យោងតាមលោក Gan Jiayue នាយកប្រតិបត្តិក្រុមហ៊ុន Geely Auto Group បានឲ្យដឹងថាក្រុមហ៊ុន Zeekr នឹងចាប់ផ្តើមនាំចេញរថយន្ត Flagship-SUV ម៉ូដែល 9X របស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេសចាប់ពីខែមិថុនា ឆ្នាំ 2026។ ម៉ូដែលនេះ ត្រូវបានក្រុមហ៊ុន គ្រោងនឹងចូលទីផ្សារមជ្ឈិមបូព៌ាមុនគេ បន្ទាប់មកគឺទីផ្សារអាស៊ីកណ្តាលនៅត្រីមាសទីបី និងអឺរ៉ុបនៅត្រីមាសទីបួន នៃឆ្នាំ 2026 នេះបើយោងតាមក្រុមហ៊ុន CLS។ លោក Gan ក៏បានបញ្ជាក់ផងដែរថា សម្រាប់ម៉ូដែលផ្សេងមួយទៀត គឺ Zeekr 8X ក៏នឹងបន្តដើរតួរសំខាន់ក្នុងការពង្រីកទីផ្សារក្រៅប្រទេសនៃម៉ាករថយន្ត Zeekr ដោយនឹងចាប់ផ្តើមនាំចេញនៅត្រីមាសទីបួននៃឆ្នាំ 2026 និងបន្តរហូតដល់ត្រីមាសទីមួយនៃឆ្នាំ 2027។

Zeekr X9 ស្ថិតនៅក្នុងស្រឡាយឡាន Premium Flagship SUV របស់ប្រទេសចិនដែលមានតម្លៃជាង $69,000 និងតម្លៃអតិបរិមាប្រហែល $73,000។ Zeekr X9 គឺជាប្រភេទរថយន្ត full-size SUV ដែលប្រើប្រព័ន្ធ Plug-in-hybrid ផលិតឡើងដោយប្រើប្រាស់ស្ថាបត្យកម្មគ្រោងឆ្អឹង SEA របស់ Geely ដែលបានរួមបញ្ចូលនូវប្រព័ន្ធដំណើរការដោយម៉ូទ័រអគ្គិសនីបី និងបច្ចេកវិទ្យាម៉ាស៊ីន Turbocharged Engine ដែលមានសមត្ថភាពផលិតកម្លាំងសរុបបានដល់ 1,030kW និងអាចបើកបរបានចម្ងាយសរុបដល់ 1,250km ក្រោមស្តង់ដារ CLTC នៅពេលសាកភ្លើង និងចាក់សាំងពេញម្តង។

ចំនែកម៉ូដែល Zeekr X8 ដែលត្រៀមខ្លួនចូលទៅក្នុងទីផ្សារក្រៅស្រុក ហើយអាចនឹងមានអនុភាពភាពប្រព័ន្ធដំណើរការប្រហាក់ប្រហែលគ្នានឹង 9X ដែរ ដូចជាការប្រើប្រាស់នូវប្រព័ន្ធម៉ូទ័រ tri-motor hybrid system ដែលអាចផលិតកម្លាំងសរុបបានដល់ 1,381 សេះ ហើយអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ប្រើពេលខ្ទង់ 2.96 វិនាទីប៉ុណ្ណោះ។ Zeekr 8X អាចនឹងមានតម្លៃចន្លោះពីខ្ទង់ $51,999 ទៅដល់់ $62,207។ Zeekr 9X គឺជាម៉ូដែលប្រើប្រព័ន្ធ Plug-in-hybrid ដំបូងរបស់ Zeekr ដែលត្រៀមខ្លួនពង្រីកដែនទីផ្សារជាមួយនឹងម៉ូដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ “Battery-electric lineup”។

ក្រុមហ៊ុន Geely បានបង្កើនការនាំចេញរថយន្តរបស់ខ្លួនចូលទៅកាន់ទីផ្សារសកលជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកខ្លួនកាន់តែទូលំទូលាយក្នុងទីផ្សាររថយន្តពិភពលោក។ ក្រុមហ៊ុននេះ ធ្លាប់បានកំណត់គោលដៅលក់រថយន្តទៅទីផ្សារក្រៅប្រទេសឲ្យបានចំនួន 640,000 គ្រឿងនៅឆ្នាំ 2026 ដោយក្រុមហ៊ុន Zeekr ត្រូវបានដាក់ជាចំណែកដ៏សំខាន់មួយនៅក្នុងផ្នែករថយន្តលំដាប់ខ្ពស់សម្រាប់ការនាំចេញ។ Zeekr 9X ត្រូវបានក្រុមហ៊ុនបានបញ្ជាក់ផ្លូវការណ៍រួចហើយថា ក៏នឹងមានការនាំចូលទៅកាន់ទីផ្សារអូស្ត្រាលីផងដែរ ហើយអាចនឹងចេញលក់នៅក្នុងចន្លោះចុងឆ្នាំ 2026 និងដើមឆ្នាំ 2027។

យោងតាមទិន្នន័យពីក្រុមហ៊ុន China EV DataTracker បានឱ្យដឹងថា Zeekr លក់រថយន្តនៅទីផ្សារប្រទេសចិនបានចំនួនចំនួន 59,466 គ្រឿងក្នុងត្រីមាសទី 1 ឆ្នាំ 2026 កើនឡើង 48.3% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលការលក់ប្រចាំត្រីមាសបានធ្លាក់ចុះ 15.5%។ ចំណែកទីផ្សាររបស់ម៉ាកយីហោរថយន្តនេះ បានឈានដល់ 1.4% នៅអំឡុងពេលនេះ កើនឡើងពី 0.8% ក្នុងត្រីមាសទី 1 ឆ្នាំ 2025៕