ទីក្រុងសេអ៊ូល 28-មេសា-2016: ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោករបស់កូរ៉េខាងត្បូង LG Electronics Inc បានប្រកាសពីរបាយការណ៍ប្រាក់ចំនូលប្រចាំត្រីមាសទីមួយក្នុងឆ្នាំ 2016 នេះថាមានការកើនឡើងគួរឲ្យកត់សំគាល់បើប្រៀបធៀបនឹងត្រីមាសទីមួយក្នុងឆ្នាំ 2015។ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ LG បានបញ្ជាក់ឲ្យដឹងថាប្រាក់ចំនូលក្នុងត្រីមាសទីមួយឆ្នាំនេះមានចំនួនប្រមាណ 505,2 ពាន់លានវ៉ុនដែលស្មើរនឹងប្រមាណ 420.25 លានដុល្លារអាមេរិក ពោលគឺកើនឡើងរហូតដល់ទៅ 65.5% បើធៀបនឹងរយះពេលដូចគ្នានាឆ្នាំកន្លងទៅ។
ប្រាក់ចំនូលសរុបពីការលក់នាឆ្នាំ 2015 មានចំនួនប្រមាណ 13,63 ពាន់ពាន់លានវ៉ុនស្មើរនឹង 11.12 ពាន់លានដុល្លារអាមេរិក។ LG បានឲ្យដឹងទៀតថាចំនូលពីការលក់រាល់ផលិតថ្មីៗរបស់ក្រុមហ៊ុនមានការកើនឡើងខ្លាំងនៅដើមឆ្នាំ 2016 នេះ។ ក្នុងនោះចំនូលពីការលក់គ្រឿងបរិក្ខាសម្រាប់ប្រើប្រាស់ក្នុងផ្ទះដូចជាទូរទឹកកក, ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក, ម៉ាស៊ីនចម្រុះទឹកស្អាត…ជាដើមមានសន្ទុះខ្លាំងជាងគេដែលធ្វើឲ្យក្រុមហ៊ុនទទួលបានប្រាក់ចំនូលរុបប្រមាណ 407.8 ពាន់លានវ៉ុនស្មើរនឹង 339.23 លានដុល្លារអាមេរិក។
ដោយឡែកសម្រាប់ប្រតិបត្តិការលក់ទូរទស្សន៍ស្មាតធីវីស៊េរីថ្មី 2016 ប្រភេទ Ultra-HD OLED, Premium OLED & 4K OLED វិញក៏មានការកើនឡើងដែរគឺទទួលបានប្រាក់ចំនូល 335.2 ពាន់លានវ៉ុនស្មើរនឹង 278.84 ដុល្លារអាមេរិកកើនឡើង 7.7 % និងបានធ្វើឲ្យប្រតិបត្តិការនៃការលក់លើទីផ្សារសរុបកើនឡើងរហូតដល់ទៅ 207% ពីមួយត្រីមាសទៅមួយត្រីមាស។ ចំពោះប្រតិបត្តិការនៃលក់ទូរស័ព្ទស្មាតហ្វូនកាលពីឆ្នាំ 2015 គឺមានការធ្លាក់ចុះដែលធ្វើឲ្យក្រុមហ៊ុនបាត់ប្រាក់ចំនូលរហូតដល់ទៅ 202.2 ពាន់លានវ៉ុនស្មើរនឹង 168.20 លានដុល្លារអាមេរិក។ ប៉ុ
ន្តែសម្រាប់ឆ្នាំ 2016 នេះក្រុមហ៊ុនសង្ឃឹមយ៉ាងមុតមាំថានឹងធ្វើឲ្យប្រាក់ចំនូលពីការលក់ផលិតស្មាតហ្វូនរបស់ខ្លួននឹងកើនឡើងដូចផលិតដទៃរបស់ក្រុមហ៊ុនដែរ ដោយក្រុមហ៊ុនជឿជាក់យ៉ាងខ្លាំងទៅលើកំពូលស្មាតហ្វូនជំនាន់ទី 5 LG G5 ដែលជាអាវុធដ៏មុតស្រួចក្នុងការទាញយកប្រាក់ចំនូលមកវិញ។ LG បានរំពឹងទុកថា ប្រាក់ចំនូលរបស់ក្រុមហ៊ុននឹងកើនឡើងកាន់តែខ្លាំងនៅត្រីមាសក្រោយៗទៀត ហើយក្រុមហ៊ុននឹងពង្រឹងយុទ្ធសាស្ត្រទីផ្សារប្រតិបត្តិការលក់ឲ្យកាន់តែខ្លាំងជាងមុនបន្ថែមទៀតជាមួយផលិតផលថ្មីៗទំនើបៗជំនាន់ក្រោយៗរបស់ខ្លួន៕