលិតស្មាតហ្វូនធ្វើពីលោហៈធាតុ ដូច្នេះ វាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលតួខ្លួនរបស់ Mate 8 នឹងត្រូវបាន ផលិតពីលោហធាតុនោះ។ មើលទៅ Huawei Mate 8 អាចនឹងមានបីពណ៌គឺពណ៌ប្រផះ ពណ៌មាស និងពណ៌ទង់ដែង។ ប្រភពព័ត៌មាននេះ ក៏មាន បញ្ជាក់ពីទីតាំងរបស់កន្លែងស្គេនម្រាមដៃ ដែលស្ថិតនៅផ្នែកខាងក្រោមកាមេរ៉ា ផ្នែកខាងក្រោយ ចំណែក រន្ធបំពងសំឡេងវិញគឺស្ថិតនៅសងខាងរន្ធ USB នៅផ្នែកខាងក្រោមតែម្ដង។
អេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី Mate 8 គឺមានលក្ខណៈកោងអាចបង្ហាញរូបភាពបាននៅក្នុងកំរិត 2.5D ហើយអេក្រង់ទាំងមូលស្ទើរតែប្រើបានពេញមួយតួខ្លួនតែម្ដង។ អេក្រង់លក្ខណៈបែបនេះ មិនមានអ្វីប្លែកទេសម្រាប់ Mate 8 ប៉ុន្តែអ្វីដែល ពិសេសនោះគឺផ្នែកខាងលើ និងខាងក្រោម គឺសឹងតែគ្មានផ្នែក ណាដែលចន្លោះទុកចោល មិនអាចប្រើបាននោះទេ។ មានន័យថា Mate 8 លេចធ្លោជាងគេ បើនិយាយពីទំហំអេក្រង់អាចប្រើបានធៀបនឹងតួខ្លួនទាំង មូល។
Mate 8 ត្រូវគេដឹងថា បំពាក់ដោយបន្ទះឈីបថ្មីរបស់ Huawei Kirin 950 ប្រភេទ Cortex-A72 Cores មានចំនួនបួនគ្រាប់ និង Cortex-A53 បួនគ្រាប់។ Mate 8 អាចនឹងមានអេក្រង់ 6 អ៊ីញ ហើយកាមេរ៉ាក្រោយ 16MP ឬ 20MP និង Flash ពីរ និងមានកាមេរ៉ាមុខ 8MP ហផយនិងមានអង្គចងចាំ RAM 3GB ឬ 4GB ព្រមទាំងមាន ROM 32GB ឬ 64GB អស្រ័យទៅលើ Version របស់មូ៉ដែលនេះ។ ថ្មរបស់កំពូលស្មាតហ្វូននេះ គឺមានថាមពលទំហំ 4100 mAh និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow រួមជាមួយនឹង Emotion UI របស់ Huawei ផ្ទាល់។