ក្រុមហ៊ុន Chery ត្រៀមប្រកាសចេញរថយន្ត Compact SUV ស៊េរីថ្មីម៉ូដែល Tiggo 7 HEV នៅទីផ្សារប្រទេសចិន។ រថយន្តស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថា នឹងចូលទីផ្សារសកលផងដែរ។ Tiggo 7 ត្រូវបានគេស្គាល់ថាជា Tiggo 7 Plus នៅទីផ្សារប្រទេសចិន។ បច្ចុប្បន្ន Tiggo 7 មានជម្រើសម៉ូដែលប្រើបច្ចេកវិទ្យា 48V mild-hybrid (MHEV), Plug-in-hybrid (PHEV) ឬប្រើម៉ាស៊ីនសាំងសុទ្ធ (ICE)។ ហើយម៉ូដែល Tiggo 7 PHEV អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយផ្លូវ 90km។
សម្រាប់ម៉ូដែល Chery Tiggo 7 ជំនាន់ថ្មីនេះ គឺនឹងដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Kum Peng 2.0 hybrid system របស់ Chery ដំណើរការនៅលើម៉ាស៊ីនសាំង 1.5-litre turbo engine ជាមួយកញ្ចប់ថ្មទំហំ 5.1kWh និងដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីកម្លាំង 201 សេះ។ សម្រាប់កម្លាំងសរុបដែល Tiggo 7 HEV ជំនាន់ថ្មីធ្វើបាន គឺអាចដល់ 349 សេះ។ Chery បានអះអាងថា ប្រព័ន្ធ HEV System នៅលើ Tiggo 7 នឹងអាចបើកដំណើរការមុខងារ EV mode ដែលអនុញ្ញាតិឲ្យ Tiggo 7 HEV ថ្មីបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយឆ្ងាយ និងអាចផ្តល់នូវចរន្តភ្លើង AC ខ្លាំងសម្រាប់មុខងារ Vehicle-to-load (V2L) ផងដែរ។
ហើយកញ្ចប់ថ្ម 5.1kWh នៅលើ Tiggo 7 HEV ក៏នឹងមានប្រព័ន្ធធាតុត្រជាក់ “Air-cooled” ថែមទៀតផង។ លក្ខណៈពិសេសរបស់ Tiggo 7 HEV គឺមិនដូចនឹងរថយន្ត Plug-in-hybrid ដទៃឡើយ ដោយសារតែវាមិនមានរន្ធសម្រាប់សាកភ្លើងនោះទេ គឺដោយសារតែ Tiggo 7 HEV គាំទ្របច្ចេកវិទ្យា Self-charging hybrid ដែលសាកភ្លើងពីថាមពលម៉ាស៊ីនខាងក្នុងទៅកាន់កញ្ចប់ថ្មតែម្តង។ រថយន្ត Compact SUV PHEV ថ្មីនេះ មានប្រវែងតួរខ្លួន 4,540mm/ ទទឹង 1,870mm/ កំពស់ 1,170mm ជាមួយគម្លាតកង់មុខងារទៅកង់ក្រោយ 2,661mm។ Tiggo 7 HEV មានទំងន់សរុបចាប់ពី 1,489kg និង 1,788kg ទៅតាមជម្រើសម៉ូដែល។ រថយន្តស៊េរីថ្មីនេះ មានប្រព័ន្ធជើងក្រោមផ្នែកខាងមុខបានបំពាក់នូវប្រព័ន្ធ McPherson struts និងខាងក្រោយជាប្រព័ន្ធ multi-link suspension។
បច្ចុប្បន្ននៅទីផ្សារប្រទេសចិន Chery ចេញលក់ Tiggo7 Plus មានបីជម្រើសម៉ូដែលផ្សេងគ្នា គឺម៉ូដែលប្រើម៉ាស៊ីនសាំងសុទ្ធ (ICE) និង PHEV ដោយក្នុងនោះម៉ូដែល PHEV មានតម្លៃចាប់ពីខ្ទង់ $19,200 ដល់ $22,100។ ដោយឡែកសម្រាប់ Tiggo 7 HEV ម៉ូដែលថ្មី ក្រុមហ៊ុន Chery មិនទាន់បង្ហើបពីតម្លៃនៅឡើយទេ៕



