នៅក្នុងព្រឹត្តិការណ៍ CES 2025 ក្រុមហ៊ុន ASUS-ROG បានធ្វើការប្រកាសចេញម៉ាស៊ីនកុំព្យូទ័រហ្គេមីងស៊េរីថ្មីម៉ូដែល Zephyrus G14 និង G16 Gaming Laptop ស៊េរីឆ្នាំ 2025 ដែលបំពាក់មកជាមួយអង្គក្រាហ្វិចស៊េរីថ្មីចុងក្រោយរបស់ NVIDIA GeForce RTX ដែលភ្ជាប់នៅលើអង្គស៊ីភីយូ AMD Ryzen ឬ Intel Core processor ដែលផ្តល់នូវអនុភាព និងប្រសិទ្ធិភាពក្នុងការប្រើប្រាស់ដ៏អស្ចារ្យនៅលើតួរខ្លួន Laptop ដែលមានកម្រាស់ស្តើង។
សម្រាប់ម៉ូដែល ROG Zephyrus G14-2025 បំពាក់នូវខួរក្បាល AMD Ryzen AI 9 HX 370 processor និងភ្ជាប់ជាមួយអង្គក្រាហ្វិច Nvidia GeForce RTX 5080 ខណៈម៉ូដែល ROG Zephyrus G16-2025 បំពាក់ជាមួយខួរក្បាលម៉ាស៊ីន Intel Core Ultra 9 processor 285H ភ្ជាប់ជាមួយអង្គក្រាហ្វិច Nvidia RTX5090។ ម៉ាស៊ីនកុំព្យូទ័រ Gaming Laptop ស៊េរីថ្មីឆ្នាំ 2025 ទាំងពីរនេះ មានភ្ជាប់មកជាមួយរ៉េម DDR5 ដែលមានទំហំធំបំផុតដល់ 64GB។ ROG Zephyrus G14-2025 ត្រូវបានក្រុមហ៊ុនធ្វើការរចនាផ្នែកខាងក្នុងថ្មីដែលផ្តល់នូវការបំភាយខ្យល់ក្តៅចេញពីក្នុងម៉ាស៊ីនបានល្អប្រសើរជាងមុនប្រមាណ 47%។ រីម៉ូដែល G16 វិញត្រូវបានក្រុមហ៊ុនធ្វើការរចនានូវរចនាសម្ព័ន្ធនៃប្រព័ន្ធបន្សាបកម្តៅថ្មីដែលជួយរក្សាតុល្យភាពនៃភាពត្រជាក់បានល្អប្រសើរជាងមុនប្រមាណ 44%។
កុំព្យូទ័រស៊រីថ្មីឆ្នាំ 2025 ទាំងពីរនេះ ក៏បានបំពាក់នូវកង្ហាលជំនាន់ថ្មី 2nd Gen Arc Flow Fans ដែលមានសំឡេងស្ងាត់ល្អ ដែលផ្តល់នូវភាពត្រជាក់ដល់ម៉ាស៊ីនបានយ៉ាងល្អនៅអំឡុងពេលដំណើរការលេងហ្គេម។ Asus ROG Zephyrus G-Series ឆ្នាំ 2025 បំពាក់នូវបច្ចេកវិទ្យាកញ្ចក់អេក្រង់ ROG Nebula Display ដោយក្នុងនោះម៉ូដែល G14 ប្រើប្រាស់អេក្រង់ OLED កម្រិតបង្ហាញ 3K ជាមួយល្បឿន refresh rate 120Hz និងល្បឿន response time 0.2ms។
ចំនែកម៉ូដែល G16 បំពាក់អេក្រង់ OLED ដូចគ្នា គ្រាន់តែមានកម្រិតបង្ហាញត្រឹម 2.5K ជាមួយល្បឿន refresh rate 120Hz។ អេក្រង់របស់ Ultraportable Gaming Laptop ស៊េរីថ្មីឆ្នាំ 2025 ទាំងពីរម៉ូដែលនេះ គាំទ្រនូវបច្ចេកវិទ្យាចាក់ទឹកពណ៌កម្រិត DCI-P3 Color gamut, VESA DisplayHDR True Black 500, និង Dolby Vision ថែមទៀតផង។
Asus ROG Zephyrus G14-2025 មានទម្ងន់ប្រមាណ 1.5kg និងកម្រាស់ស្តើងត្រឹម 1.59cm រីម៉ូដែល G16-2025 មានទម្ងន់ 1.85kg និងកម្រាស់ 1.49cm ជាមួយតួរខ្លួនទាំងមូលត្រូវបានស្រោបដោយលោហៈធាតុ CNC-milled aluminum chassis។ ទោះជាយ៉ាងណា Asus មិនទាន់បានបញ្ជាក់ពីតម្លៃ និងកាលបរិច្ឆេទប្រកាសចេញលក់ ROG Zephyrus G14 និង Zephyrus G16 ស៊េរីឆ្នាំ 2025 នៅឡើយទេក្នុងពេលនេះ៕