កាលពីសប្តាហ៍ទីមួយក្នុងខែឧសភា Xiaomi បានប្រកាសចេញកំពូលទូរស័ព្ទប្រភេទហ្វាប់ប្លែតស៊េរីថ្មីរបស់ខ្លួនម៉ូដែល Mi Max ដែលជាកំពូលហ្វាប់ប្លែតបំពាក់ដោយកញ្ចក់អេក្រង់ធំបំផុតរហូតដល់ទៅ 6.44” ឯណោះ។ គ្រាន់តែប្រកាសចេញ និងដាក់លក់តាមបែបបញ្ជាទិញនៅក្នុងវ៉ិបសាយរបស់ក្រុមហ៊ុនដំបូងមានអតិថិជនចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងកំពូលហ្វាប់ប្លែតអេក្រង់ដ៏មហិមាមួយនេះ ហើយក៏មានអ្នកចុះឈ្មោះកុម្ម៉ង់ទិញរហូតដល់ទៅជាង 8 លានអ្នកឯណោះ។ បើគិតមកទល់នឹងពេលនេះ Mi Max បានចេញចរាចរណ៍លក់លើទីផ្សារទាំងក្នុងតំបន់ និងទូទាំងពិភពលោកបានរយះពេលជាង 2 ខែមកហើយ។
ហើយយោងទៅលើរបាយការណ៍របស់ក្រុមអ្នកវិភាគទីផ្សារទូរស័ព្ទក្នុងប្រភេទចិនដែលបានធ្វើសម្រង់តួរលេខនៃការលក់ក្នុងរយះពេល 2 ខែមកនេះបានឲ្យដឹងថា “ Xiaomi Mi Max ពិតជាទទួលបានទីផ្សារល្អមែនទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុកដោយត្រឹមតែរយះពេល 2 ខែសោះចំនួននៃការលក់គឺមានចំនួនរហូតដល់ទៅ 1.5 លានគ្រឿងហើយ។ ក្នុងរបាយការណ៍នោះក៏បានឲ្យដឹងបន្ថែមថា បើធៀបនឹងការលក់ពេញមួយឆ្នាំក្នុងឆ្នាំ 2015 ចំនួននៃការលក់ទូរស័ព្ទស្មាតហ្វូនក្នុងមួយម៉ូដែលរបស់ Xiaomi គឺលក់បានតែចំនួនប្រមាណ 300,000 គ្រឿងប៉ុណ្ណោះ។ ប៉ុន្តែឆ្នាំ 2016 នេះជាមួយ Mi Max គឺពិតជាធ្វើការបានល្អឥតខ្ជោះមែនក្នុងទីផ្សារ។ នាយកប្រតិបត្តិការជាន់ខ្ពស់របស់ Xiaomi លោក Lei Jun បានបង្ហាញពីមោទនះភាព និងភាពជោគជ័យជាមួយ Mi Max ក្នុងប្លុក Weibo ផ្ទាល់ខ្លួនរបស់លោកថា “ Mi Max គឺជាស្មាតហ្វូនដ៏អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់ ហើយក៏ជាជម្រើសដ៏ល្អបំផុតសម្រាប់ការប្រើប្រាស់”។
Mi Max មិនត្រឹមតែមានតួររចនាឡើងដ៏ប្រណីតរឹងមាំជាមួយកញ្ចក់អេក្រង់ដ៏ធំទំហំ 6.44” ដែលមិនធ្លាប់មានពីមុនមកក្នុងពិភពស្មាតហ្វូន ប៉ុន្តែMi Max នៅមានភ្ជាប់មកជាមួយគុណសម្បត្តិល្អៗជាច្រើនដូចជា កាមេរ៉ាក្រោយទំហំ 16 មេហ្គាភិចសែលមានភ្លើង LED Flash ពីរគ្រាប់, កាមេរ៉ាមុខ 5.0 មេហ្គាភិចសែល, ដើរលើបន្ទះឈីប Qualcomm Snapdragon 650/652, មានរ៉េមទំហំ 3GB/4GB, ទំហំផ្ទុកស្រាប់ 32/64/128GB អាចបន្ថែមទំហំបាន 256GB, ប្រើអង្គក្រាហ្វិក Adreno 510, ថ្មខ្នាត 4,850mAh, ដំណើរកាជាមួយ Android ជំនាន់ Marshmallow v6.0 និងស្រោបដោយស្បែកយួស័រអ៊ីនធើហ្វេស MIUI8 កំនែប្រែថ្មីចុងក្រោយរបស់ក្រុមហ៊ុនផ្ទាល់តែម្តង។ ហើយចំពោះតម្លៃក៏សមរម្យអាចទទួលយកបានដោយ Mi Max មានដាក់លក់ក្នុងទីផ្សារប្រទេសចិនតម្លៃប្រមាណចាប់ពី $230, $260 ដល់ $300 ទៅតាមទំហំផ្ទុកទិន្នន័យក្នុងម៉ាស៊ីនរបស់វា។ Xiaomi Mi Max ពិតជាអស្ចារ្យមែន៕