P9 Lite គឺជាទូរស័ព្ទស្មាតហ្វូនរួមជំនាន់ជាមួយប្អូនកាមេរ៉ាភ្លោះ P9 និងP9 Plus របស់ Huawei។ ប៉ុន្តែ P9 Lite មានគុណសម្បត្តិរាងទាបជាងរាមច្បងទាំងពីររបស់វាបន្តិចទាំងកំលាំងម៉ាស៊ីន កាមេរ៉ា និងមុខាងប្រើប្រាស់មួយចំនួន តែចំពោះរចនាបថរូបរាងរបស់វាហាក់មិនសូវជាខុសគ្នាទៅនឹង P9 និង P9 Plus នោះទេ។ ហើយខាងក្រោមនេះពិភពអេឡិចត្រូនិកសូមបង្ហាញប្រិយមិត្ត និង FAN របស់ Huawei ពីចំនុចពិសេសៗមួយចំនួនដែលមាននៅលើម៉ូដែលមួយនេះដូចតទៅ។
រូបរាង និងរចនាបថ
Huawei P9 Lite មានកម្រាស់ 7.5 មម និងទម្ងន់ 147 ក្រាម។ ចំពោះរចនាបថ និងរូបរាងទាំងមូលរបស់វាហាក់មិនសូវជាខុសទៅនឹងរាមច្បងរបស់វា P9 និង P9 Plus ឡើយ។ ហើយចំនុចដែលខុសគ្នានោះគឺត្រង់រចនាបថកាមេរ៉ាផ្នែកខាងក្រោយតែប៉ុណ្ណោះ។ ដោយ P9 និងP9 Plus បំពាក់កាមេរ៉ាពីរគ្រាប់របស់ LEICA ដោយឡែក P9 Lite មានកាមេរ៉ាតែមួយគ្រាប់ប៉ុណ្ណោះ។ ចំនែកប៊ូតុងចុច រន្ធដោតដាក់ស៊ីមកាត ដោតកាសខ្នាត 3.5 មម រន្ធដោត USB ទ្រនាប់ស្កែនម្រាមដៃ និងឧប៉ាល័រសម្លេង គឺដូចគ្នាទាំងស្រុងតែម្តង។ ដូច្នេះក្រុមការងារទស្សនាវដ្តីពិភពអេឡិចត្រូនិកសូមមិនបរិយាយទាក់ទងនឹងចំនុចទាំងអស់នេះឡើយ។
កញ្ចក់អេក្រង់ទំហំ 5.2” ភ្លឺច្បាស់
ងាកមកចាប់អារម្មណ៍លើផ្ទៃខាងមុខរបស់ P9 Lite ដែលបានក្រាលដោយកញ្ចក់អេក្រង់ថាច់ប្រភេទ IPS LCD គឺ 5.2” វិញដែលមានរចនាបថសមភាពផុសឡើងយ៉ាងប្រណីតជាមួយសមត្ថភាពបង្ហាញរូបភាព និងវីដេអូបានភាពភ្លឺច្បាស់ល្អទាំងពណ៌-ពន្លឺក្នុងកម្រិត Full-HD ឬ 1080x1920px ជាមួយកម្រិតភាពច្បាស់ 424ppi។
កំលាំងម៉ាស៊ីនប្រើការទូទៅ
សម្រាប់កំលាំងម៉ាស៊ីន P9 Lite ត្រូវបានហូវៃដាក់ឲ្យដំណើរការលើបន្ទះឈីបស៊េរី HiSilicon Kirin 650 ដែលមានអង្គគណនា 8 គ្រាប់ ហើយមាន 4 គ្រាប់ជាប្រភេទ Cortex-A53 រត់បានក្នុងល្បឿន 2.0GHz និង 4 គ្រាប់ទៀតជាប្រភេទ Cortex-A53 រត់បានក្នុងល្បឿន 1.7GHz គូបផ្សំនឹងរ៉េមទំហំ 2GB/3GB និងប្រើអង្គក្រាហ្វិកប្រភេទ Mali-T880MP2។ ដូចនេះរាល់ប្រតិបត្តិការការងារទូទៅ និងលេងហ្គេមដែលមានកម្រិតក្រាហ្វិកធំល្មមៗមិនសូវជាមានបញ្ហារអាក់រអួលឡើយ។
ផ្នែករឹងសំខាន់មួយចំនួនទៀត
ជាមួយគ្នានេះដែរក្នុងម៉ាស៊ីនរបស់ Huawei P9 Lite ក៏បានភ្ជាប់មកជាមួយនូវអង្គផ្ទុកទិន្នន័យរួចជាស្រេចទំហំ 16GB និងអាចបង្កើនបាន 256GB ជាប្រភេទ microSD នៅត្រង់ត្រេស៊ីមទីពីរ ព្រមទាំងមានថ្មខ្នាត 3,000mAh ដែលអាចកាន់ថាមពលប្រើប្រាស់បានយូរ។ ប៉ុន្តែគួរឲ្យស្តាយដោយសារតែ P9 Lite មិនបានភ្ជាប់នូវបច្ចេកវិទ្យា និងដុំសាកថាមពលថ្មល្បឿនលឿនមកជាមួយឡើយ។
កាមេរ៉ាថតរូប និងវីដេអូ
Huawei P9 Lite មានកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល ប្រើប្រាស់បច្ចេកវិទ្យាចាប់រូបភាពរបស់ SONY ប្រភេទ IMX214 ជាមួយកម្រិតចាប់រូបភាព-វីដេអូ f/2.0។ ហើយចំពោះមុខងារប្រើប្រាស់សម្រាប់ថតរូប និងវីដេអូមិនសូវជាខុសទៅនឹងម៉ូដែលស្មាតហ្វូន Huawei ដទៃឡើយ ក្នុងនោះមានដូចជា beauty mode, time-lapse, Light painting, HDR, Super night, panorama, slow-motion និងwatermark ជាដើម។ ហើយសម្រាប់កាមេរ៉ាមុខវិញគឺមានទំហំ 8 មេហ្គាភិចសែលសម្រាប់ថតរូបវីដេអូ Selfie ជាមួយស៊ិនស័រពន្លឺជាជំនួយដល់ការថតនៅទីដែលខ្សោយពន្លឺ។
ប្រតិបត្តិការ
ផ្នែកដទៃមិនអាចប្រៀបផ្ទឹមជាមួយនឹងរាមច្បង P9 និងP9 Plus ក៏ពិតមែន ប៉ុន្តែសម្រាប់ប្រតិបត្តិការវិញគឺទ្រទ្រង់បានជាមួយ Android ជំនាន់ Marshmallow កំនែប្រែ 6.0 និងស្រោបដោយផ្ទៃយួស័រអ៊ីនធើហ្វេស EMUI 4.1 ដូចរាមច្បងទាំងពីររបស់វាដែរ។ ដូចនេះវាបានផ្តល់នូវមុខងារ និងកម្មវិធីកាន់តែសម្បូរបែបសម្រាប់ការប្រើប្រាស់លេងកម្សាន្ត៕