ក្រុមហ៊ុន Toyota បានទទួលស្គាល់ថា “យើងមានតម្រូវការ” សម្រាប់រថយន្ត Pick up ute ខ្នាតតូចជាងមុន ដើម្បីធ្វើការប្រកួតប្រជែងជាមួយរថយន្ត Ford Maverick ដ៏ពេញនិយមដែលលក់នៅសហរដ្ឋអាមេរិក ដោយប្រើប្រាស់វេទិកានៃរថយន្តប្រភេទ SUV គ្រួសារ RAV4 ចុងក្រោយបង្អស់។ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុននេះ ត្រូវបានគេភ្ជាប់ទំនាក់ទំនងជាយូរមកហើយជាមួយនឹងរថយន្តភីកអាប់ខ្នាតតូចដែលប្រើវេទិកា “monocoque” ដែលមានប្រភពមកពីរថយន្ត ដែលមានគោលដៅសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដែលជាទឹកដីដែលរថយន្ត Maverick និង Hyundai Santa Cruz បានបង្កើនអ្នកគាំទ្រខ្លាំង។
លោក Tetsuo Ogawa ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Toyota North America បានមានប្រសាសន៍ថា ឥឡូវនេះ ក្រុមហ៊ុនបានផ្តល់តម្រុយល្អបំផុតសម្រាប់ម៉ូដែលឡានភីកអាប់ខ្នាតតូចដែលកំពុងស្ថិតក្នុងការអភិវឌ្ឍ។ រថយន្តប្រភេទភីកអាប់ដែលមានមូលដ្ឋានលើម៉ូដែល RAV4 គឺជាឱកាសមួយសម្រាប់យើង ហើយអ្នកចែកចាយបាននឹងកំពុងរង់ចាំវត្តមានរបស់វា។ Toyota RAV4 Pick up ត្រូវបានគេរាយការណ៍ថា អាចនឹងធ្វើការផលិតឡើងដោយមានការរួមច្របាច់បញ្ចូលគ្នានូវវេទិការថយន្តប្រភេទ GA-C និង GA-K Platform ដូចនេះ មានន័យថា RAV4 Pick ដំបូងទំនងជានឹងមានទំហំពេញលេញជាឡាន Pick up ជាជាងមានទំហំតូច។
វេទិការគ្រោងឆ្អឹងរថយន្ត ឬ GA-K Chassis Platform របស់ Toyota ត្រូវបានប្រើប្រាស់សម្រាប់ការផលិតរថយន្តទាំងប្រភេទ mid-size និង Large-size ដូចជាម៉ូដែល RAV4 SUV, Camry sedan និង Klunger SUV ក៏ដូចជាម៉ូដែលសម្រាប់ទីផ្សារសកលផ្សេងទៀតមាន Toyota Grand Highlander និង Century SUV, ហើយនិង Lexus ES, NX, និង RX ជាដើម។ ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតពី Toyota RAV4 Pick up មិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ ប៉ុន្តែ បើតាមប្រភពព័ត៌មានបានបង្ហើបថា Toyota ទំនងជានឹងប្រើប្រាស់នូវម៉ាស៊ីនសាំង 2.4-litre turbo petrol engine ដែលបានប្រើនៅលើម៉ូដែល Toyota Kluger ដែលកំពុងមានវត្តមានលក់នៅទីផ្សារអូស្ត្រាលីបច្ចុប្បន្ន ដែលម៉ាស៊ីននេះមានភ្ជាប់មកជាមួយបច្ចេកវិទ្យា Hybrid ដែលមានសមត្ថភាពផលិតកម្លាំងបាន 270kW។
បច្ចុប្បន្ន Toyota បាននឹងកំពុងធ្វើការកែប្រែបន្ថែមនៅលើម៉ាស៊ីនប្រភេទ turbo-petrol engines ជំនាន់ថ្មីរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ស៊ីសាំងកាន់តែតិច និងការបំភាយឧស្ម័ន CO2 កាន់តែទាបបំផុត។ ទោះជាយ៉ាងណាសម្រាប់ឡាន Pick up ute ថ្មីនៃម៉ាក Toyota RAV4 មិនទាន់ត្រូវបានក្រុមហ៊ុនបង្ហាញកាលបរិច្ឆេទក្នុងការប្រកាសចេញលក់នៅឡើយទេ ប៉ុន្តែ បើតាមការព្យាករណ៍ឡាន Pick up ថ្មីនេះ ទំនងជានឹងមានវត្តមាននៅរយះពេលពីរទៅបីឆ្នាំខាងមុខទៀតឯណោះ៕



