ថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីល្បាញនៅប្រទេសចិន Xiaomi បានធ្វើការប្រកាសនូវទូរស័ព្ទស៊េរីថ្មីដែលជាត្រកូលជាមួយនឹង Redmi Note 3 ដែលទទួលបានការពេញនិយមខ្លាំងបំផុត។ ទូរស័ព្ទនេះគឺ Redmi Note 4 ដែលមានរូបរាងស្រស់ស្អាតបំផុត ហើយបើនិយាយពីតម្លៃរបស់វាវិញពិតជាសមរម្យចង់ទិញប្រើប្រាស់មែនទែន។ ទូរស័ព្ទ Xiaomi Redmi Note 4 ភ្ជាប់ជាមួយនឹងអេក្រង់ទំហំ 5.5 អ៊ីងកញ្ចក់អេក្រង់កោងបង្ហាញនៅក្នុងកម្រិត 1080p ហើយវាប្រើប្រាស់នូវឈីបប្រភេទ MediaTek 10-Core Helio X20 SoC ហើយវាមានទំហំ RAM 2GB/3GB ជាមួយនឹងមេម៉ូរីក្នុងម៉ាស៊ីនទំហំ 16GB និង 64GB ។
នៅខាងក្រោយវាប្រើប្រាស់នូវកាមេរ៉ាទំហំដល់ទៅ 13 មេហ្គាភិចសែលប្រើប្រាស់បន្ថែមនូវភ្លើង Flash សម្រាប់ថតជំនួយរូបភាពនៅទីងងឹត និងកាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែលសម្រាប់ថតរូប Selfie បានយ៉ាងស្រស់ស្អាតទាក់ចិត្តបំផុត។ វាអាចធ្វើការបន្ថែមនូវ SD Card ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺវាប្រើប្រាស់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃនៅខាងក្រោយ (Fingerprint Sensor) និងមានថាមពលថ្មខ្លាំងដល់ទៅ 4100mAh។ ទូរស័ព្ទនេះនឹងដំណើការនូវប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ជាមួយនឹង MIUI 8.0 (ប៉ុន្តែនៅមិនទាន់ដឹងថាតើពេលណាដែលវាអាចប្រើប្រាស់នូវប្រព័ន្ធ Android Nougat ដែលក្រុមហ៊ុន Google ទើបតែបញ្ចេញនៅឡើយទេ?)
ទូរស័ព្ទ Redmi Note 4 នឹងដាក់លក់នៅថ្ងៃស្អែកនេះនៅក្នុងប្រទេសចិននៅក្នុងតម្លៃប្រហែលជា 135 ដុល្លារសម្រាប់ជម្រើស RAM 2GB និងមេម៉ូរីក្នុងម៉ាស៊ីន 16GB ។ ហើយសម្រាប់ជម្រើស RAM 3GB និងមេម៉ូរីក្នុងម៉ាស៊ីន 64GB គឺមានតម្លៃប្រហែល 180 ដុល្លារដែលអ្នកអាចធ្វើការជ្រើសយកពណ៌មាស ពណ៌ទឹកប្រាក់ ឬពណ៌ប្រផេះ។ បើតាមប្រភពពី The Verge បានបញ្ជាក់ថា ក្រុមហ៊ុន Xiaomi ប្រកាសទូរស័ព្ទស៊េរីថ្មីនេះនៅក្នុងទីផ្សារទឹកដីរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែសម្រាប់ទីផ្សារគោលដៅផ្សេងទៀតនៅពេលខាងមុខយើងនឹងរង់ចាំមើលបន្តរទៀតសិន៕