ក្រុមហ៊ុន BMW បានធ្វើការប្រកាសចេញឡានអគ្គិសនី i3 ម៉ូដែលថ្មី ដែលបំពាក់កញ្ចប់ថ្មថ្មីអាចបើកបរបានចម្ងាយឆ្ងាយដល់ទៅ 900 គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនផលិតឡានអាល្លឺម៉ងនេះ បានឲ្យដឹងថា BMW i3 ម៉ូដែលថ្មីឆ្នាំ 2026 ត្រូវបានផលិតឡើងដោយប្រើនូវប្រព័ន្ធបច្ចេកវិទ្យា eDrive Technology ដែលមានការគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាភ្លើងកម្លាំងខ្លាំងដល់ 800 Voltage Architecture របស់ក្រុមហ៊ុនផ្ទាល់។ BMW i3 ឆ្នាំ 2026 គឺជាឡានអគ្គិសនីម៉ូដែលទីពីរដែលផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹងឡានអគ្គិសនី "Neue Klasse" platform។ 

BMW i3-2026 នឹងត្រូវប្រកាសចេញលក់ដំណាលគ្នាជាមួយនឹងម៉ូដែល BMW 50 xDrive ជាមួយជម្រើសប្រើម៉ូទ័រអគ្គិសនីពីរ (ម៉ូទ័រមុខ/ក្រោយ) ឬប៉ុងពីរ ដែលអាចផលិតកម្លាំងសរុបបានដល់ 469 សេះ និងកម្លាំងរមូល 645Nm។ BMW i3 ម៉ូដែលថ្មីឆ្នាំ 2026 ក៏នឹងគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត ultra-rapid 800-volt DC charging station កម្លាំងដល់ 300kW ដែលសាកភ្លើងត្រឹមតែ 10 នាទី អាចបើកបានចម្ងាយដល់ 400km។


BMW បាននិយាយថា ខ្លួនបានប្រើប្រាស់នូវបច្ចេកវិទ្យា eDrive Technology ដែលត្រូវបានរួមបញ្ចូលនូវអនុភាពប្រព័ន្ធម៉ូទ័រអេឡិចត្រូនិច, បច្ចេកវិទ្យាភ្លើងកម្លាំងខ្លាំង 800-volt technology និងបច្ចេកវិទ្យាថ្មថ្មីកម្លាំងវ៉ុលខ្លាំង។ ហើយបើធៀបបច្ចេកវិទ្យា eDrive Technology ជំនាន់ទី 6 ទៅនិងជំនាន់ទី 5 គឺវាមានប្រសិទ្ធិភាពខ្ពស់ជាងដល់ 30%។ 

BMW i3 ឆ្នាំ 2026 នឹងត្រូវផលិតនៅក្នុងរោងចក្រ Plant Munich ក្នុងប្រទេសអាល្លឺម៉ង។ រោងចក្រនៅទីក្រុង Munich នឹងចាប់ផ្តើមផលិតរថយន្ត BMW i3 នៅខែសីហា ឆ្នាំ2026 ហើយការនាំចេញត្រូវបានគេប៉ាន់ប្រមាណថា អាចនឹងដល់ដៃអតិថិជននៅចក្រភពអង់គ្លេសនឹងចាប់ផ្តើមនៅរដូវស្លឹកឈើជ្រុះ។ នៅឆ្នាំ 2027 ក្រុមហ៊ុន BMW នឹងផ្លាស់ប្តូរការផលិតរថយន្តទាំងអស់នៅរោងចក្រ Munich ទៅផលិតរថយន្តអគ្គិសនីទាំងស្រុង ដែលវាជាផ្នែកមួយនៃកម្មវិធី “Neue Klasse Programme” របស់ក្រុមហ៊ុន។ យ៉ាងណាមិញពាក់ព័ន្ធទៅនឹងតម្លៃ និងលក្ខណៈសម្បត្តិលម្អិតរបស់ BWM i3 ឆ្នាំ 2026 ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេ៕