ឡានអគ្គិសនីប្រភេទ SUV ស៊េរីថ្មីឆ្នាំ 2026 Mazda CX-6e ត្រៀមចេញលក់នៅទីផ្សារប្រទេសអូស្ត្រាលីជាមួយតម្លៃធូរថ្លៃជាងគូប្រជែង Tesla Model Y ប៉ុន្តែ ក្រុមហ៊ុន Mazda Australia មិនទាន់បានបញ្ជាក់តម្លៃផ្លូវការណ៍នោះទេ។ បច្ចុប្បន្ន សម្រាប់ម៉ូដែល Mazda 6e ដែលជាងឡានអគ្គិសនីសុទ្ធប្រភេទ Liftback sedan ដែលចេញលក់នៅទីផ្សារអូស្ត្រាលីមានតម្លៃខ្ទង់ $49,990 តម្លៃចេញពីរោងចក្រ ធូរថ្លៃជាងប្រមាណ $5,000 ធៀប Tesla Model 3។

អគ្គនាយកក្រុមហ៊ុន Mazda Australia លោក Vinesh Bhindi បានអះអាងថា Mazda CX-6e នឹងផ្តល់នូវគុណតម្លៃដ៏គាប់ប្រសើរបំផុតសម្រាប់អតិថិជនក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែ លោកមិនបានបញ្ជាក់ពីតម្លៃផ្លូវការណ៍របស់ CX-6e នោះទេ ខណៈដែលតម្លៃរបស់ Tesla Model Y ដែលជាគូប្រជែងមានតម្លៃខ្ទង់ $58,900 តម្លៃមិនទាន់បូកពន្ធ។ លោក Bhindi បានមានប្រសាសន៍ថា “យើងក៏នឹងផ្តល់ជូននូវកញ្ចប់ដែលផ្តោតលើតម្លៃដ៏គាប់ប្រសើរផងដែរ សូម្បីតែនៅក្នុងរថយន្ត CX-6e”។ Mazda CX-6e ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់នៅទីផ្សារអឺរ៉ុបនាពេលថ្មីៗនេះជាមួយនឹងការបំពាក់កញ្ចប់ថ្មប្រភេទ lithium-iron phosphate (LFP) battery មានទំហំ 78kWh ដែលការសាកភ្លើងមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 483km ក្រោមលក្ខខណ្ឌស្តង់ដាររបស់ WLTP។

ឡានអគ្គិសនីប្រភេទ SUV ស៊េរីថ្មីឆ្នាំ 2026 នេះ ដំណើរការដោយប្រើម៉ូទ័រអគ្គិសនីមួយមានអាចផលិតកម្លាំងបាន 190kW និងកម្លាំងរមួល 290Nm ជាមួយការឌីស្សាញទំហំតួរខ្លួនធំជាង Tesla Model Y បន្តិច។ សម្រាប់ម៉ូដែល CX-6e ដែលត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីនាពេលខាងមុខនេះ អាចនឹងនៅបន្តការប្រើប្រាស់ម៉ូទ័រអគ្គិសនីកម្លាំង 190kW ជាមួយកម្លាំងរមួល 290Nm និងកញ្ចប់ថ្ម LFP ទំហំ 78kWh ដូចម៉ូដែលចេញលក់នៅទីផ្សារអឺរ៉ុបដែរ គ្រាន់តែអាចនឹងមានការកែប្រែទម្រង់នៃការឌីស្សាញមកបែប Aerodynamic ជាង ដើមជួយឲ្យការបើកបរបានចម្ងាយឆ្ងាយជាង គឺអាចបើកបានដល់ចម្ងាយ560km។ ទាំងម៉ូដែលសម្រាប់ទីផ្សារអឺរ៉ុប និងអូស្ត្រាលី គឺប្រើប្រាស់នូវប្រព័ន្ធគ្រឿងក្រោម EPA1 ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនដៃគូ Changan Automobile ដូចគ្នា។ 

ផ្នែកកាប៊ីនខាងក្នុងរបស់ Mazda CX-6e មានបំពាក់អេក្រង់ទ្រវែងមួយមានទំហំធំដល់ 26.45-inch ដែលរួមបញ្ចូលគ្នានូវអេក្រង់បង្ហាញព័ត៌មានរថយន្ត ទទំហំ 10.2-inch និងអេក្រង់សម្រាប់ការកម្សាន្តទំហំ 14.6-inch។ Mazda CX-6e ប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹងដូចគ្នានឹងម៉ូដែល Deepal S07 ដែលម៉ូដែលនេះមានតម្លៃខ្ទង់ $49,990 ខណៈម៉ូដែល BYD Sealion 7 ដែលជាគូប្រជែងមានតម្លៃខ្ទង់ $54,990, Leapmotor C10 មានតម្លៃចាប់ពីខ្ទង់ $45,888 និង Zeekr 7X មានតម្លៃខ្ទង់ $57,900។ ចំនែកម៉ូដែលឡានអគ្គិសនីសុទ្ធដូចជា Toyota bZ4X, Subaru Solterra, Hyundai Elexio, និង Kia EV5 មានតម្លៃចាប់ពីខ្ទង់ $59,770 ឡើងទៅ នៅទីផ្សារអូស្ត្រាលី៕