រថយន្តអគ្គិសនីជំនាន់ថ្មី BYD Atto 3 មានការបញ្ជាទិញមុនចំនួនជាង 30,000 គ្រឿងនៅក្នុងសប្តាហ៍ដំបូងនៃការប្រកាសចេញលក់នៅទីផ្សារប្រទេសចិន នេះបើតាមលោក Li Tian អ្នកចាក់ការទូទៅនៃបណ្តាញលក់ម៉ាករថយន្ត Dynasty របស់ BYD។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ ត្រូវបានគេស្គាល់ថា Yuan Plus នៅទីផ្សារប្រទេសចិន និង Atto 3 នៅលើទីផ្សារអន្តរជាតិ ដែលត្រូវបាន BYD ធ្វើការប្រកាសចេញលក់ផ្លូវការណ៍នៅប្រទេសចិនកាលពីថ្ងៃទី 21 ខែឧសភា កន្លងទៅជាមួយតម្លៃចាប់ពីខ្ទង់ $16,600។
BYD Atto 3 ជំនាន់ថ្មីនេះត្រូវបានផលិតឡើងដោយប្រើប្រាស់ស្ថាបត្យកម្មផលិតឡានអគ្គិសនី e-Platform 3.0 Evo របស់ BYD ដែលមានការគាំទ្រនូវបច្ចេកវិទ្យាថ្ម Blade Battery ជំនាន់ទីពីរ និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន Flash Charging ថែមទៀតផង។ Atto 3 ជំនាន់ថ្មីមានជម្រើសកញ្ចប់ថ្មទំហំ 57.5kWh និង 68.5kWh ប្រភេទ Lithium iron phosphate គាំទ្រការសាកភ្លើងចូលល្បឿនលឿនដែលសាក 0% ទៅ 97% ស៊ីពេលត្រឹម 9 នាទី ហើយការសាកភ្លើងពេញម្តងអាចជិះបានដល់ 540km និង 630km តាមស្តង់ដារ CLTC។
ឡានអគ្គិសនីប្រភេទ Compact-Crossover EV ជំនាន់ថ្មីនេះ នៅរក្សាអត្តសញ្ញាណការឌីស្សាញផ្នែកខាងមុខបែបស្ទាយ Dragon Face នៃម៉ាក Danysty ដដែល ប៉ុន្តែមានការពង្រីកប្រវែង និងទំហំតួរខ្លួនរាងធំជាងជំនាន់ Atto 2 បន្តិច។ Atto 3 មានប្រវែងតួរខ្លួន 4665mm វែងជាងមុន 210mm/ ទទឹង 1895mm ទូលាយជាងមុន 20mm/ កំពស់ 1675mm ខ្ពស់ជាងមុន 60mm និងគម្លាតកង់មុខក្រោយប្របែង 2,770mm ឃ្លាតជាងមុន 50mm។ Atto 3 ម៉ូដែលថ្មីមានជម្រើសប្រើយ៉ាន់កង់ខ្នាត 18-inch និង 19-inch។
ទៅលើម៉ូទ័រអគ្គិសនីវិញ BYD Atto 3 មានជម្រើសម៉ូទ័រអគ្គិសនីកម្លាំង200kW ឬស្មើរនឹង 268hp និងម៉ូដែលប្រើម៉ូទ័រប្រភេទ e-Motor កម្លាំង 240kW ឬស្មើរនឹង 322hp។ សម្រាប់ប្រព័ន្ធសុវត្តិភាពជំនួយការអ្នកបើកបរវិញ មានដូចជាប្រព័ន្ធចាប់សញ្ញាឧបសគ្គកម្រិតខ្ពស់ប្រភេទ LiDAR Sensor ភ្ជាប់នៅលើដំបូលខាងមុខ និងសែនស័រសំខាន់ៗផ្សេងទៀតសរុបមានចំនួន 30 គ្រាប់ សម្រាប់ភ្ជាប់ជំនួយការដល់ប្រព័ន្ធបើកបរកម្រិត “DiPilot 300 assisted driving system” រួមនិងប្រព័ន្ធ Continuous Damping System។ បន្ថែមពីនេះ ក៏មាននូវប្រព័ន្ធជំនួយការសំខាន់ៗផ្សេងទៀតដូចជាប្រព័ន្ធ DiSus-C intelligent damping body control system, iTAC 2.0 torque control, និងTBC tyre blowout stability control ជាដើម។
BYD Atto 3 ជំនាន់ថ្មីមានជម្រើស 9 ពណ៌ រួមបញ្ចូលទាំងពណ៌ថ្មីហៅថា Dual-tone versions Fantasy Pink, Trendy Blue និង Green។ នៅផ្នែកខាងក្នុងរបស់ Atto 3 មានដំឡើងមកជាមួយ Speaker ចំនួន 16 គ្រាប់, មានទូទឹកកក និងទឹកក្តៅ, អេក្រង់កម្សាន្តមានទំហំធំអាចភ្ជាប់ជាមួយមុខងារ DiLink system, អេក្រង់បង្ហាញព័ត៌មានរថយន្តក្រោយដៃចង្កូត, មុខងារបង្ហាញលើកញ្ចក់ដំបូលមុខ Head-up display និងកន្លែងសាកថ្មស្មាតហ្វូន Wireless Phone Charging Pad ចំនួនពីរផងដែរ៕



