Android M ឬ Android Marshmallow កំនែប្រែ 6.0 គឺជាប្រតិបត្តិការទូរស័ព្ទចុងក្រោយបំផុតរបស់ Google ដែលបានប្រកាសចេញកាលពីថ្ងៃទី 08 ឧសភា 2015 និងបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការណ៍នៅថ្ងៃទី 17 ខែ កក្តដា 2015 ហើយទូរស័ព្ទដំបូងដែលបំពាក់ប្រតិបត្តិការនេះស្រាប់ចេញពីប្រអប់តែម្តងគឺទូរស័ព្ទពពួក Nexus 2015 មានដូចជា Google Nexus 5X, Huawei Nexus P6…ជាដើម។ ដោយឡែកសម្រាប់កំពូលស្មាតហ្វូនស៊េរីថ្មីដូចជា Samsung Galaxy S6 Series, LG G4, Huawei G7 Plus, Mate S និង Sony Xperia Z5 Series…ជាដើមមិនមានវាសនាដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការថ្មីនេះទេ។
ថ្មីៗនេះក្រុមហ៊ុនទាំងនេះបាននឹងកំពុងតែកែសម្រួលប្រតិបត្តិការមួយនេះឲ្យដំណើរការស្រួលនៅលើស្មាតហ្វូនទាំងអស់របស់ខ្លួនមុននឹងបញ្ចេញដាក់ឲ្យអាប់ដែត។ ហើយថ្មីៗនេះទៀតសោធក្រុមហ៊ុន SONY ក៏បានប្រកាសផងដែរថា ក្រុមហ៊ុនខ្លួនបានបញ្ចេញកំនែប្រែអាប់ដែតប្រតិបត្តិការ Android Marshmallow នេះហើយ ហើយវាអាចដំណើរការបានជាមួយ Sony Xperia Z5 តែប៉ុណ្ណោះខណះពេលនេះ។ ដែលអ្នកប្រើប្រាស់អាចទាញយកកំនែប្រែ Android Marshmallow 6.0 នេះបានដោយផ្ទាល់តាមរយះទូរស័ព្ទដៃតែម្តង។ ដោយឡែកសម្រាប់ស្មាតហ្វូន Sony Xperia Z5 Compact និង Z5 Premium នឹងដាក់ឲ្យអាប់ដែតនៅពេលដ៏ខ្លីខាងមុខនេះផងដែរ។ សម្រាប់ទីផ្សារដំបូងដែលទទួលបានកំនែប្រែអាប់ដែតនេះគឺមានតែទីផ្សារប្រទេសតួគីប៉ុណ្ណោះ ហើយសម្រាប់ទីផ្សារបណ្តាប្រទេសផ្សេងទៀតនៅជុំវិញពិភពលោកនឹងដាក់ឲ្យអាប់ដែតនៅពេលក្រោយ។
SONY ក៏បានបញ្ជាក់បន្ថែមទៀតថា សម្រាប់ស្មាតហ្វូនមួយចំនួនទៀតរបស់ក្រុមហ៊ុនដូចជា Sony Xperia M4 Aqua, Z3, Z3 Compact ក៏នឹងទទួលបានកំនែប្រែអាប់ដែត Android Marshmallow 6.0 នេះដែរនៅពេលក្រោយដោយនៅពេលនេះក្រុមហ៊ុនកំពុងតែយកចិត្តទុកដាក់លើបញ្ហាមួយនេះ។ នេះជាដំណឹងល្អមួយសម្រាប់អ្នកដែលកំពុងប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនរបស់ SONY ដែលចង់វិវឌ្ឍន៍ទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនឲ្យកាន់តែមានភាពទាន់សម័យសម្រាប់ការប្រើប្រាស់ជាមួយប្រតិបត្តិការ Android ជំនាន់ថ្មីចុងក្រោយនេះ៕
http://www.gsmarena.com/android_60_marshmallow_now_seeding_on_sony_xperia_z5-news-16464.php