ថ្មីៗនេះ ក្រុមហ៊ុន Huawei បានធ្វើការប្រកាសជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android ដែលគេស្គាល់ថាជា Honor 8 នៅក្នុងព្រឹត្តិការណ៍មួយដែលបានធ្វើឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ប្រសិនបើលោកអ្នកកំពុងតែតាមដានពីការវិវត្តន៍ខ្លួនរបស់ក្រុមហ៊ុន Huawei នោះ អ្នកប្រហែលជាដឹងហើយថាទូរស័ព្ទ Honor 8 បានធ្វើការប្រកាសរួចហើយនៅក្នុងប្រទេសចិន និងទឹកដីសហរដ្ឋអាមេរិក។ ពេលនេះ ទ្វីបអ៊ឺរ៉ុបបានក្លាយជាតំបន់ធំទី 3 ដែលទូរស័ព្ទ Huawei Honor 8 បានធ្វើការបង្ហាញខ្លួន យ៉ាងណាមិញបើទោះបីជាស្មាតហ្វូននេះបានប្រកាសជាផ្លូវការហើយក្តៅនៅក្នុងទ្វីបអ៊ឺរ៉ុប ប៉ុន្តែអ្នកត្រូវធ្វើការរង់ចាំរហូតដល់ចុងខែកញ្ញា។
Honor 8 មានតម្លៃប្រហែលជា 399 អ៊ឺរ៉ូ (សម្រាប់ម៉ូដែល 32GB) និងតម្លៃ 499 អ៊ឺរ៉ូ (សម្រាប់ម៉ូដែល 64GB) ។ ប្រសិនបើលោកអ្នករស់នៅក្នុងទឹកដីអង់គ្លេសនោះ វាប្រហែលជាមានតម្លៃត្រឹមតែ 370 ផោន ហើយពលេនេះទូរស័ព្ទស៊េរីថ្មីនេះបានដាក់ឱ្យធ្វើការកម្មង់មុននៅលើហាងអនឡាញរបស់ក្រុមហ៊ុនហើយ។ ឆាប់ៗនេះ វានឹងធ្វើដំណើរបន្តទៅកាន់ប្រទេសរុស្សី និងមជ្ឈឹមបូពាសម្រាប់អ្នកដែលចង់បានប្រើប្រាស់វា។ បើនិយាយពីលក្ខណៈពិសេសរបស់ស្មាតហ្វូនមួយនេះគឺមិនចាញ់ទូរស័ព្ទដែលមានតម្លៃខ្ទង់ 400 អ៊ឺរ៉ូទៅចន្លោះ 500 អ៊ឺរ៉ូនោះទេ។ ស្មាតហ្វូននេះបានភ្ជាប់ជាមួយនឹង Octa-Core Kirin 950 Processor អង្គចងចាំ RAM ទំហំ 4GB និងមេម៉ូរីក្នុងម៉ាស៊ីនទំហំ 32GB ឬ 64GB ។
បើពិនិត្យនៅផ្ទៃខាងក្រោយវិញវាភ្ជាប់ជាមួយនឹងកាមេរ៉ាទំហំ 12 មេហ្គាភិចសែលហើយភ្ជាប់ជាមួយនឹង Laser Autofocus និង Dual-LED Flash ប៉ុន្តែមិនមែនជារបស់ Leica នោះទេ។ សម្រាប់អ្នកដែលចូលចិត្តធ្វើការថតរូបភាព Selfie ទូរស័ព្ទ Honor 8 គឺកាន់តែអស្ចារ្យព្រោះវាបានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែលសម្រាប់ផ្តិតយករូបភាពបានយ៉ាងស្រស់ស្អាតជាទីបំផុត។ ទូរស័ព្ទ Honor 8 របស់ក្រុមហ៊ុន Huawei មានអេក្រង់ទំហំ 5.2 អ៊ីង Full HD (1080p) ហើយវាមានថាមពលថ្មខ្លាំងដល់ទៅ 3,000 mAh ហើយវាថែមទាំងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ជាមួយនឹង EMUI 4.1 ។ តើអាចទេដែលវានឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android N នៅពេលឆាប់ៗនេះ?