ក្រុមហ៊ុន Samsung មិនបានធ្វើការបោះបង់ចោលនូវប្រព័ន្ធសុវត្ថិភាព Knox នោះទេ ដោយបានធ្វើការបន្ថែមនូវកម្មវិធីសុវត្ថិភាពថ្មីមួយទៀតទៅកាន់អ្នកប្រើប្រាស់។ ចូរកុំបារម្ភព្រោះពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបសកូរ៉េខាងត្បូងមួយនេះ បានធ្វើការសហការជាមួយនឹងក្រុមហ៊ុន Intel ដើម្បីធ្វើយ៉ាងណាស្វែងរកនូវដំណោះស្រាយបញ្ហាសុវត្ថិភាពល្អបំផុតសម្រាប់អ្នកប្រើប្រាស់។ នៅពេលថ្មីៗនេះ ក្រុមហ៊ុន Intel បានធ្វើការប្រកាសនូវកម្មវិធីកម្ចាត់មេរោគ McAfee VirusScan របស់ខ្លួនដែលធ្វើការតម្លើងរួចជាស្រេចនៅលើទូរស័ព្ទ Galaxy Note 7 និងទូរស័ព្ទ Samsung Z2 ដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Tizen OS នោះ។ ប្រសិនបើអ្នកមិនទាន់ស៊ាំជាមួយនឹងការប្រើប្រាស់នូវសេវាកម្មនេះនោះទេ យើងសូមបញ្ជាក់ថា កម្មវិធី McAfee VirusScan Mobile ជាកម្មវិធីកម្ចាត់មេរោគដែលបានជួយទូរស័ព្ទ Samsung បានរាប់លានគ្រឿងមកហើយ។
បើតាមលោក Henry Lee ដែលជាអនុប្រធានរបស់អគ្គនាយកផ្នែក Mobile Security Technologies ប្រចាំក្រុមហ៊ុន Samsung បានបញ្ជាក់ថា “អ្នកប្រើប្រាស់នូវទូរស័ព្ទ Samsung Galaxy Note 7 និងទូរស័ព្ទ Samsung Z2 នឹងទទួលបាននូវគុណប្រយោជន៍ជាច្រើនពីការប្រើប្រាស់នូវកម្មវិធីមេរោគចុងក្រោយគេបំផុតចាប់តាំងពីពេលដែលក្រុមហ៊ុន Samsung បានធ្វើការសហការភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Intel ។ ប្រព័ន្ធសុវត្ថិភាព និងការរក្សានូវពត៌មានឯកជនភាពគឺជាផ្នែកដ៏សំខាន់បំភុតដែលពួកយើងកំពុងតែធ្វើ និងគិតជារៀងរាល់ថ្ងៃ។” ដោយសារតែបញ្ហាមេរោគនៅលើទូរស័ព្ទកាន់តែគ្រោះថ្នាក់ និងស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ ដំណោះស្រាយទៅលើសន្តិសុខសុវត្ថិភាពនៅលើទូរស័ព្ទចល័តពិតជាចាំបាច់បំផុតសម្រាប់អ្នកដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android ដែលចង់ធ្វើការរក្សាទុកនូវទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេពីការលួចពីអ្នកដទៃ។
នៅក្នុងសេចក្តីប្រកាសផ្លូវការមួយ លោក John Giamatteo ដែលជាអនុប្រធាននៅ Intel Security បានបញ្ជាក់ថា “Intel Security បានប្រយុទ្ធប្រឆាំងទៅនឹងការគំរាមគំហែងពីមេរោគនៅលើទូរស័ព្ទ ហើយក្រុមហ៊ុនបានធ្វើការសហការជាមួយនឹងក្រុមហ៊ុន Samsung ដើម្បីធ្វើការរក្សានូវសុវត្ថភាពរបស់អ្នកប្រើប្រាស់ ទិន្នន័យ និងឯកជនភាពរបស់ពួកគេឱ្យមានសុវត្ថិភាពជានិច្ច។” ក្រុមហ៊ុន Intel បានធ្វើការសង្កត់ធ្ងន់ថា ជាការពិតណាស់ វាមានមេរោគថ្មីមិនតិចជាង 305 នោះទេនៅក្នុងពេលមួយនាទី (5រៀងរាល់មួយវិនាទី) ហើយមេរោគថ្មីសម្រាប់ទូរស័ព្ទនេះកើនឡើងដល់ទៅ 17% ពីមួយត្រីមាសទៅកាន់មួយត្រីមាសទៀតសម្រាប់ត្រីមាសទី 1 ក្នុងឆ្នាំ 2016 ។ សរុបមក មេរោគទាំងអស់នៅលើទូរស័ព្ទបានកើនឡើងដល់ទៅ 23% នៅក្នុងត្រីមាសទី 1 ឆ្នាំ 2016 ហើយវាកើនឡើងដល់ទៅ 113% បើគិតពី 4 ត្រីមាសមុននោះ៕