កាលពីថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2016 ក្រុមហ៊ុន Ford និងក្រុមហ៊ុនអ អិម អេ ខេមបូឌា (RMA Cambodia) បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអណ្តូងទឹកស្អាតចំនួន 8 ដែលនឹងផ្គត់ផ្គង់ទឹកស្អាតដល់ជាង 100 គ្រួសារនៅក្នុងឃុំស្រែសំរោង ឃុំស្រែខ្នង និងស្រែចេង ស្រុកជុំគិរី នៅក្នុងខេត្តកំពត។ ពិធីនេះ គឺមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុក តំណាងក្រុមហ៊ុន Ford និង RMA Cambodia រួមជាមួយនិងអ្នកស្ម័គ្រចិត្ត ក៏ដូចជាប្រជាពលរដ្ឋ និងសិស្ស ដែលរស់នៅក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។
តាមការបញ្ជាក់របស់ក្រុមហ៊ុន Ford និងក្រុមហ៊ុន RMA Cambodia បានអោយដឹងថា ក្រុមហ៊ុន បានចំណាយ $20,000 ក្រោមជំនួយឧបត្ថម្ភនៃមូលនិធិអភិរក្សនិងការពារបរិស្ថានក្នុងប្រទេសកម្ពុជា និងផ្ដល់ធន់ធានទឹកស្អាត ដើម្បីរួមចំនែកកាត់បន្ថយការលំបាកជារៀងរាល់ថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានទឹកស្អាតប្រើបាស់ប្រចាំថ្ងៃ។ រហូតមកដល់ពេលនេះ គឺក្រុមហ៊ុន Ford បានសាងសង់អណ្តូងទឹកស្អាតចំនួនជាង 70 អណ្តូងហើយសម្រាប់សហគមន៍ជនបទ ចាប់តាំងពីឆ្នាំ 2012 បន្ទាប់ពីមានការផ្តួចផ្តើមដោយអនុប្រធានក្រុមហ៊ុន Ford Elena Ford ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់នៅកម្ពុជា។
លោក Thanabodee Kulthol ប្រធានផ្នែកទីផ្សារ ផ្នែកលក់ និង ផ្នែកសេវាកម្ម ប្រចាតំបន់អាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ថា “ពួកយើងពិតជាមានមោទនភាពក្នុងការប្រកាសការបញ្ចប់ការសាងសង់អណ្តូងទឹកស្អាតនៅក្នុងខេត្តកំពត”។ កម្មវិធីអភិរក្សនិងការពារបរិស្ថានគឺជាកម្មវិធីមួយដែលក្រុមហ៊ុន Ford ចូលរួមចំណែកជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនក្នុងសហគមន៍ដែលយើងកំពុងតែប្រកបអាជីវកម្ម។
សូមជំរាបថា ជាមួយនឹងកម្មវិធីអភិរក្ស និងការពារបរិស្ថានរបស់ក្រុមហ៊ុន ហ្វដ នេះ បានបង្ហាញថា ចាប់ពីឆ្នាំ 2003 មកប្រទេសកម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានចូលរួមក្នុងកម្មវិធីអភិរក្សនិងការពារបរិស្ថានរបស់ក្រុមហ៊ុន ហ្វដ ហើយគម្រោងនេះបាននង្កើតឡើងនៅក្នុងឆ្នាំ 1983 ក្នុងគោលបំណងលើកទឹកចិត្ត និងគាំទ្រដល់សកម្មភាពរបស់បុគ្គលិក និងស្ថាប័នក្រៅរដ្ឋាភិបាលដើម្បីទទួលបាននូវគោលដៅតែមួយសម្រាប់អនាគត។ ចាប់តាំងពីការបង្កើតនូវគម្រោងនេះ មក ក្រុមហ៊ុនហ្វដ បានធ្វើការអនុវត្តន៍នូវគម្រោងរាប់រយគម្រោងនៅជាង 60 ប្រទេសជុំវិញពិភពលោក។
គួរបញ្ជាក់ផងដែរថា សំរាប់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចនេះ ក្រុមហ៊ុន Ford បានធ្វើការអនុវត្តនូវគម្រោងមូលនិធិអភិរក្សនិងការពារបរិស្ថានក្នុងប្រទេសកម្ពុជា និងមូលនិធិគាំពារសហគមន៍ជាសកលនេះឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសម៉ាឡេស៊ី ហុងកុង ឡាវ មីយ៉ាន់ម៉ា ម៉ុងហ្គូលី តាហីទី និង ហ្វីជី។