នៅឆ្នាំនេះ ក្រុមហ៊ុន Nokia ពិតជាធ្វើការបង្ហាញនូវទូរស័ព្ទម៉ូដែលថ្មីដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android ប៉ុន្តែវានៅមានចំនួនតិចតួចនៅឡើយ។ ទូរស័ព្ទដែលក្រុមហ៊ុន Nokiaបានផលិតអាចនឹងធ្វើការប្រកាសនៅឆ្នាំនេះ ឬអាចនៅឆ្នាំក្រោយហើយវាអាចប្រហែលជាផលិតដោយក្រុមហ៊ុនផ្សេង ព្រោះក្រុមហ៊ុន Nokia នឹងមិនធ្វើការផលិតនូវស្មាតហ្វូនទៀតនោះទេ ហើយសម្រាប់យុទ្ធសាស្ត្រនៃការលក់តាមរយៈក្រុមហ៊ុនលក់រាយ ឬក្រុមហ៊ុនដែលផ្តល់សិទ្ធិចែកចាយក៏ប្រហែលជាមានការផ្លាស់ប្តូរផងដែរ។
អ្នកគាំទ្រផលិតផល Nokia ប្រហែលជាដឹងហើយថា ក្រុមហ៊ុនមួយនេះបានសម្រេចបាននូវស្មាតហ្វូន Android ចំនួន 2 ស៊េរីកាលពីពេលថ្មីៗនេះ យ៉ាងណាក៏ដោយក្រុមហ៊ុន Nokia ប្រហែលជាប្រកាសនូវទូរស័ព្ទថ្មីទាំងពីរស៊រីនេះនៅចុងឆ្នាំ 2016 ឬអាចនៅដើមឆ្នាំ 2017 ។បើទោះបីជាក្រុមហ៊ុន Nokia មិនបានធ្វើការប្រកាសនូវស្មាតហ្វូនទាំងពីរស៊េរីនេះមែន ប៉ុន្តែគេអាចដឹងនូវពត៌មានមួយចំនួនរបស់វានៅលើ Geekbench ប៉ុន្តែវាអាចនឹងមានការប្រែប្រួលផ្សេងបានចំពោះលក្ខណៈបច្ចេកទេសរបស់វានៅពេលដែលវាបង្ហាញខ្លួនជាផ្លូវការនោះ។ អ្វីដែលគេដឹងពីស្មាតហ្វូននេះគឺវាមានឈ្មោះថា Nokia 5320 ដែលមានល្បឿន Quad-Core Processor ដល់ទៅ 2.27GHz ហើយថែមទាំងមានអង្គចងចាំ RAM ទំហំ 2GB ហើយវាដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 4.4.4 ។
សម្រាប់ស្មាតហ្វូនទី 2 នោះដែលបានបែកធ្លាយនៅលើ Geekbench គឺមានឈ្មោះថា Nokia RM-1490 ដែលប្រើប្រាស់នូវ Single Core AMD A8-5545M ល្បឿន 500MHz ហើយវាមាន RAM ដូចទៅនឹងស៊េរី Nokia 5320 ដែរ ប៉ុន្តែវាដំណើរការនូវប្រព័ន្ធប្រតិបត្តិការAndroid 4.2.2។ យ៉ាងណាមិញ ប្រភពពត៌មានដែលបានដឹងតាមរយៈ Geekbench នេះនៅមិនទាន់ច្បាស់ការនៅឡើយនោះទេសម្រាប់ស្មាតហ្វូនស៊េរីថ្មីទាំងពីររបស់ Nokia នោះ ប៉ុន្តែវាអាចនឹងច្បាស់ការជាងនេះទៀតនៅពេលខាងមុខ។ យើងនឹងរង់ចាំមើលទាំងអស់គ្នា៕