បញ្ហាទូរស័ព្ទឆាប់អស់ថាមពលថ្មជាបញ្ហាចោទដ៏សំខាន់បំផុតសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូននាពេលបច្ចុប្បន្ន បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានខិតខំប្រឹងប្រែងបង្កើនទំហំថាមពលថ្មនៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនយ៉ាងណាក៏ដោយក៏វានូវតែមិនអាចបំពេញតម្រូវការប្រើប្រាស់ជាប្រចាំថ្ងៃបានឡើយ។ ហើយលោកអ្នកក៏ត្រូវទិញឧបករណ៍ផ្ទុកថាមពលថ្ម (Power Bank) ទុកសម្រាប់សាកថាមពលថ្មទូរស័ព្ទរបស់លោកអ្នកដែរ។ចំនែកការប្រើប្រាស់ Power Bank ទៀតសោតក៏បង្កឲ្យមានភាពរញ៉េរញ៉ៃថែមទៀតផង។
ងាកមកក្រុមហ៊ុន Samsung វិញក៏បានបង្កើនថាមពលថ្មកំពូលស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Samsung Galaxy S6 Edge+ និងNote5 ដែលមានទំហំរហូតដល់ 3,000 mAh យ៉ាងណាក្តីក៏នៅតែមិនអាចបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់បានឡើយ។ ប៉ុន្តែ ពេលនេះលោកអ្នកនឹងអស់ក្តីបារម្មណ៍ និងធុញទ្រាន់ក្នុងការសាកបញ្ចូលថាមពលថ្មទូរស័ព្ទ Galaxy S6 Edge+ និង Note5 ញឹកញាប់ ហើយក៏មិនចាំបាច់ប្រើ Power Bank រញ៉េរញ៉ៃទៀតដែរ ព្រោះពេលនេះមានស្រោម (Case) ជំនួយថាមពលថ្មដ៏ពិសេសដែលអាចជួយបង្កើនថាមពលថ្ម Galaxy S6 Edge+ និង Note5 របស់លោកអ្នកកាន់ថាមពលប្រើប្រាស់បានកាន់តែយូររហូតដល់ទៅជាងបីថ្ងៃឯណោះ (សាកម្តង)។ ZeroLemon Battery Case មិនត្រឹមតែជួយការពារទូរស័ព្ទ Galaxy S6 Edge+ និង Note5 របស់លោកអ្នកពីការធ្លាក់ប៉ះទង្គិចផ្សេងៗបានយ៉ាងមានសុវត្ថិភាពខ្ពស់ប៉ុណ្ណោះទេតែវាអាចជួយបង្កើនថាមពលថ្មទូរស័ព្ទប្រើប្រាស់បានកាន់តែយូរទ្វេដង។
ប៉ុន្តែ នៅពេលស្រោប ZeroLemon Battery Case លើទៅទូរស័ព្ទវាអាចនឹងធ្វើឲ្យបាត់សោភ័ណ្ឌភាពទូរស័ព្ទរបស់លោកអ្នកបន្តិចដោយសារតែវាមានកម្រាស់ក្រាស់ 21 មម និងទំងន់ធ្ងន់រហូតដល់ទៅ 218 ក្រាម។ ដោយឡែកសម្រាប់សមត្ថភាពផ្ទុកថាមពលថ្មរបស់ ZeroLemon គឺមានទំហំរហូតដល់ទៅ 8,500 mAh ដែលស្មើរជិតបីដងនៃថាមពលថ្មទូរស័ព្ទ Galaxy S6 Edge+ និង Note5។ មិនត្រឹមតែប៉ុណ្ណោះ ZeroLemon នៅមានរន្ធ USB សម្រាប់សាកថាមពលបន្តទៅឲ្យឧបករណ៍ដទៃទៀតបាន និងមានអំពូលភ្លើង LED សម្រាប់មើលពីស្ថានភាពថាមពលថ្មថែមទៀតផង។ ស្រោម ZeroLemon ទាំងពីរស៊េរីនេះមានដាក់លក់នៅលើបណ្តាញចែកចាយអនឡាញ Amazone.com ហើយ ដែលមានតម្លៃប្រហែល 59.99 ដុល្លារអាមេរិក៕