បច្ចុប្បន្នបើយើងនិយាយពីទូរស័ព្ទស៊េរី iPhone របស់ Apple គឺមានចំនួន 10 ស៊េរីមកហើយដែលកំពុងចរាចរណ៍លើទីផ្សារ។ ហើយទូរស័ព្ទ iPhone ទាំង 10 ស៊េរីនោះគឺសុទ្ធតែបំពាក់ដោយកញ្ចក់អេក្រង់ពពួក LCD ទាំងអស់។ ដោយឡែកសម្រាប់ឆ្នាំ 2017 ក្រុមហ៊ុន Apple នឹងធ្វើការផ្លាស់ប្តូរកញ្ចក់អេក្រង់សម្រាប់ផលិតស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួនដោយងាកមកប្រើកញ្ចក់អេក្រង់ប្រភេទ OLED ជំនូស LCD វិញ។ មានក្រុមហ៊ុនផ្គត់ផ្គង់កញ្ចក់អេក្រង់អោយ Apple ចំនួនបីមាន Samsung, LG និងFoxconn (Sharp) ដែលជាក្រុមហ៊ុនទទួលផលិត iOS Devices អោយ Apple ផ្ទាល់បានប្រកាសថា “ក្រុមហ៊ុនរបស់ពួកខ្លួនបានត្រៀមចំនាយប្រាក់វិនិយោគលើការផលិតបច្ចេកវិទ្យាកញ្ចក់អេក្រង់ OLED នេះរួចរាល់ហើយសម្រាប់ផ្គត់ផ្គង់ដល់ Apple។
មូលហេតុដែល Apple ចង់ផ្លាស់ប្តូរមកប្រើកញ្ចក់អេក្រង់ប្រភេទ OLED វិញដោយសារតែអេក្រង់ប្រភេទនេះមានតម្លៃធូរថ្លៃ គុណភាពបង្ហាញរូបភាពបានល្អ មានកម្រាស់ស្តើងអាចជួយធ្វើឲ្យទូរស័ព្ទ iPhone កាន់តែមានកម្រាស់ស្តើង ស៊ីថាមពលថ្មតិចជួយបង្កើនសមត្ថភាពថ្មប្រើប្រាស់បានកាន់តែយូរ មិនសូវមានចំណាំផ្លាតពីពន្លឺថ្ងៃ និងមិនទាមទារប្រើមុនងារ Back Light ដូចពពួកកញ្ចក់អេក្រង់ LCD។ ក្នុងត្រីមាសទីមួយឆ្នាំនេះក្រុមហ៊ុន Apple បានចំនាយទឹកប្រាក់ប្រមាណ 700 លានដុល្លារអាមេរិកដើម្បីទិញវត្ថុធាតុដើមសម្រាប់ផលិតផលិតផល iOS Devices របស់ខ្លួន ហើយការចំនាយនេះមានការកើនឡើងរហូតដល់ទៅ 180 លានដុល្លារអាមេរិកបើធៀបនឹងកំឡុងពេលដូចគ្នាកាលពីឆ្នាំទៅ។ ហើយមូលហេតុដែលការចំនាយលើវត្ថុធាតុដើមមានការកើនឡើងដូចនេះក៏ព្រោះតែ Apple បានពង្រីកទំហំកញ្ចក់អេក្រង់ទូរស័ព្ទស្មាតហ្វូន iPhone របស់ខ្លួនពី 4.5” មក 4.7” និង 5.5” ដែលបានបំពាក់នៅលើ iPhone 6 ទាំងពីរជំនាន់។
iPhone 6/6s បំពាក់ដោយកញ្ចក់អេក្រង់ប្រភេទ IPS LCD ទំហំ 4.7” ដែលមានទំហំរីសូលូហ្ស៊ីន 750 x 1334px ជាមួយកម្រិតដង់ស៊ីតេភាពច្បាស់ 326ppi និង iPhone 6Plus /6s Plus មានទំហំកញ្ចក់អេក្រង់ 5.5” មានទំហំរីសូលូហ្ស៊ីន 1080x1920px ជាមួយកម្រិតដង់ស៊ីតេភាពច្បាស់ 401ppi។ យើងរំពឹងទុកជាមុនថា នៅឆ្នាំក្រោយយើងទាំងអស់គ្នានឹងបានឃើញការផ្លាស់ប្តូរមួយកាន់តែអស្ចារ្យសម្រាប់ទូរស័ព្ទ iPhone ជំនាន់ថ្មី (iPhone 8 Series) ជាមួយបច្ចេកវិទ្យាកញ្ចក់អេក្រង់ OLED ដ៏ទំនើប។ ដោយឡែកសម្រាប់ទូរស័ព្ទស្មាតហ្វូន iPhone ជំនាន់ទី 7 “iPhone 7 Series” ដែលយើងទាំងអស់គ្នារំពឹងទុកថាវានឹងបង្ហាញវត្តមាននៅខែកញ្ញាឆ្នាំនេះប្រហែលជាមិនមានវាសនាប្រើប្រាស់កញ្ចក់អេក្រង់ OLED នេះទេ ដោយសារតែគម្រោងនេះនឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយ 2017 ឯណោះ៕