កាលពីថ្ងៃទី 22 មិថុនា 2016 មជ្ឈមណ្ឌលនាឡិកាស្វីស ដែលស្ថិតនៅក្រោមក្រុមហ៊ុន LDI Enterprise Ltd ដែលជាតំណាងចែកចាយនាឡិកាដ៏ធំបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកសម្ពោធហាងតាំងលក់នាឡិកាដៃម៉ាក TISSOT នៅក្នុងបុរីឡាសែននៃទីក្រុងកោះពេជ្រ ដោយមានការចូលរួមពីបណ្ដាដៃគូជាច្រើន ព្រមទាំងមានការចូលរួមពី លោក Francois Barrie ប្រធានផ្នែកលក់ប្រចាំតំបន់មកពីប្រទេសស្វីស និងលោកគួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វីសផងដែរ ។
តាមប្រសាសន៍ថារបស់ លោក គួច ណាវ ដែលជានាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វីស បានបញ្ជាក់យ៉ាងដូច្នេះថា ក្រុមហ៊ុន LDI Enterprise Ltd បានចាប់បដិសន្ធិនៅក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី 8 សីហា 1993 ដែលរហូតមកដល់ពេលនេះ ក្រុមហ៊ុន គឺមានអាយុកាល 23 ឆ្នាំមកហើយ និងទទួលបាននូវទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជននៅទូទាំងប្រទេស ដែលបានជាវនាឡិកាដៃ ដែលជាផលិតផលពិត 100% និងមានការធានាទាំងគុណភាព ទាំងតម្លៃ ។
លោក គួច ណាវ បន្តថា ក្រុមហ៊ុន LDI Enterprise Ltd ទទួលបានសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ នាឡិកាដៃម៉ាក TISSOT តាំងពីឆ្នាំ 1999 និងបានបើកហាងសាខាជាច្រើនកន្លែង នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ នាឡិកាដៃម៉ាក TISSOT ត្រូវបានផលិតឡើងនៅក្នុងប្រទេសស្វីសតាំងពីឆ្នាំ 1853 មកម្ល៉េះ និងត្រូវបានគេនិយមប្រើប្រាស់ពាសពេញពិភពលោក ។
លោក Francois Barrie ប្រធានផ្នែកលក់ប្រចាំតំបន់ បានអោយដឹងថា ប្រទេសកម្ពុជា ជាទីផ្សារដ៏មានសក្ដានុពលមួយក្នុងការចរាចរណ៍ទីផ្សារលើនាឡិកាដៃម៉ាក TISSOT នេះ ព្រោះប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយចំណូលរបស់ប្រជាជនក៏បានកើនឡើងបន្តបន្ទាប់ ដែលតម្រូវការនៃការប្រើប្រាស់របស់របរដែលមានគុណភាព ក៏មានច្រើនដែរ ។ លោកបន្តថា ផលិតផលនាឡិកាស្វីស វាមិនថ្លៃដូចអ្វីដែលអ្នកទាំងអស់គ្នាគិតនោះទេ ។ បើនិយាយពីផលិតផលរបស់ប្រទេសស្វីស និងមានគុណភាពនោះ ផលិតផល TISSOT មានតម្លៃដូចនឹងផលិតផលដទៃ ទៀតដែរ តែយើងជឿថាប្រជាជនកម្ពុជា នឹងស្វែងរកផលិតផលណាដែលមានគុណភាព ដោយមិនគិតពីតម្លៃនោះទេ។ គិតរហូតមកដល់ពេលនេះ ផលិតផលនាឡិកាស្វីសម៉ាក TISSOT មានវត្តមាននៅបណ្ដាប្រទេស 160 ហើយនៅលើពិភពលោក ៕