កាលពីថ្ងៃទី១៣ ខែកញ្ញាឆ្នាំ ២០១៤ កន្លងទៅនេះ នៅក្នុងកម្មវីធីពិព័ណ៍ BarCamp 2014 នៅសាលាតិចណូ លោក ឈូម ពិសិដ្ឋ នាយកក្រុមហ៊ុន DirexPlay បានធ្វើការបង្ហាញនូវហ្គេមថ្មីរបស់ខ្លួនជាផ្លូវការ ជូនដល់អ្នកដែលបានចូលរួមទស្សនាជាច្រើននៅក្នុងកម្មវិធីពិព័ណ៍នេះ។ Sok & Sao’s Adventure គឺជាប្រភេទហ្គេម សកម្មភាព ការដើរបាញ់កម្ចាត់សត្វកំណាចនូវប្រភេទយក្សធំៗជាពិសេសគឺមូសខ្លាដែលជាប្រភពចម្លងជម្ងឺគ្រុនឈាម ដែលជាជំងឺមួយដ៏កាចសាហាវ ហើយហ្គេមនេះ ត្រូវបានបង្កើតឡើងដោយស្នាដៃរបស់យុវវ័យខ្មែរផ្ទាល់ ហើយនឹងដំណើរការនៅលីស្មាតហ្វូនប្រភេទ Window Phone។
លោក ពិសិដ្ឋ បានបញ្ជាក់ឲដឹងថា ការដាក់ឈ្មោះ Sok and Sao’s Adventure រួមជាមួយនិងសកម្មភាពដំណើររបស់ហ្គេមថ្មីនេះ គឺចង់បង្ហាញឲអ្នកប្រើប្រាស់ទាំងអស់បានស្គាល់កាន់តែច្បាស់ថា វាគឺជាស្នាដៃរបស់ខ្មែរ ពីព្រោះថា នៅក្នុងហ្គេមនេះគឺវាមានបង្ហាញពីរូបភាពរទេះគោ និងទីតាំងជាច្រើននៅក្នុងប្រទេសខ្មែរ តួយ៉ាងដូចជា ប្រសាទអង្គរវត្តជាដើម ជាពិសេស គឺចង់ចូលរួមចំណែកផ្សព្វផ្សាយ និងទប់ស្កាត់ពីការរីករាលដាលនៃជំងឺគ្រុនឈាម ដែលជាជំងឺមួយដ៏កាចសាហាវ និងកំពុងតែវាយប្រហាមកលើកុមារកម្ពុជា។
ចំណុចសំខាន់មួយទៀត ដែលក្រុមការងាររបស់លោកជ្រើសរើសយកប្រព័ន្ធប្រតិបត្តិការ Window Phone មកដាក់ឲដំណើរការហ្គេមនេះ គឺដោយសារតែប្រព័ន្ធនេះ វាមានល្បឿនលឿននៅក្នុងប្រើប្រាស់ ហើយភាគច្រើននៃអ្នកប្រើប្រាស់ទាំងនោះ គឺជាអ្នកជំនួញ និងអ្នកចូលចិត្តការកំសាន្ត។ការដែលដាក់បញ្ចូលហ្គេមនេះទៅក្នុង Window Store គឺយើងមានទស្សនះវិស័យថ្មីមួយទៅមុខ ដោយនៅលើទីផ្សារនាពេលបច្ចុប្បន្ន ស្មាតហ្វូនស៊េរីថ្មីរបស់ Microsoft គឺដំណើរការដោយប្រព័ន្ធ Window Phone ទាំងអស់ ហើយគ្រប់ម៉ូដែលត្រូវបានរចនាឡើងមានរូបរាងកាន់តែស្អាត ពិសេសគឺមានកាមេរ៉ាថតរូបច្បាស់ ដែលធ្វើអ្នកប្រើប្រាស់មានការចាប់អារម្មណ៍ និងជំុរុញឲការប្រើស្មាតហ្វូន ក៏ដូចជាប្រព័ន្ធប្រតិបត្តិការមួយនេះ មានអ្នកប្រើប្រាស់កើនឡើងបានយ៉ាងឆាប់រហ័ស។ កត្តានេះហើយ ដែលជំុរុញ និងលើកទឹកចិត្តដល់អ្នកផលិតកម្មវិធី និងហ្គេមនៅលើពិភពលោក បានបង្កើននូវការបង្កើតស្នាដៃរបស់ខ្លួនដើម្បីដាក់បញ្ចូលទៅកក្នុង Window Store។
លោកបានបន្តថា សព្វថ្ងៃនេះ នៅប្រទេសកម្ពុជា បើទោះបីជាអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Window Phone នៅមានចំនួនតិចក៏ដោយក៏យើងរំពឹងថា វានឹងមានអ្នកប្រើប្រាស់ច្រើនជាងនេះ នៅពេលដ៏ខ្លីខាងមុខ ពីព្រោះថា បើប្រៀបធៀបជាមួយនិង 2 ឆ្នាំមុន សព្វថ្ងៃនេះ Window Phone គឺកំពុងតែមានការកើនឡើង ហើយមានពេញនិយមកាន់តែច្រើនឡើងៗពីសំណាក់អ្នកប្រើប្រាស់។ ជាមួយនឹងការបង្កើតហ្គេមថ្មីនេះ ក៏មានការគាំទ្រពីក្រុមហ៊ុន Microsoft ប្រចាំនៅក្នុងប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ថា សំរាប់ការដោនឡូនហ្គេមនេះ គឺមិនមានការគិតថ្លៃនោះទេ។ មិនតែប៉ុណ្ណោះ នៅពេលដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនរបស់លោក ក៏នឹងមានដាក់បញ្ចូលកម្មវិធីថ្មីៗ និងហ្គេមថ្មីៗ ជាច្រើនទៀតដែលដំណើរការដោយ Window Phone នេះ ទៅក្នុង Window Store។ សូមសាកល្បងទាំងអស់គ្នានូវស្នាដៃរបស់កូនខ្មែរ៕