Nokia is back! គឺជាពាក្យមួយឃ្លា ដែលត្រូវបានប្រកាសជាផ្លូវការនៃការត្រឡប់មកវិញនូវម៉ាកសញ្ញារបស់ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីមួយគឺ NOKIA បន្ទាប់ពីមានភាពស្ងប់ស្ងាត់អស់មួយរយះពេលយ៉ាងយូរកន្លងទៅ។ ហើយការត្រឡប់មកវិញជាថ្មីនេះ ក្រុមហ៊ុន Nokia បាននាំមកជាមួយនូវគម្រោងក្នុងការកសាងកេរិ៍្តឈ្មោះរបស់ខ្លួនមកវិញ ជាមួយនឹងការប្រកួតប្រជែងក្នុងទីផ្សារទូរស័ព្ទទាំងស្មាងហ្វូននឹងថែបប្លេត ក៏ដូចជាត្រឡប់មកឆ្លើយនូវសំនួររបស់លោកអ្នកផងដែរដែលបានសួរថា តើស្មាតហ្វូនរបស់ Nokia នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការអ្វី? ជាការពិតណាស់ទូរស័ព្ទស្មាតហ្វូនក៏ដូចជាថែបប្លេតរបស់ Nokia នឹងត្រូវបំពាក់ឲ្យដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android។
មួយវិញទៀត ចំពោះការផ្លាស់ប្តូរនេះ ក៏នឹងរួមបញ្ចូលនូវការបង្ហាញពីព័ត៌មានមួយចំនួនរបស់ក្រុមហ៊ុនជាដៃគូរថ្មីមួយរបស់ Nokia គឺ HMD global Oy ដែលជាក្រុមហ៊ុនដ៏ធំផ្នែកបច្ចេកវិទ្យាថ្មីមួយនៅក្នុងប្រទេស ហ្វាំងឡ៉ង់ ដែលមានលោក Arto Nummela ជានាយកប្រតិបត្តិផ្ទាល់តែម្តង ហើយគាត់ក៏ធ្លាប់ជានាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Nokia ពីមុនមកផងដែរ ហើយក្រុមហ៊ុន Nokia នឹងបន្តសហកាជាមួយនឹង HMD ក្នុងការបង្ហាញនូវភាពជឿជាក់របស់អតិថិជនដោយឈរលើពាក្យស្លោក “គ្រប់ផលិតផលម៉ាកសញ្ញា Nokia ទាំងអស់នឹងបំពេញតាមការរំពឹងទុករបស់អតិថិជនរបស់ខ្លួនដែលតែងតែគាំទ្រម៉ាកសញ្ញារបស់ NOKIA រួមបញ្ចូលទាំងគុណភាព ការរចនានិងផ្តោតសំខាន់ទៅលើតម្រូវការរបស់អ្នកប្រើប្រាស់ “ ។
ជាងនេះទៅទៀត ក្រុមហ៊ុន HDM នឹងធ្វើការបណ្តាក់ទុនចំនួន 500 លានដុល្លារសហរដ្ឋអាមេរិច សម្រាប់គម្រោងការបីឆ្នាំបន្ទាប់នៅក្នុងទីផ្សារពិភពលោក ដើម្បីធ្វើឲ្យម៉ាកសញ្ញា NOKIA មានប្រជាប្រិយភាពឡើងវិញ បន្ទាប់ពីមានភាពអសកម្មអស់រយះពេលមួយឆ្នាំជាងកន្លងទៅ។ ដូចដែលក្រុមហ៊ុន Nokia បានធ្វើការប្រកាសថា “ នៅមានការងារជាច្រើនទៀត ដែល HMD ត្រូវបន្តធ្វើ ដូច្នេះ សូមឲ្យអតិថិជនរង់ចាំមួយរយះបន្ថែមទៀត ទៅមើលអ្វីដែលរលកក្រោយនៃទូរស័ព្ទ Nokia និង Tablet មានលក្ខណះទាក់ទាញកម្រិតណា" ។