នៅថ្ងៃទី 9 ខែមករា ឆ្នាំ 2015 ក្រុមហ៊ុន Panasonic រួមសហការជាមួយនឹងហាងសប្យាយណាស់ លក់ម៉ាស៊ីុនថត ដែលជាតំណាងចែកចាយស្របច្បាប់នូវផលិតផលកាមេរ៉ា Panasonic ប្រចាំនៅទីផ្សារព្រះរាជាណាចក្រកម្ពុជា បានបើកសម្ពោធជាផ្លូវការនូវមេរ៉ាស៊េរីថ្មីឆ្នាំ 2015 នៅសណ្ឋាគារ NagaWorld។ សំរាប់ផលិតផលថ្មីៗទាំងនោះរួមមានកាមេរ៉ាថតរូបភាព និងថតវីឌីអូថ្មីជាច្រើនម៉ូដែល ក្នុងនោះគឺមានកាមេរ៉ាចំនួន 5 បានចាប់ផ្តើមដាក់លក់នៅក្នុងទីផ្សារហើយ គឺកាមេរ៉ាថតរូបភាព Panasonic Lumix GH4, LX100, GM5, FZ100, និងកាមេរ៉ា ថតវីឌីអូ MDH2 ។
តាមប្រសាសន៍របស់លោក លី គីម ហ្វុង (Lee Kim Fong) ប្រធានផ្នែកទីផ្សាររបស់ ក្រុមហ៊ុន Panasonic ប្រចាំប្រទេសសិង្ហបុរី បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុន Panasonic បាននាំយកកាមេរ៉ា ម៉ូដែលថ្មីៗដូចជា Panasonic GH4, LX100, GM5, FZ100, MDH2 ជាប្រភេទ កាមេរ៉ាមានទំហំតូចល្មម ទម្ងន់ស្រាលងាយស្រួល ក្នុងការប្រើប្រាស់ និងគុណភាព បង្ហាញរូបកាន់តែច្បាស់ទ្វេដង និងអាចថតវីដេអូ បានក្នុងកំរិត 4K បានថែមទៀតផង។ លោកបន្តថា កាមេរ៉ាម៉ាក Panasonic ដែលទើបនឹងសម្ពោធ ដាក់លក់លើទីផ្សារ កម្ពុជានេះ គឺធានាបាននូវ គុណភាពរូបច្បាស់ ហើយអាចភ្ជាប់ការបញ្ជាលើទូរស័ព្ទ Smart Phone បានទៀតផង តាមរយះ Wi-fi និង NFC ជាដើម។
លោកបានបញ្ជាក់បន្ថែមថា កាមេរ៉ានេះ បានបំពាក់នូវបច្ចេកវិទ្យា 4K ដែលធ្វើឲ្យគុណភាពរូបច្បាស់ស្អាតជាងទំហំ Full HD 1080p រហូតដល់ទៅ 4 ដង ។ វាមានកម្មវិធី Selfie និង Wefie អាចឲ្យយើងថត បានទាំងអស់គ្នា គ្រប់កាលៈទេសៈ ហើយ យើងក៏អាចប្រើ Wifi ភ្ជាប់បញ្ជារូបភាពតាមស្មាតហ្វូន បានយ៉ាងឆាប់រហ័សនៅគ្រប់ទីកន្លែង៕