ពាក្យចចាមអារ៉ាមថ្មីមួយទៀតបានបញ្ជាក់ថា ក្រុមហ៊ុន HTC នឹងធ្វើការប្រកាសនូវស្មាតហ្វូន Desire 10 ដល់ទៅ 2 ម៉ូដែលនៅក្នុងខែកញ្ញាខាងមុខនេះនោះគឺ Desire 10 Lifestyle និង Desire Pro ។ សម្រាប់រូបភាពរបស់វាត្រូវបានបែកធ្លាយហើយ ចំនែកពត៌មានលម្អិតមួយចំនួនទៀតក៏ត្រូវបានបង្ហាញនៅលើអនឡាញដែរ។
ទូរស័ព្ទ HTC Desire 10 Lifestyle ត្រូវបានគេដឹងថាវាមានតម្លៃពិតជាសមរម្យមែនទែនគឺត្រឹមតែចន្លោះពី 150 ដុល្លារទៅដល់ 200 ដុល្លារតែប៉ុណ្ណោះនេះបើតាមប្រភពពីក្រុមអ្នក Developer HTC ROM (តាមរយៈ PhoneArena) ។ ប្រភពដដែលបានបញ្ជាក់ទៀតថា ទូរស័ព្ទថ្មីនេះថែមទាំងប្រើប្រាស់នូវឈីប Snapdragon 400 Processor ផងដែរ។ បន្ទះឈីប Snapdragon 400 បានបង្ហាញខ្លួនរយៈពេល 2 ឆ្នាំហើយ ហើយវាអាចទៅរួចដែលថាទូរស័ព្ទស៊េរីថ្មី Desire 10 Lifestyle ប្រហែលជាប្រើប្រាស់នូវឈីបជំនាន់ថ្មីដែលជាស៊េរីជាមួយនឹង 400 នេះដែរ។ វាប្រហែលជាអាចប្រើប្រាស់នូវឈីប Snapdragon 430 ឬ Snapdragon 435 សម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទថ្មីនេះ។
ទូរស័ព្ទ HTC Desire 10 Lifestyle គឺជាប្រភេទទូរស័ព្ទស៊េរីថ្មីដែលប្រើប្រាស់នូវ Snapdragon Processor ដូចនេះតម្លៃរបស់វាប្រហែលជាអាចត្រឹមត្រូវដូចពាក្យចចាមអារ៉ាមបានលើកឡើង។ សម្រាប់លក្ខណៈពិសេសផ្សេងទៀតរបស់ទូរស័ព្ទនេះគឺថាវាមានអេក្រង់ 5.5 អ៊ីងកម្រិតភាពច្បាស់ HD LCD 720p អង្គចងចាំ RAM ទំហំ 3GB ហើយមានមេម៉ូរីក្នុងម៉ាស៊ីនទំហំ 16GB ។ លើសពីនេះទៀត ទូរស័ព្ទនេះមានកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែលហើយអាចថតវីដេអូបានក្នុងកម្រិតខ្ពស់ដល់ទៅ 1080p HD ផងដែរ។
ទូរស័ព្ទនេះត្រូវបានគេរំពឹងថានឹងភ្ជាប់មកជាមួយនូវឧបករណ៍បំពងសំឡេងប្រភេទ BoomSound HiFi Edition Speakers របស់ HTC ហើយសម្រាប់ម៉ូដែល Lifestyle និង Pro នឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការAndroid Marshmallow ហើយនឹង Sense User Interface ចុងក្រោយបំផុតរបស់ក្រុមហ៊ុន HTC ។ចំនែកទូរស័ព្ទ HTC Desire 10 Pro រូបភាពរបស់វាក៏ត្រូវបានបែកធ្លាយនៅលើអនឡាញកាលពីពេលមុននេះដែរ ប៉ុន្តែលក្ខណៈពិសេសរបស់វានៅមិនទាន់បានទម្លាយឱ្យដឹងនៅឡើយនោះទេ។ យ៉ាងណាមិញ ទូរស័ព្ទនេះអាចមានលក្ខណៈបច្ចេកទេសល្អជាង ហើយតម្លៃរបស់វាវិញក៏ថ្លៃជាងដែរ៕