ផលិតផលទូរស័ព្ទស្មាតហ្វូនដែលដំណើរការដោយប្រតិបត្តិការណ៍ Windows 10 របស់ក្រុមហ៊ុន Software យក្ស Microsoft ហាក់មិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងសោះពីសំណាក់អ្នកប្រើប្រាស់។ បើទោះបីជាក្រុមហ៊ុនមួយនេះបានខិតខំប្រឹងប្រែងផលិត និងបង្ហាញចេញកំពូលស្មាតហ្វូនដែលប្រើប្រតិបត្តិការ Windows ជំនាន់ចុងក្រោយយ៉ាងក្តី។ កំពូលស្មាតហ្វូនដំណើរការដោយ Windows 10 ដំបូងគឺ Microsoft Lumia 950 & 950 XL ដែលបានប្រកាសចេញកាលពីកំឡុងខែតុលាឆ្នាំទៅហាក់មិនសូវទទួលបានទីផ្សារល្អសោះខុសពីបណ្តាស្មាតហ្វូនដទៃទោះបីជាពួកវាមានលក្ខណះសម្បត្តិពិសេសៗប្លែកគេយ៉ាងណាក៏ដោយ។
ហើយថ្មីៗនេះក៏មានលេចចេញព័ត៌មានដែលថា ក្រុមហ៊ុន Microsoft ដែលមានទីស្នាក់ការធំនៅសហរដ្ឋអាមេរិកបានប្រកាសដាក់ប្រូម៉ូសិនពិសេសមិនធ្លាប់មានគឺរាល់ការជាវស្មាតហ្វូន Lumia 950XL មួយគ្រឿងនឹងទទួលបាន Lumia 950 មួយគ្រឿងដោយឥតគិតថ្លៃទៀតផង ដែលប្រូម៉ូសិននេះធ្វើឡើងសម្រាប់តែបណ្តារដ្ឋមួយចំនួននៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី Microsoft ក៏មិនមានគម្រោងក្នុងការបោះបង់ចោលអាជីពកម្មមួយនេះនោះទេ ហើយក្រុមហ៊ុននៅតែប្តេជ្ញាចិត្តប្រលូកក្នុងទីផ្សារមួយនេះតទៅទៀតដោយឥតរុញរាឡើយ។
បើតាមប្រសាសន៍របស់លោក Terry Myerson នាយករងផ្នែកប្រតិបត្តិការ Windows និងឧបករណ៍ចល័តរបស់ Microsoft ដែលកំពុងបម្រើ ការនៅមជ្ឈមណ្ឌលកណ្តាលប្រតិបត្តិការ Windows (Windows Central) បានឲ្យដឹងតាមរយះសារអេឡិចត្រូនិកថ្មីៗនេះថា Microsoft កំពុងតែស្វែងរកដៃគូប្រតិបត្តិការថ្មីដើម្បីប្តេជ្ញាចាប់ដៃសហការគ្នាបន្តផលិតស្មាតហ្វូនដែលដំណើរការដោយប្រតិបត្តិការ Windows 10 ក្នុងរយះពេលច្រើនឆ្នាំទៅមុខទៀត។ ហើយក្រុមហ៊ុន OEM (Original Equipment Manufacturer) ដែលដៃគូសហការដ៏សំខាន់របស់ Microsoft បានឲ្យដឹងបន្ថែមទៀតថា “ទូរស័ព្ទស្មាតហ្វូន Windows 10 ជំនាន់ក្រោយដែលក្រុមហ៊ុននឹងផលិតឡើងអាចនឹងមានទំហំអេក្រង់តូចជាងមុន ហើយក្រុមហ៊ុន Microsoft ផ្ទាល់បានកំពុងធ្វើការលើកគម្រោងការផលិតពួកវាហើយ។ សម្រាប់ក្រុមហ៊ុន Microsoft ផ្ទាល់មិនទាន់បានបញ្ជាក់អ្វីច្រើននោះទេ ដោយគ្រាន់តែលើកឡើងយ៉ាងខ្លីថា Microsoft មិនបោះបង់ជំនូញមួយនេះឡើយ ហើយលោកអ្នកនឹងបានឃើញទូរស័ព្ទស្មាតហ្វូន Windows 10 ជំនាន់ថ្មីនៅពេលឆាប់ៗនេះ។ ដូចនេះយើងចាំមើលថាតើ Microsoft អាចមានយុទ្ធសាស្ត្រអ្វីថ្មីដើម្បីបញ្ចុះបញ្ចូលសូត្រមន្តបន្ទន់ចិត្តអ្នកប្រើប្រាស់ឲ្យងាកមកចាប់អារម្មរណ៍ប្រើទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន ហើយនិងផ្តួលដៃគូប្រគូតក្នុងទីផ្សារស្មាតហ្វូនដ៏ក្តៅគគុកមួយនេះបាន?