ទូរស័ព្ទស្មាតហ្វូនដែលមានកាមេរ៉ាថតរូបភ្លោះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់នៃអ្នកប្រើប្រាស់។ ហើយទូរស័ព្ទដំបូងគេបំផុតដែលមានកាមេរ៉ាភ្លោះគឺ LG G5 និងក្រោយមកមាន Huawei P9 ដែលទើបប្រកាសចេញកាលពីពេលថ្មីៗនេះ។ ទន្ទឹងនេះក៏មានព័ត៌មានលេចលឺកន្លងមកថា Apple ក៏អាចនឹងបំពាក់កាមេរ៉ាភ្លោះលើ iPhone 7 របស់ខ្លួនដែលត្រៀមប្រកាសចេញនៅខែកញ្ញាខាងមុខនេះផងដែរ តែនេះគ្រាន់តែជាពាក្យចចាមអារាមលឺតៗគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែអ្វីៗនឹងត្រូវបកស្រាយនៅពេល Apple បង្ហាញចេញកំពូលទូរស័ព្ទស្មាតហ្វូនជំនាន់ទី7 របស់ខ្លួនជាផ្លូវការណ៍។
ប៉ុណ្នឹងសិនចោះ…! ឥលូវសូមងាកមកចាប់អារម្មណ៍ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនធំៗចំនួនបីរបស់ប្រទេសចិនវិញដែលកំពុងត្រៀមខ្លួនប្រឡូកក្នុងទីផ្សារទូរស័ព្ទស្មាតហ្វូនដែលបំពាក់កាមេរ៉ាភ្លោះហ្នឹងគេដែរគឺ Xioami, LeEco និង Oppo។ យោងតាមរបាយការណ៍របស់បណ្តាញព័ត៌មាន “Korea Herald” បានចុះផ្សាយឲ្យដឹងថា ក្រុមហ៊ុនសម្ព័ន្ធរបស់ Samsung ដែលមានឈ្មោះថា Samsung Electro Mechanics គឺជាអ្នកទទួលលើការផលិត និងផ្គត់ផ្គង់ម៉ូឌុលកាមេរ៉ាភ្លោះទៅឲ្យ Xiaomin, LeEco និង Oppo ដែលនឹងចាប់ផ្តើមផលិតនៅខែក្រោយនេះ។
Samsung Electro Mechanics គឺជាអ្នកផលិត និងផ្គត់ផ្គង់ប្រភេទកាមេរ៉ា “Single Camera Modules” ទៅឲ្យក្រុមហ៊ុន Xioami បំពាក់លើផលិតផលស្មាតហ្វូនរបស់ខ្លួនផងដែរនាពេលកន្លងមក ហើយពេលនេះ Xioami ក៏គ្រោងបំពាក់កាមេរ៉ាភ្លោះដែលផលិតដោយ Samsung Electro Mechanics នៅលើស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Mi5s ដែលត្រៀមបង្ហាញចេញនៅពេលឆាប់ៗនេះផងដែរ។ ការឈរលើជំនួញថ្មីរបស់ Samsung ជាមួយនឹងបុត្រសម្ព័ន្ធ Samsung Electro Mechanics កាលពីឆ្នាំទៅមិនសូវទទួលបានជោគជ័យឡើយ ដោយឡែកសម្រាប់ឆ្នាំនេះ Samsung មានក្តីរំពឹងយ៉ាងមុតមាំថានឹងទទួលបានជោគជ័យខ្លាំងក្នុងទីផ្សារហើយនឹងបង្កើនប្រាក់ចំនូលឲ្យបានកាន់តែខ្ពស់ជាងឆ្នាំទៅ ព្រោះបច្ចុប្បន្នគឺជាយុគះថ្មីនៃទូរស័ព្ទស្មាតហ្វូនកាមេរ៉ាភ្លោះ។
ហើយនៅពាក់កណ្តាលឆមាសទីពីរឆ្នាំនេះប្រិយមិត្តនឹងបានឃើញទូរស័ព្ទស្មាតហ្វូនជំនាន់ក្រោយរបស់ Xioami, LeEco និង Oppo ដែលមានបំពាក់កាមេរ៉ាភ្លោះបង្ហាញខ្លួននៅលើទីផ្សារជាក់ជាមិនខានឡើយ៕