កាលថ្ងៃទី 19 ខែឧសភា ឆ្នាំ 2016, ក្រុមហ៊ុន ECI Distribution ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងការនាំចូល និងចែកចាយផលិតផលម៉ាស៊ីនកុំព្យួទ័រ ព្រីនធឺ ម៉ាស៊ីនហ្វូតូកូពី ហើយនិងឧករណ៏អេឡិកត្រូនិកផ្សេងៗទៀត ព្រមទាំងផ្តល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យា ដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានសហការគ្នាជាមួយនឹងក្រុមហ៊ុន Fuji Xerox ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនព្រីន និងហ្វូតូកូពី ដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន បានបើកម្ពោធជាផ្លូវការផលិតផល Fuji Xerox ថ្មីៗ ជាច្រើនប្រភេទ ហើយនិងមានរៀបចំនូវពិធីជប់លៀងជូនដល់ដៃគូចែកចាយបន្តរបស់ខ្លួន ។
ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Raffle Le Royal ក្រោមការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់លោក Len Tan អគ្គនាយកក្រុមហ៊ុន ECI Distribution លោក Wataru Yamaguchi នាយកគ្រប់គ្រងក្រុមហ៊ុន Fuji Xerox ប្រចាំនៅប្រទេសកម្ពុជា និងលោក Vincent Sim នាយកគ្រប់គ្រង Fuji Xerox Printer ប្រចាំប្រទេសសឹង្ហបុរី រួមជាមួយនឹងតំណាងចែកចាយផលិតផល Fuji Xerox ចំនួនជាង 100 រូប ព្រមទាំងភ្ញៀវកិត្តិយស បុគ្គលិកក្រុមហ៊ុនទាំងពីរ ហើយនិងមានវត្តមានអ្នកសារព័តមានជាច្រើនរូបផ្សេងទៀតផងដែរ ។
លោក Len Tan អគ្គនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ECI Distribution បានមានប្រសាសន៍អោយដឹងថា គោលបំណងសំខាន់នៃការរៀបចំពិធីបង្ហាញនូវផលិតផលថ្មីរបស់ Fuji Xerox ក៏ដូចជារៀបចំអោយមានពិធីជប់លៀងជូនដល់ដៃគូរចែកចាយបន្តនៅពេលនេះ គឺជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការចែករំលែកនូវបទពិសោធន៍ថ្មីៗ និងបច្ចេកវិទ្យាទំនើបៗ ដែលមាននៅលើផលិតផលថ្មីរបស់ Fuji Xerox ដែលកំពុងតែមានតំរូវការពីអតិថិជននៅក្នុងទីផ្សារប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ពីព្រោះថា ផលិតផលថ្មីរបស់ Fuji Xerox មិនត្រឹមតែមានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់ ជាច្រើននៅប្រទេសកម្ពុជានោះទេ នៅលើពិភពលោកក៏កំពុងពេញនិយមយ៉ាងខ្លាំងផងដែរ។
មួយវិញទៀត គឺយើងចង់បង្កើននូវការប្រាស្រ័យទាក់ទងគ្នា អោយបានកាន់តែជិតស្និតមួយកំរិតថែមទៀតរវាងក្រុមហ៊ុន ជាមួយនិងតំណាងចែកចាយបន្តទាំងអស់ ដែលពួកគាត់ បានខិតខំជួយជុំរុញការលក់អោយក្រុមហ៊ុន ECI Distribution និងផលិតផល Fuji Xerox ទទួលបាននូវភាពជោគជ័យ និងមានភាពល្បីល្បាញរហូតមកដល់ពេលនេះ ។
ព្រឹត្តិការណ៍នេះដែរ ក៏មានការធ្វើបទបង្ហាញស្តីពីការវិវត្តន៍រីកចំរើនរបស់ក្រុមហ៊ុន Fuji Xerox នៅក្នុងតំបន់ ក៏ដូចជាបង្ហាញពីបច្ចេកវិទ្យាទំនើបៗ ដែលមានបំពាក់មកជាមួយផលិតផលម៉ាស៊ីនព្រីនធើ រួមនឹងម៉ាស៊ីនហ្វូតូកូពីរបស់ Fuji Xerox ម៉ូដែលថ្មីៗ ដែលនឹងមានវត្តមាននៅលើទីផ្សារព្រះរាជាណាចក្រកម្ពុជា ពីសំណាក់លោក Vincent SIM ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន Fuji Xerox ប្រចាំប្រទេសសឹង្ហបូរី និងជាអ្នកអភិវឌ្ឍន៍ទីផ្សារផ្នែកម៉ាស៊ីនព្រីនធើប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ។
នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន ECI Distribution និង ក្រុមហ៊ុន Fuji Xerox ក៏មានធ្វើការលក់ជាកញ្ចប់ក្នុងតំលៃពិសេស ព្រមទាំងប្រកាសនូវដៃគូចែកចាយបន្តឆ្នើមចំនួន 3 រូប និងមានការចាប់រង្វាន់ធំម៉ាស៊ីនព្រឹនធើ Fuji Xerox និងរង្វាន់អនុស្សាវរីយ៍ជាច្រើនទៀត ជូនដល់តំណាងចែកចាយបន្ត និងភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មហោឡារឹកនេះផងដែរ ។
សូមជំរាបថា រហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុន ECI Distribution មានក្រុមហ៊ុនដៃគូសហការជាច្រើន ហើយនិងមានតំណាងចែកចាយធំចំនួន 3 ទីតាំងនៅក្នុងរាជធានីភ្នំពេញ ទីមួយគឺហាង ICE កុំព្យូទ័រ (សាខាមុនីវង្ស) ផ្ទះលេខ 246Eo មហាវិថីព្រះមុនីវង្ស ។ ទីពីរហាង ICE អេឡិចត្រូនិច (សាខាអូឡាំពិក) ផ្ទះលេខ 293-295 មហាវិថីព្រះសីហនុ និងទីបី ICE អេឡិចត្រូនិច (សាខាទឹកថ្លា) ផ្ទះលេខ 61-63 ផ្លូវលេខ 1019 (ផ្លូវណតប្រ៊ីត) ហើយនឹងមានមជ្ឈមណ្ឌល ICE Solution Center មួយផងដែរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ 16 ផ្លូវលេខ 290 សង្កាត់ទួលស្វាយព្រៃ២ រាជាធានីភ្នំពេញ ។