Samsung បានប្រលែងចេញថេបប្លែតស៊េរីថ្មីពីរម៉ូដែលគឺ Galaxy Tab A 8.0 និង Tab 9.7។ ឧបករណ៍កម្សាន្តទាំងពីរស៊េរីនេះ មានរូបរាងស្រស់ស្អាត និងមានការរចនាយ៉ាងប្រណីតដោយមានកម្រាស់ដ៏ស្តើង រួមទាំងភ្ជាប់មកនូវមុខងារ និងកម្មវិធីថ្មីៗយ៉ាងសប្បូរបែបសម្រាប់ការប្រើប្រាស់។ ចង់ដឹងថា Galaxy Tab A មានកល្ខណះសម្បត្តិពិសេសអ្វីខ្លះសូមអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា។
ការរចនារូបរាង
Galaxy Tab A រចនារូបរាងឡើងជាលក្ខណះ Unibody ដែលតួរទាំងមូលត្រូវបានប្រើប្រាស់សារធាតុទីតាញ៉ូម(Smoky Titanium)មកផលិតដែលរំលេចចេញភាពរលោងរឹងមាំធន់នឹងការប៉ះទង្គិច ការកូសឆ្កូត និងមានបីពណ៌គឺ ស ខ្មៅ និងពណ៌ខៀវ។
អេក្រង់មានទំហំពីរជម្រើស
Galaxy Tab A ត្រូវបានក្រុមហ៊ុនផលិតចេញមានពីរជម្រើសគឺ Galaxy Tab A ដែលមានអេក្រង់ទំហំ 8.0 អ៊ីង និង 9.7 អ៊ីង រួមនឹងម៉ូដែលដែលអាចប្រើជាមួយប្រព័ន្ធស៊ីមកាត និងម៉ូដែលប្រើតែប្រព័ន្ធ WiFi។
កាមេរ៉ាថតរូប និងវីដេអូ
ក្រៅពីកម្មវិធីកម្សាន្ត និងមុខងារថ្មីៗដ៏សប្បូរបែបហើយ Galaxy Tab A នៅភ្ជាប់មកនូវកាមេរ៉ាថតរូបផ្នែកខាងក្រោយកម្រិត 5.0 MP, autofocus និងខាងមុខកម្រិត 2.0 MP សម្រាប់ថតរូបវីដេអូទុកជាអនុស្សាវរីយ៍ផងដែរ។
ផ្នែករឹងខ្លាំងសមល្មមប្រើការ
ការប្រើប្រាស់ដំណើរការមុខងារ និងកម្មវិធីទាំងឡាយនៅលើ Galaxy Tab A ដំណើរការបានយ៉ាងរលូនជាមួយអង្គគណនាបួនគ្រាប់ (Quad-Core Processor) ល្បឿន 1.2 GHz និងមាន RAM ទំហំ 1.5 GB & 2 GB។ ក្រៅពីនេះ Galaxy Tab A នៅមានទំហំផ្ទុកស្រាប់ជាប់ម៉ាស៊ីន 16 GB & 32 GB និងមានរន្ធដោតដាក់បន្ថែមម៉េមូរីក្រៅដែលអាចទ្រទ្រង់បាន 128GB។
ថ្មខ្នាតធំកាន់ថាមពលបានយូរ
Galaxy Tab A 8.0 ភ្ចាប់នូវថ្មប្រភេទ Li-Ion ខ្នាត 4,200 mAh និង Galaxy Tab A 9.7 ភ្ជាប់ដោយថ្មប្រភេទ Li-Ion មានខ្នាតធំរហូតដល់ទៅ 6,000 mAh ដែលអាចឲ្យលោកអ្នកប្រើប្រាស់លេងកម្សាន្តបានកាន់តែយូរជាងមុន៕