លោកអ្នកពិតជាចូលចិត្តថតរូប Selfie មែនទេ? ពេលនេះលោកអ្នកបានជូបអ្នកជំនាញខាង Selfie មកពីក្រុមហ៊ុន OPPO ហើយនោះគឺទូរស័ព្ទ Oppo F1 Plus។ F1 Plus មិនត្រឹមតែជាអ្នកដែលជំនាញខាងថតរូប Selfie ជាមួយកាមេរ៉ាមុខទំហំ 16 មេហ្គាភិចសែលប៉ុណ្ណោះទេ ប៉ុន្តែ វាមានភ្ជាប់មកជាមួយនូវអ្វីៗដែលពិសេសៗជាច្រើនទៀតដែលមិនអាចកាត់ថ្លៃបាន។ តោះកុំបង្អង់យូរទៅជូបជាមួយអ្នកជំនាញ Selfie មួយនេះទាំងអស់គ្នា។
រូបរាង និងរចនាបថ
មុននឹងនិយាយដល់ការថតរូប Selfie យើងសូមនិយាយពីលក្ខណះសម្បត្តិខាងក្រៅរបស់វាបន្តិចសិន។ OppO F1 Plus មានរូបរាង និងរចនាបថយ៉ាងល្អវិចិត្រតែម្តងដោយមានតួរផលិតពីលោហះធាតុមាញ៉េដ្យូមដ៏រឹងមាំកម្រាស់ស្តើងបំផុតត្រឹមតែ 6.6 មម និងទំងន់ 145 ក្រាមប៉ុណ្ណោះ។ ផ្ទៃខាងមុខក្រាលដោយកញ្ចក់ពេញតែម្តង និងមានសភាពផុសឡើងមើលទៅហាប់ជិតល្អ។ នៅផ្នែកខាងក្រោមកញ្ចក់មានប៊ូតុងហូមស្គ្រីនអមដោយប៊ូតុងថាច់ស៊ិនស័រស៊ីធីវពីរគឺប៊ូតុងត្រឡប់ក្រោយនៅខាងស្តាំ និងប៊ូតុងបើកមើកម្មវិធីបើកចោលនៅខាងឆ្វេង, ខាងលើមានឧប៉ាល័រស្តាប់ការសន្ទនា កាមេរ៉ា និងស៊ិនស័របិទពន្លឺអេក្រង់។ ជុំវិញតួរមានបង្កប់នូវប៊ូតុងបិទបើក-ចាក់សោរអេក្រង់ រន្ធដោតដាក់ស៊ីមកាតទាំងពីរ និងម៉េមូរីកាតនៅខាងស្តាំដៃ, ឆ្វេងដៃមានប៊ូតុងបិទបើកសម្លេងរោទិ៍, ក្រោមមានរន្ធដោតកាសខ្នាត 3.5 មម ម៉ិចស័រស្រូបសម្លេងសន្ទនា រន្ធ USB និងឧប៉ាល័របំពងសម្លេង រីឯខាងលើមានរន្ធស្រូបសម្លេងថតវីដេអូតូចមួយ។ ផ្នែកខាងក្រោយមានគំនូសកាត់ទទឹងតួរ (Antenna Lines) លើក្រោម, កាមេរ៉ា, អំពូល LED flash មួយគ្រាប់ស្ថិតនៅខាងលើឈៀងខាងឆ្វេង និងអក្សរ OPPO នៅកណ្តាល។
កាមេរ៉ាថតរូប និងវីដេអូ
សម្រាប់ការថតរូបផ្នែកខាងមុខ រឺគ្រប់គ្នាតែងតែនិយមហៅថា “ Selfie” នោះ OPPO F1 Plus អាចថតបានក្នុងទំហំកាមេរ៉ា 16 មេហ្គាភិចសែលជាមួយកម្រិតចាប់រូបភាព f/2.0 និងមានស៊ិនស័រពន្លឺជាជំនួយដល់ការថតនៅទីដែលមានពន្លឺទាបបានកាន់តែច្បាស់។ ចំពោះមុខប្រើសម្រាប់ថត Selfie មានដូចជាថតរូបដែលមានបណ្តោយវែង Panorama, Night Time ប្រើសម្រាប់ថតនៅពេលយប់, Low Light ប្រើសម្រាប់ថតនៅពេលមានពន្លឺខ្សោយ, Back Light និង DayLight ជាដើម។ ចំនែកកាមេរ៉ាក្រោយវិញគឺមានទំហំ 13 មេហ្គាភិចសែលមានកម្រិតចាប់រូបភាព-វីដេអូ f/2.2 ជាមួយអំពូល LED flash មួយគ្រាប់ និងអាចថតវីដេអូបានកម្រិត Full-HD ក្នុងល្បឿន 30fps។
កញ្ចក់អេក្រង់ទំហំ 5.5 អ៊ីង
Oppo F1 Plus បំពាក់ដោយកញ្ចក់អេក្រង់ទំហំ 5.5 អ៊ីងប្រភេទ AMOLED មានស្រទាប់ការពារឆ្កូត Corning Gorilla class 4 និងអាចទ្រទ្រង់ការបង្ហាញរូបភាពបាន Full-HD (1080x1920px) ជាមួយកម្រិតភាពច្បាស់ផ្ទៃអេក្រង់ 401ppi។ រាល់ការបង្ហាញរូបភាព និងវីដេអូនៅលើអេក្រង់របស់ F1 Plus គឺច្បាស់ដុតល្អទាំងពន្លឺ និងពណ៌ ។
កំលាំងម៉ាស៊ីន និងប្រិតបត្តិការ
ទូរស័ព្ទស្មាតហ្វូនមួយនេះដំណើរការជាមួយ Android ជំនាន់ Lollipop កំនែប្រែ 5.1 ស្រោបដោយប្រតិបត្តិការ ColorOS v3.0 នៅលើបន្ទះឈីប Mediatek MT6755 Helio P10។ បន្ទះឈីប Helio P10 ដែលបំពាក់លើ F1 Plus មានអង្គគណនា 8 គ្រាប់, ទ្រទ្រង់បានអង្គក្រាហ្វិកពពួក Mali-T860MP2 ជាមួយរ៉េមទំហំ 4GB។ កំលាំងម៉ាស៊ីនរបស់វាប៉ុណ្ណេះគឺអាចអូសកម្មវិធីទូទៅ លេងហ្គេមធំៗ វាយអត្ថបទ និងឆែកអ៊ីនធើណិតជាដើមបានយ៉ាងរលូនសឹងតែរកភាពរអាក់រអ៊ួលគ្មាន។ ក្នុងម៉ាស៊ីនមួយនេះនៅមានភ្ជាប់នូវអង្គផ្ទុកទិន្នន័យស្រាប់ទំហំ 64GB អាចបង្កើនទំហំបាន 256GB ជាមួយ microSD នៅត្រេជើងស៊ីមទីពីរ, មានថ្មប្រភេទ Li-Po កំលាំង 2,850mAh ភ្ជាប់នូវមុខងារសាកថាមពលថ្មល្បឿនលឿន (WOOC Flash Charge) ដែលសាកពី 0 ទៅ 75% ប្រើពេលប្រមាណ 30 នាទី ។ បន្ថែមពីនេះ Oppo F1 Plus នៅមានទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃល្បឿនលឿនដែលអាចដោះសោរទូរស័ព្ទប្រើពេលតែ 0.2 វិនាទី និងមានមុខងារប្រើប្រាស់ទំនើបៗជាច្រើនទៀត។ ស្រឡាញ់ Selfie ស្រឡាញ់ OPPO F1 Plus ពិតជាមិនខុសបំណងឡើយ៕