Apple អាចនឹងងាកមកសហការជាមួយក្រុមហ៊ុន Intel និង Samsung សម្រាប់ការផលិតបន្ទះឈីបថ្មី

យោងតាមរបាយការណ៍ជាច្រើននាពេលនេះ បានបញ្ជាក់ថា ការផលិតបន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Apple អាចនឹងមានការផ្លាស់ប្តួរ ដោយក្រុមហ៊ុនអាមេរិកាំងមួយនេះ អាចនឹងងាកចេញពីក្រុមហ៊ុន TSMC មួយរយៈ ដោយសារតែបញ្ហានៃការរំខានទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ និងដោយសារកង្វះបន្ទះឈីបនៅក្នុងមជ្ឈមណ្ឌល AI Data Center អស់រយៈពេលជាច្រើនខែមកហើយ។ នៅពេលនេះ ក្រុមហ៊ុន Apple ប្រហែលជាមិនអាចពឹងផ្អែកតែនៅលើក្រុមហ៊ុន TSMC បានទៀតទេសម្រាប់ការដោះស្រាយបញ្ហានាពេលខាងមុខ។ ដូច្នេះហើយ Apple អាចនឹងងាកមកបន្តកិច្ចចរចារឡើងវិញជាមួយនឹងក្រុមហ៊ុន Intel និង Samsung។
សូមជំរាបថា ក្រុមហ៊ុន Apple និងក្រុមហ៊ុន Intel ធ្លាប់ជាដៃគូរយៈពេលវែង ដោយដៃគូរទាំងពីរនេះ ក៏បានសម្រេចចិត្តក្នុងការផ្លាស់ប្តូរអ្នកឌីស្សាញ និងក្រុមហ៊ុនផលិតទៀតផង។ ហើយបើមើលទៅលើក្រុមហ៊ុន TSMC វិញ គឺមានការទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Apple តាំងពីឆ្នាំ 2014 មកម្លេះ ហើយក្រុមហ៊ុននេះ ក៏ជាអ្នកផលិតបន្ទះឈីប Apple A8 ផងដែរ។ ក្រុមហ៊ុន TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបតែមួយគត់ បានដែលធ្វើការជាមួយនឹងក្រុមហ៊ុន Apple។ នៅពេលនេះមានការបង្ហើបជាថ្មីថា ក្រុមហ៊ុន Apple អាចនឹងសហការឡើងវិញជាមួយនឹងក្រុមហ៊ុនក្រុមហ៊ុន Intel។
ទាក់ទងនឹងរឿងនេះ មានដំណឹងថា ថ្មីៗនេះ នាយកប្រតិបត្តិជាច្រើនរូបរបស់ក្រុមហ៊ុន Apple ក៏បានទៅកាន់រោងចក្ររបស់ក្រុមហ៊ុន Samsung នៅរដ្ឋតិចសាស់ផងដែរ ដួច្នេះមានការរំពឹងថា ការផលិតបន្ទះឈីបកម្រិតខ្ពស់ក៏ចាប់ផ្តើមហើយដែរ។ ក្រុមហ៊ុន Apple មានគោលដៅនៅក្នុងការស្វែងរកនូវក្រុមហ៊ុនផលិតបន្ទះឈីបណា ដែលមានសមត្ថភាពក្នុងការផលិតបន្ទះឈីបបានទ្រង់ទ្រាយធំ និងអាចបំពេញនូវតម្រូវការនៃការបញ្ជាទិញរបស់ខ្លួន។

រហូតមកទល់ពេលនេះ ក្រុមហ៊ុន TSMC នៅតែមានចំនួននៃការកម្ម៉ង់ទិញច្រើន ហើយក្រុមហ៊ុន Samsung និង Intel ក៏អាចនឹងបន្តចូលខ្លួនមកគ្រប់គ្រងចំណែកទីផ្សារបន្ទះឈីបមួយចំនួនផងដែរ ពីក្រុមហ៊ុន Apple នាពេលខាងមុខនោះ៕
