យោងតាមព័ត៌មានថ្មីនៅពេលនេះ បានបង្ហើបថា Google នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Pixel 11 Series នៅថ្ងៃទី 12 ខែសីហាខាងមុខនេះហើយ។ ស្របពេលជាមួយនិងព័ត៌មាននេះ កន្លងមកក៏ធ្លាប់មានការបញ្ចេញនូវរូបភាពគំនូសព្រាងខ្នងក្រោយ Pixel 11 ផ្អែកលើ CAD-Based Renders រួចហើយផងដែរ។ នៅថ្ងៃនេះ មានការទម្លាយជាថ្មីទៅលើស្មាតហ្វូននេះថែមទៀតហើយ ដោយម្តងនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានជម្រើស 3 ពណ៌។


តាមរយៈរូបភាពខាងលើនេះ គឺត្រូវបានគេឃើញនៅលើ Amazon ដែលជាផ្នែកមួយនៃបញ្ជីដាក់លក់ស្មាតហ្វូននេះនៅពេលខាងមុខ។ នៅលើបញ្ជីថែមទាំងមានការបញ្ជាក់ពីការដាក់លក់នៅលើ Amazon ហើយនឹងនៅលើមាតិកាអនឡាញរបស់ Google Store ផងដែរ។ ប៉ុន្តែទាក់ទងជាមួយនិងឈ្មោះពណ៌និមួយៗនៅមិនទាន់មានការបញ្ជាក់ច្បាស់នោះទេ។ បើមើលទៅលើពណ៌លើបញ្ជីនេះ គឺមានការបញ្ជាក់ថា នេះគឺជាពណ៌ Obsidian, Hibiscus Pistachio។ ប៉ុន្តែប្រៀបធៀបជាមួយនិងការចេញមុននេះ គឺមានការទម្លាយថា នេះគឺជាពណ័ Midnight, Fuchsia និង Moss ហើយពណ៌ទាំងនេះ ក៏ដូចគ្នាទៅនឹងការទម្លាយមុនៗដែរ។

នៅលើបញ្ជីនេះ ក៏មានការបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះដែរ។ ស្មាតហ្វូន Pixel 11 នឹងមានអេក្រង់ 6.3 អ៊ីង បង្ហាញចេញបានក្នុងទំហំ 1080x2424 រ៉េមទំហំ 12GB អង្គចងចាំទំហំ 256GB ហើយនឹងមានទម្ងន់ 204g រួមនិងថាមពល 4,985mAh។ ទៅលើតម្លៃវិញ Pixel 11 អាចនឹងដាក់លក់តម្លៃចាប់ពី $899។
និយាយពីសមត្ថភាពវិញ នៅលើ Pixel 11 គឺមិនខុសពីម៉ូដែលមុនៗទេ គឺមានការបំពាក់នូវបន្ទះឈីប Tensor G6 ដែលជាម៉ូដែលដំបូងគេ ដែលទ្រទ្រង់ដោយបច្ចេកវិទ្យាកម្រិត TSMC 2nm process ទៀតផង។
