ដើម្បីបង្កើនប្រសិទ្ធភាពសមត្ថភាពផលិតកម្មសកល ក្រុមហ៊ុន Nissan បានប្រកាសនៅថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2026 ថា ខ្លួនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនផលិតរថយន្តចិន Chery។ ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Chery នឹងប្រើប្រាស់រោងចក្រផលិត "Line 1" របស់ក្រុមហ៊ុន Nissan នៅរោងចក្រ Sunderland ក្នុងចក្រភពអង់គ្លេស ដោយប្រតិបត្តិការត្រូវបានគ្រោងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ 2027។

កិច្ចសហការនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តថ្មីៗរបស់ Nissan ក្នុងការបង្រួបបង្រួមការផលិតម៉ូដែល Leaf, Qashqai និង Juke របស់ខ្លួនទៅលើខ្សែសង្វាក់ផលិតកម្ម "Line 2" ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមកាត់បន្ថយថ្លៃដើមទូទាំងពិភពលោក បានកាន់តែច្រើន។ លោក Ivan Espinosa នាយកប្រតិបត្តិក្រុមហ៊ុន Nissan ដែលពីមុនបានបង្ហាញទំនុកចិត្តក្នុងការស្វែងរកដៃគូសម្រាប់ខ្សែសង្វាក់ផលិតកម្មដែលនៅទំនេរ បានកត់សម្គាល់ថា ការផ្លាស់ប្តូរនេះ គឺជាសមាសធាតុសំខាន់មួយនៃកំណែទម្រង់រចនាសម្ព័ន្ធដែលកំពុងដំណើរការរបស់ក្រុមហ៊ុន។

ខណៈពេលដែល Chery មិនទាន់បានបញ្ជាក់ថា ម៉ូដែលណាខ្លះដែល នឹងត្រូវបានផលិតនៅរោងចក្រ Sunderland នោះទេ។ Chery នៅតែរក្សាវត្តមានដ៏រឹងមាំនៅក្នុងទីផ្សារចក្រភពអង់គ្លេសជាមួយនឹងម៉ាកល្បីៗរួមមាន Jaecoo, Omoda និង Lepas ក៏ដូចជាខ្សែរថយន្ត SUV ដែលមានឈ្មោះដូចគ្នា។ ជារួម ម៉ាក យីហោរថយន្ត Chery បានក្តាប់ទីផ្សារចក្រភពអង់គ្លេសជិត 7% ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ កិច្ចព្រមព្រៀងនេះ បានបំពេញបន្ថែមដល់ការពង្រីកខ្លួនថ្មីៗរបស់ Chery ទៅកាន់ទ្វីបអឺរ៉ុប រួមទាំងភាពជាដៃគូជាមួយម៉ាកយីហោរថយន្តក្រុមហ៊ុនអេស្ប៉ាញ Ebro ដើម្បីផលិតរថយន្តនៅរោងចក្រ Nissan ចាស់មួយក្បែរទីក្រុងបាសេឡូណាផងដែរ។

ភាពជាដៃគូនេះកើតឡើងនៅពេលវេលាដ៏លំបាកមួយសម្រាប់ Nissan។ នៅថ្ងៃទី 13 ខែឧសភា ឆ្នាំ 2026 ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ បានរាយការណ៍ពីការខាតបង់សុទ្ធចំនួន 533,1 ពាន់លានយ៉េប្រហែល 3,53 ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំបិទបញ្ចីសារពើពន្ធ 2025 ដែលជាឆ្នាំទីពីរជាប់ៗគ្នានៃការខាតបង់ដ៏ច្រើនដូចនេះ។ ក្រុមហ៊ុនបានលើកឡើងពីភាពជាប់គាំងនៃការលក់រថយន្តនៅទូទាំងពិភពលោក សម្ពាធអតិផរណា និងផលប៉ះពាល់នៃគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក ដែលបានកាត់បន្ថយប្រាក់ចំណេញប្រតិបត្តិការប្រហែល 1,9 ពាន់លានដុល្លារអាមេរិក ជាកត្តាជំរុញចម្បងនៃការធ្លាក់ចុះសេដ្ឋកិច្ច។ 

លោក Espinosa នាយកប្រតិបត្តិបានព្រមានថា បរិយាកាសប្រតិបត្តិការត្រូវបានគេរំពឹងថា នឹងនៅតែធ្ងន់ធ្ងរពេញមួយឆ្នាំសារពើពន្ធ 2026 ដោយសារតែការកើនឡើងនៃថ្លៃថាមពលដែលទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា។ ផ្ទុយទៅវិញក្នុងខែឧសភា ឆ្នាំ 2026, Chery Group បានរាយការណ៍ពីការលក់រថយន្តចំនួន 247,823 គ្រឿង កើនឡើង 20.5% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងតួរលេខនេះ មានចំនួន 100,304 គ្រឿងជារថយន្តថាមពលថ្មី ដែលកើនឡើង 58.8% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេស Chery បាននាំចេញរថយន្តចំនួន 181,871 គ្រឿងទៅកាន់ទីផ្សារសកលក្នុងអំឡុងខែនេះ ដែលជាខែទីបីជាប់ៗគ្នានៃការអនុវត្តការនាំចេញដែលបំបែកកំណត់ត្រា។

សម្រាប់រយៈពេលប្រាំខែដំបូងនៃឆ្នាំ 2026 ក្រុមហ៊ុន Chery សម្រេចបានបរិមាណលក់សរុបចំនួន 1,100,921 គ្រឿង កើនឡើង 7,2% បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយការនាំចេញមានចំនួន 752,755 គ្រឿង។ បច្ចុប្បន្នអ្នកប្រើប្រាស់រថយន្តរបស់ Chery មានចំនួនលើសពី 19,62 លាននាក់ ក្នុងនោះមានអ្នកប្រើប្រាស់ជាង 6,59 លាននាក់ជាអ្នកប្រើប្រាស់នៅទីផ្សារក្រៅស្រុក (ចិន)៕