BYD Datang គឺជារថយន្ត SUV កំពូលដំបូងក្នុងប្រភេទ D-Segment ដែលស្ថិតក្នុងអម្បូរនៃត្រកូលរថយន្ត BYD Dynasty។ កំពូលរថយន្ត SUV ដ៏ប្រណីតថ្មីនេះ នឹងចេញលក់នៅលើទីផ្សារផ្លូវការណ៍នៅពាក់កណ្តាលខែមិថុនា ឆ្នាំ 2026 ឆាប់ៗខាងមុខនេះ។ Datang ក៏ជា SUV អគ្គិសនីថ្មីប្រណីតបំផុតមួយរបស់ BYD ដែលចូលខ្លួនមកដើម្បីជួយពង្រីកទីផ្សាររថយន្តកម្រិត Premium SUV Segment ដំណើរការដោយថាមពលថ្មី (NEV) ក្នុងប្រទេសចិនផងដែរ។
លោក Lu Tian នាយកគ្រប់គ្រងទូទៅនៃផ្នែកលក់រថយន្ត Dynasty របស់ BYD បានបង្ហាញផែនការថ្មីនេះ នៅក្នុងអំឡុងពេលព្រឹត្តិការណ៍បើកដំណើរការយុទ្ធសាស្ត្រឆ្លាតវៃមួយនៅថ្ងៃទី 28 ខែឧសភា ដោយលោកបានបញ្ជាក់បន្ថែមថាព្រឹត្តិការណ៍បើកដំណើរការនឹងត្រូវធ្វើឡើងនៅទីក្រុង Xi'an ខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិន។ ជាមួយនឹងរថយន្ត BYD Datang SUV ថ្មីនេះ ក្រុមហ៊ុនបានធ្វើការបើកទទួលការបញ្ជាទិញមុននៅក្នុងប្រទេសចិនកាលពីថ្ងៃទី 24 ខែមេសា ឆ្នាំ2026 ដែលជាថ្ងៃដំបូងនៃការប្រារព្ធព្រឹត្តិការណ៍ពិពណ៌រថយន្ត 2026 Beijing International Auto Show។ រថយន្តអគ្គិសនីប្រណីតស៊េរីថ្មីនេះ មានតម្លៃចាប់ពីខ្ទង់ $36,870 ដល់ $47,296 នៅទីផ្សារប្រទេសចិន។
អ្វីដែលជាការកត់សំគាល់ គឺការបញ្ជាទិញ BYD Datang មានចំនួនកើនឡើងយ៉ាងឆាប់រហ័សលើសពីការរំពឹងទុក ដោយក្នុងរយះពេល 24 ម៉ោងមានការបញ្ជាទិញដល់ទៅ 30,000 គ្រឿង និងឡើងដល់ចំនួន 100,000 គ្រឿងនៅក្នុងរយះពេល 2 សប្តាហ៍។ លក្ខណៈដ៏លេចធ្លោរបំផុតសម្រាប់ BYD Datang SUV ថ្មីនេះ គឺការគាំទ្រនូវប្រព័ន្ធស្ថាបត្យកម្មបច្ចេកវិទ្យាភ្លើងកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងឧស្សាហកម្មឡានអគ្គិសនីដល់ទៅ 1,000-volt high-voltage architecture ជាមួយការគាំទ្រប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុតកម្រិត 10C Fast Charging និងកម្រិតចរន្ធ 1000A ដែលអាចឲ្យ Datang មានលទ្ធភាពគាំទ្រការសាកភ្លើងបានដល់កម្លាំង 1,000kW ឯណោះ។
BYD Datang SUV មានជម្រើសម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ និងម៉ូទ័រពីរ។ សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរគ្រាប់ ឬ Two-motor Four-Wheel-Drive អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ប្រើពេលត្រឹម 3.9 វិនាទីប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ BYD Datang SUV ក៏មានបំពាក់មកជាមួយប្រព័ន្ធជើងក្រោមកម្រិតខ្ពស់ជាមួយប្រព័ន្ធប៊ូម DiSus-A dual-chamber air suspension និងប្រព័ន្ធ road preview system ផងដែរ។ បន្ថែមពីនេះ Datang ក៏មានមុខងារ crab-walk mode (ឬដំណើរក្តាម) និងប្រព័ន្ធបត់កង់ក្រោយ (ឬ rear-steering system) ថែមទៀតផង។
BYD Datang SUV មានតួរខ្លួនប្រវែង 5,263mm/ ទទឹង 1,999mm/កំពស់ 1,790mm និងគម្លាតកង់មុខទៅកង់ក្រោយ 3,130mm។ នៅខាងក្នុងមានបំពាក់កៅអី 3 ជួរ រៀបជា 2x2x3 ស្មើរនឹង 7 កៅអី ដោយកៅអីជួរទីមួយជាប្រភេទ dual zero-gravity seats រួមទាំងមានដំឡើងមកជាមួយប្រព័ន្ធ Speaker ម៉ាក Devialet ចំនួន 27 គ្រាប់។ ជាមួយគ្នានេះ BYD Datang SUV ក៏នឹងមានជម្រើសម៉ូដែល DM-i plug-in hybrid ផងដែរ។ ដោយ Datang ដែល DM-i PHEV នឹងមានបំពាក់ម៉ាស៊ីនសាំង 1.5T កម្លាំង 115kW និងដំណើរការបើកបរដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមានកម្លាំងដល់ 200kW៕



