SONY បានបើកទំព័រសករាជ្យថ្មីនៃទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនក្នុងត្រកូល Xperia X ដែលមាន 5 ម៉ូដែល Xperia X, X Performance, XA, XA Dual និង XA Utral។ ទូរស័ព្ទស្មាតហ្វូនក្នុងត្រកូលថ្មីនេះមានការរចនារូបរាងកាន់តែប្រណីតខុសប្លែកពីបណ្តាទូរស័ព្ទស្មាតហ្វូនជំនាន់មុនៗរបស់ SONY។ Xperia XA Ultra គឺជាបងធំក្នុងត្រកូលថ្មីនេះព្រោះថាវាបានភ្ជាប់មកជាមួយនូវកញ្ចក់អេក្រង់ទំហំធំរហូតដល់ទៅ 6.0” រួមជាមួយចំនុចដ៏លេចធ្លោរជាច្រើនសម្រាប់ប្រើប្រាស់។
រូបរាង និងរចនាបថ
XA Ultra មានកម្រាស់ 8.4 មម និងទំងន់ 202 ក្រាម។ នៅផ្នែកខាងមុខក្រាលដោយកញ្ចក់អេក្រង់ពេញតែម្តងហើយគែមអមឆ្វេងស្តាំងអេក្រង់ស្តើងតូចបំផុត ប៉ុន្តែគែមលើក្រោមនៅតែមានគម្លាតរាងក្រាស់ដូចត្រកូល Xperia Z ដដែល។ ចំពោះការរចនាវិញឃើញថាស្រស់ស្អាតជាមួយគែមរាងមូល និងនៅជុំវិញតួរមានបង្កប់នៅប៊ូតុងចម្បងមួយចំនួនរួមមាន ប៊ូតុងកាមេរ៉ា ប៊ូតុងឡើងចុះសម្លេង និងប៊ូតុងបិទបើក-ចាក់សោរទូរស័ព្ទរាងមូលស្ថិតនៅខាងស្តាំដៃ រន្ធដោត USB, ឧប៉ាល័របញ្ចេញសម្លេង និងរន្ធម៉ិចស័រស្រូបសម្លេងស្ថិតនៅខាងក្រោម, រន្ធដោតកាសខ្នាត 3.5 មមជាមួយរន្ធម៉ិចស័រតូចមួយស្ថិតនៅខាងលើ។ ចំនែករន្ធដោតដាក់ស៊ីមកាត និងម៉េមូរីកាតស្ថិតនៅខាងលើចំហៀងខាងឆ្វេងមានសន្ទះគ្រប់បិទពីលើ។ មើលពីមុខយើងឃើញមានកាមេរ៉ា អំពូល LED Flash មួយគ្រាប់ និងស៊ិនស័របិទពន្លឺអេក្រង់ពណ៌ខ្មៅស្ថិតនៅខាងលើអេក្រង់ និងខាងក្រោមមិនមានអ្វីនោះទេ។ ហើយការចុចបញ្ជាមុខងារ កម្មវិធីទាំងឡាយស្ថិតលើកញ្ចក់អេក្រង់ទាំងអស់។ ងាកមកផ្នែកខាងក្រោយវិញយើងឃើញមានកាមេរ៉ា អំពូល LED flash មួយគ្រាប់ស្ថិតនៅខាងលើឈៀងខាងឆ្វេង, និមិត្តសញ្ញា NFC, អក្សរ XPERIA នៅចំកណ្តាល។ និយាយរួមទាំងរូបរាង និងរចនាបថខាងក្រៅរបស់វាពិតជាស្រស់ទាក់ចិត្តមែនទែន។
កញ្ចក់អេក្រង់ធំទូលាយ 6.0”
ដល់កន្លែងនេះខ្ញុំកាន់តែពេញចិត្តជាមួយកញ្ចក់អេក្រង់ដែលមើលទៅស្ទើរតែគ្មានគែមសងខាងរបស់វា។ ហើយម្តងនេះ SONY ពិតជាធ្វើបានយ៉ាងល្អមែនទែន។ Xperia XA Ultra បំពាក់កញ្ចក់អេក្រង់ទំហំធំរហូតដល់ទៅ 6.0” ប្រភេទ IPS LCD ជាមួយកម្រិតពណ៌ 16 លានពណ៌ និងមានកម្រិតភាពច្បាស់ 367ppi។ ប៉ុន្តែកញ្ចក់អេក្រង់របស់ XA Ultra មិនអាចទ្រទ្រង់ការបង្ហាញរូបភាព-វីដេអូកម្រិតកម្រិត 4K ដូច Xperia Z Premium ឡើយគឺមានត្រឹង Full-HD ប៉ុណ្ណោះ។
កាមេរ៉ាថតរូប និងវីដេអូ
Xperia XA Ultra មានកាមេរ៉ាក្រោយទំហំ 21.5 មេហ្គាភិចសែលអមដោយអំពូល LED flash មួយគ្រាប់ ជាមួយមុខងារទប់លំនឹងពេលថត OIS, autofocus។ ចំនែកកាមេរ៉ាមុខមានទំហំ 16 មេហ្គាភិចសែល ហើយក៏មានអំពូលភ្លើង LED flash មួយគ្រាប់ផងដែរដូចនេះការថតរូប Selfie គឺពិតជាច្បាស់គ្រប់ពេលគ្រប់ទីកន្លែង។ ចំពោះសមត្ថភាពថតវីដេអូគឺបានត្រឹមកម្រិត Full-HD 1080px ក្នុងល្បឿន 30 fps ទាំងកាមេរ៉ាមុខ និងក្រោយ។
កំលាំងម៉ាស៊ីន និងប្រតិបត្តិការ
SONY បានចាប់ដៃជាមួយ MediaTek ក្នុងការពាំនាំបន្ទះឈីបស៊េរី MT6755 Helio P10 មកបំពាក់លើទូរស័ព្ទស្មាតហ្វូនស៊េរី Xperia XA Ultra មួយនេះ ហើយបន្ទះឈីបមួយនេះភ្ជាប់មកនូវអង្គគណនាចំនួន 8 គ្រាប់,អង្គក្រាហ្វិក Mali-T860MP2, មានរ៉េមទំហំ 3GB និងអង្គផ្ទុកទិន្នន័យ 16GB ព្រមទាំងទ្រទ្រង់ការបន្ថែមទំហំម៉េមូរីប្រភេទ microSD បាន 256GB ផងដែរ។ ជាមួយគ្នានេះដែរ Xperia XA Ultra មានថ្មជាប់តួរកំលាំង 2,700mAh ដែលអាចកាន់ថាពលប្រើប្រាស់ទូទៅបានជិតមួយថ្ងៃ។ SONY បានដាក់ប្រតិបត្តិការ Android ជំនាន់ Marshmallow កំនែប្រែ 6.0.1 នៅលើទូរស័ព្ទស្មាតហ្វូនមួយនេះ និងស្រោបពីលើដោយស្បែកយួស័រអ៊ីនធើហ្វេសដែលរចនាឡើងដោយ SONY ផ្ទាល់តែម្តងដែលមើលទៅស្អាតប្លែកពីជំនាន់មុនរបស់វាទាំងផ្ទាំងចាក់សោរ អាយខនកម្មវិធី វ៉ិចចេត ផ្ទាំងហូមស្គ្រីន និងបំពាកបន្ថែមនូវមុខងារប្រើប្រាស់ថ្មីៗមួយចំនួនទៀតផង។ SONY Xperia XA Ultra គឺជាទូរស័ព្ទស្មាតហ្វូនប្រភេទហ្វាប់ប្លែតជំនាន់ថ្មីបំផុតដែលប្រកបទៅដោយគុណតម្លៃសម្រាប់ការប្រើប្រាស់តួរយ៉ាងដូចជារូបរាងប្រណីត កញ្ចក់អេក្រង់ធំ 6.0”, កាមេរ៉ាថតរូបក្រោយ 21.5 មេហ្គាភិចសែល, មុខ 16 មេហ្គាភិចសែលមានភ្លើង LED flash ទាំងមុខទាំងក្រោយព្រមជាមួយមុខងារទប់លំនឹង OIS និងកំលាំងម៉ាស៊ីនខ្លាំងពីបន្ទះឈីបរបស់ MediaTek ប្រតិបត្តិការបានយ៉ាងរលូន៕