ថ្មីៗនេះ ក្រុមហ៊ុន Sony ហាក់ដូចជាកំពុងចាប់ផ្តើមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការដែលមានឈ្មោះថា Xperia X Compact ។ ត្រកូលរបស់ស៊េរី Xperia X គឺមានច្រើនណាស់ដូចជា Xperia X, Xperia X Performance, Xperia XA និង Xperia XA Ultra ហើយពេលនេះម៉ូដែលថ្មី Xperia X Compact ប្រហែលជាអាចនឹងបង្ហាញខ្លួននៅប៉ុន្មានខែខាងមុខទៀតនេះ ជាមួយនឹងការបង្ហាញទូរស័ព្ទម៉ូដែលថ្មីមួយទៀតគឺ Xperia XR ដែលក្រុមហ៊ុន Sony នៅមិនទាន់បានប្រកាសបញ្ជាក់ជាផ្លូវការនៅឡើយទេ ប៉ុន្តែវាប្រហែលជាគ្រោងនឹងប្រកាសនៅក្នុងព្រឹត្តិការណ៍ IFA 2016 នៅដើមខែកញ្ញាខាងមុខនេះ។
ពេលនេះ រូបភាពលម្អិតរបស់ទូរស័ព្ទដៃ Xperia X Compact នៅមិនទាន់បានទាំងមូលនោះទេ ប៉ុន្តែយើងអាចមើលឃើញបានច្បាស់ពីរូបរាងផ្ទៃខាងមុខរបស់ទូរស័ព្ទនេះ ហើយនឹងផ្នែកខាងឆ្វេងរបស់វា។ រូបភាពទាំនេះត្រូវបានទម្លាយដោយ Evan Blass (@evleaks) នៅលើបណ្តាញសង្គម Twitter ។ ជាក់ស្តែង ទូរស័ព្ទ X Compact នេះមានរូបរាងប្រហាក់ប្រហែលទៅនឹងទូរស័ព្ទ Xperia XR ដែលខុសពីរូបរាងរបស់ Xperia X នាពេលបច្ចុប្បន្ននេះ។ ទូរស័ព្ទស៊េរីថ្មីនេះប្រហែលជាមានអេក្រង់ទំហំក្រោម 5 អ៊ីងព្រោះគោលដៅរបស់វាសំដៅទៅលើអតិថិជនដែលពេញចិត្តក្នុងការប្រើប្រាស់ទូរស័ព្ទដែលមានទំហំតូច។
យើងអាចធ្វើការសន្មត់បានថា វានឹងធ្វើការបង្ហាញខ្លួននាពេលឆាប់ៗនេះ ហើយទូរស័ព្ទ Xperia X Compact នឹងក្លាយជាទូរស័ព្ទស៊េរី Compact ទី 4 របស់ក្រុមហ៊ុន Sony បន្ទាប់ពីទូរស័ព្ទ Z1 Compact, Z3 Compact, និង Z5 Compact ។ សម្រាប់ទូរស័ព្ទ Z3 Compact និង Z5 Compact មានអេក្រង់ទំហំ 4.6 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 720p ថាមពលថ្មខ្លាំង ហើយល្បឿនវិញគឺពិតជាអស្ចារ្យណាស់។ ទូរស័ព្ទ Xperia X Compact ប្រហែលជាមានលក្ខណៈដូចគ្នាច្រើនទៅនឹងស៊េរីមុនៗ។ តើលោកអ្នកនៅតែចាប់អារម្មណ៍ជាមួយនឹងទូរស័ព្ទម៉ូដែលនេះទេ ស្របពេលដែលអ្នកប្រើប្រាស់នាពេលបច្ចុប្បន្នពេញនិយមក្នុងការប្រើប្រាស់ទូរស័ព្ទដែលមានអេក្រង់ធំនោះ?