ក្រុមហ៊ុន LG Electronics បានបញ្ជាក់នៅថ្ងៃនេះថា សម្រាប់ទូរស័ព្ទស្មាតហ្វូនដែលបង្ហាញខ្លួននាពេលខាងមុខឆាប់នេះគឺ LG V20 ដែលប្រើប្រាស់នូវមុខងារប្រព័ន្ធសំឡេងល្អផ្តាច់គេបំផុតក្រោមការអភិវឌ្ឍក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន B&O PLAY ។ ក្រុមហ៊ុន B&O PLAY ជាក្រុមហ៊ុនឈានមុនគេក្នុងការផលិតនូវឧបករណ៍ និងកាសដែលមានសំឡេងល្អផ្តាច់គេ ព្រោះក្រុមហ៊ុននេះមានកេរ្តិ៍ឈ្មោះល្បីល្បាញជាង 90 ឆ្នាំមកហើយទៅលើការបង្កើតនូវសំឡេងល្អឯក ហើយថែមទាំងល្បីល្បាញក្នុងការផលិតនិងច្នៃប្រឌិតផលិតផលថ្មីៗថែមទៀតផង។
ក្រុមហ៊ុន LG និងក្រុមហ៊ុន B&O PLAY បានសហការគ្នាយ៉ាងជិតស្និទ្ធិក្នុងការនាំយកនូវសំឡេងដែលល្អបំផុតសម្រាប់អតិថិជនតាមរយៈស្មាតហ្វូនស៊េរីថ្មីដែលមានឈ្មោះថា V20 ។ ក្រុមវិស្វករទៅលើប្រព័ន្ធសំឡេងនេះបានសហការគ្នាក្នុងការសម្រេចបាននូវឧបករណ៍ចល័តដែលមានសំឡេងពិរោះរងំរណ្តំចិត្ត ហើយវាគឺជាទស្សនៈពិតប្រាកដរបស់ក្រុមហ៊ុន B&O PLAY ។ ដើម្បីបង្កើតនូវបទពិសោធន៍កាន់តែអស្ចារ្យ ទូរស័ព្ទV20 បានដាក់បញ្ចូលនូវកាសមួយគូរបស់ B&O PLAY ហើយនឹងការរចនានូវ Wallpapers សម្រាប់ទូរស័ព្ទមួយនេះដើម្បីបង្ហាញជាផ្លូវការទៅកាន់អ្នកប្រើប្រាស់ថា វាមានស្លាកសញ្ញាផ្លូវការ និងវិញ្ញាបនប័ត្រនៃការធានាគុណភាពសំឡេងពីក្រុមហ៊ុន B&O PLAY ។
លោក Henrik Taudorf Lorensen ដែលជាអគ្គនាយករបស់ក្រុមហ៊ុន B&O PLAY បានបញ្ជាក់ថា “ដោយមានកិច្ចសហការជាមួយនឹងក្រុមហ៊ុន LG បានផ្តល់នូវឱកាសមួយដ៏អស្ចារ្យសម្រាប់ឱ្យក្រុមហ៊ុន B&O PLAY ធ្វើការបង្ហាញនូវបច្ចេកវិទ្យាសំឡេងល្អបំផុត ការរចនាម៉ូដកាន់តែទាន់សម័យ និងជាអ្វីដែលអ្នកប្រើប្រាស់កំពុងទន្ទឹងរង់ចាំចង់បាននោះ។ ជាមួយនឹងស្មាតហ្វូនត្រកូល V របស់ក្រុមហ៊ុន LG អ្នកប្រើប្រាស់នឹងទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យទៅលើសំឡេងដែលល្អផ្តាច់គេព្រោះពួកគេមិនធ្លាប់បានលឺបែបនេះពីមុនមកទេ។”
ចំនែកលោក Juno Cho ដែលជាអគ្គនាយករបស់ក្រុមហ៊ុន LG Electronics និង Mobile Communications Company បានបញ្ជាក់ថា “ខ្ញុំពិតជាសប្បាយចិត្តណាស់អំពីកិច្ចសហការជាដៃគូជាមួយនឹងក្រុមហ៊ុន B&O PLAY ដែលបានចាប់ផ្តើមនៅដើមឆ្នាំនេះដែលអាចសម្រេចបាននូវទូរស័ព្ទ V20 នៅថ្ងៃនេះ។ ការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ដែលរំពឹងចង់បាននូវបទពិសោធន៍កាន់តែអស្ចារ្យទៅលើប្រព័ន្ធសំឡេងពីស្មាតហ្វូនរបស់ពួកគេជាងការប្រើប្រាស់ស្មាតហ្វូនចាស់របស់ពួកគេ ខ្ញុំជឿជាក់ថាទូរស័ព្ទ V20 ពិតជាផ្តល់នូវអ្វីដែលពួកគេកំពុងតែត្រូវការនោះ៕”