កាលពីថ្ងទី ២ ខែតុលា ឆ្នាំ ២០១៥ ក្រុមហ៊ុន Google បានរៀបចំយុទ្ធនាការ translate-a- thon “ កម្ពុជា ស្រឡាញ់ភាសាជាតិយើង” លើកដំបូងរបស់ខ្លួននៅកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីកាត់បន្ថយ ឧបសគ្គនៃ ភាសាសម្រាប់អ្នកប្រើប្រាស់ភាសាខ្មែរនៅលើវេបសាយ នៅជុំវិញពិភពលោក តាមេយៈការបកប្រែពីប្រភពចម្រុះ ។ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តការកម្ពុជា-កូរ៉េ បានរៀបចំយុទ្ធនាការស្រឡាញ់ភាសាជាតិយើងនេះ ក្រោម វត្តមាន លោកស្រី Amy Kunrojpanya ប្រធានផ្នែកទំនាក់ទំនងនិងកិច្ចការសាធារណៈនៃក្រុមហ៊ុន Google ប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិកនិងលោក ស៊ឹម សៀងប៉ាវ មកពីរាជបណ្ឌិតសភាកម្ពុជា។
លោក ស៊ឹម សៀងប៉ាវ បានថ្លែងនាឱកាសនោះថា “ជាមោទនភាពណាស់ដែលប្រជាជនខ្មែរដែលមានភាសា របស់ ខ្លួននៅក្នុងបណ្តាញបកប្រែជាប្រព័ន្ធនិងមាន លក្ខណៈជាអន្តរជាតិ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ និងខ្ញុំផ្ទាល់ ខ្ញុំស្រលាញ់ភាសាខ្មែរនិងបានស្រាវជ្រាវពេញមួយជីវិតដើម្បីភាសាខ្មែរ ហើយសូមសរសើរនិងគាំទ្រក្រុមហ៊ុន Google ក្នុងការខិតខំប្រឹងប្រែងក្នុងការបង្កើតកម្មវិធីនេះឡើង” ។
ចំណែកលោកស្រី Amy Kunrojpanya បានថ្លែងថា លោកស្រីជឿជាក់ថាកម្មវិធីGoogle ផ្សេងៗដែលមានស្រាប់ ក្នុងដៃអ្នកប្រើប្រាស់អាចជួយបង្កើតវេបសាយមួយដែលដំណើរការ បានសម្រាប់ប្រទេសកម្ពុជា ប្រជាជនខ្មែរ និង ភាសាខ្មែរផងដែរ ។ យើងនាំយកយុទ្ធនាការ “ ស្រលាញ់ភាសាជាតិ” ដើម្បីបង្ហាញបច្ចេកវិទ្យាដែលជំរុញថាមពល Google Translate ទៅកាន់សហគមន៍ឱ្យចាប់អារម្មណ៍ពីភាសាជាតិនៅក្នុងប្រទេសកម្ពុជា។
លោកស្រីបន្តថា “ ប្រសិនបើអ្នកបានបើកអ៊ីនធឺណេតមិនថាឧបករណ៍អ្វីក៏ដោយ ក៏អ្នកនៅតែអាចកែលម្អភាសាខ្មែរ លើអ៊ីនធឺណេតបានដែរ ដូច្នេះអ្នកប្រើប្រាស់គួរតែឆ្លៀតពេលដើម្បី ផ្តល់គំនិតយោបល់របស់ខ្លួន ក្នុងជួយដល់ មនុស្សរាប់លានអ្នក”។សូមបញ្ចាក់ថា ក្រុមហ៊ុនGoogle ត្រូវបានបង្កើតឡើងដោយស្ថានិកពីររូបគឺលោក Larry Page និងលោក Sergey Brin ជានិស្សិតថ្នាក់បណ្ឌិតនៅ Stanford ហើយបច្ចុប្បន្នGoogle ជាបណ្តាញវេបសាយលំដាប់ កំពូលមួយនៅទីផ្សារ អន្តរជាតិសំខាន់ៗទាំងអស់ ៕